Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដើរលួចម៉ូតូឆ្លងខេត្ត ជាប់ខ្នោះនៅភ្នំពេញ

ដើរលួចម៉ូតូឆ្លងខេត្ត ជាប់ខ្នោះនៅភ្នំពេញ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ រស់នៅក្នុងខេត្តកំពង់ធំ ហើយកន្លងមកតែងតែជិះរថយន្តឈ្នួល ពីផ្ទះមកធ្វើសកម្ម ភាពលួចម៉ូតូ នៅភ្នំពេញ បានសម្រេចជាច្រើនលើករួចមកហើយ ចុងក្រោយ អស់លក្ខណ៍ ត្រូវសមត្ថកិច្ចក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចម៉ូតូចុងក្រោយនេះ បានកើតឡើង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យ មានឈ្មោះផុន វ៉ាន់ឌី ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅក្នុងខេត្តកំពង់ធំ គឺជាមុខសញ្ញាចាស់ដែលកន្លងមកធ្លាប់ធ្វើសកម្មភាពលួចម៉ូតូបានសម្រេច ៤-៥ដងមកហើយ លើកចុងក្រោយ ត្រូវជាប់អន្ទាក់ បន្ទាប់ពីប៉ុនប៉ងលួចម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម ស១២៥ ស៊េរីឆ្នាំ២០១៨ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GX-7443 ជាកម្មសិទ្ធិរបស់ឈ្មោះស្តើង រឿង ភេទប្រុស អាយុ៧៥ឆ្នាំ មានលំនៅ ផ្ទះកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះរឿង សុខចាន់ អាយុ៤២ឆ្នាំ មុខរបរលក់ចាប់ហួយនៅផ្ទះ ជាប់កន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា គាត់គឺជាកូនស្រីរបស់ម្ចាស់ម៉ូតូខាងលើ ហើយមុនពេលកើតហេតុឪពុកគាត់បានទុកម៉ូតូនៅក្នុងផ្ទះ រួចបានដាក់ប៉ៅអ៊ីដេកក្បែនោះដែរ។ ក្រោយមក ស្រាប់តែឃើញជនសង្ស័យខាងលើ ទៅរកទិញនំ និងមី នៅផ្ទះគាត់ ហើយទិញហើយទិញទៀត ចំនួន៤ដង ម៉្យាងទៀត រាល់ពេលទៅទិញនំ និងមីម្តងៗ ចេះតែក្រឡេកមើលឆ្វេងស្តាំ សព្វទីកន្លែងនិងមើលម៉ូតូឪពុកគាត់ជាញឹកញាប់ថែមទៀត។

ស្ត្រីខាងលើ បន្តថា ដោយសារតែគាត់មានការសង្ស័យ ទើបមិនហ៊ានដើរទៅណាទេ ចាំមើលក្រែងជននោះគឺជាចោរ ព្រោះកាលពីពេលថ្មីៗកន្លងមកនេះ គាត់ធ្លាប់បាត់ម៉ូតូ អស់២គ្រឿងរួចមកហើយ រកមុខចោរមិនទាន់ឃើញនៅឡើយ។ លុះក្រោយមក ស្រាប់តែជនសង្ស័យខាងលើ បានលបចូលទៅក្នុងផ្ទះឪពុកគាត់ រួចចាប់កាន់ដៃចង្កូត និងក្បាលម៉ូតូ ប្រុងកាច់កម៉ូតូ ប៉ុន្តែគាត់ទៅទាន់ ជនសង្ស័យបានរត់ចេញ ហើយឪពុកគាត់ បានហៅកម្លាំងប្រជាការពារដេញតាមឃាត់បានភ្លាមៗតែម្តង។

ក្រោយពេលចាប់ខ្លួន ប្រជាពលរដ្ឋបានសាកសួរជនសង្ស័យខាងលើ ហើយជននេះបាននិយាយថា ខ្លួនបានជិះរថយន្តឈ្នួល មកពីខេត្តកំពង់ធំ ដើម្បីធ្វើសកម្មភាពលួចម៉ូតូនៅភ្នំពេញ ហើយមានបំណងថា ពេលលួចបាន ខ្លួននិងជិះយកទៅកាន់ខេត្តកំពង់ធំវិញ តែខណៈដែលចូលទៅធ្វើសកម្មភាពលួចនៅក្នុងផ្ទះខាងលើ មិនបានសម្រេច ក៏ត្រូវប្រជាការពារភូមិ ឃាត់ខ្លួនជាប់តែម្តង។ ជនសង្ស័យ ប្រាប់ថា កន្លងមកខ្លួនធ្លាប់លួចម៉ូតូបានសម្រេច ៣-៤ដងមកហើយ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES