Wednesday, July 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃើញប៉ូលិសរត់ ជាប់ខ្នោះស្រី២នាក់

ឃើញប៉ូលិសរត់ ជាប់ខ្នោះស្រី២នាក់

ខេត្តមណ្ឌលគិរី ៖ ស្ត្រី២នាក់ កំពុងស្នាក់នៅក្នុងរោងចាំចម្ការស្វាយចន្ទី គ្រាន់តែឃើញសមត្ថកិច្ចចូលទៅដល់ ស្ទុះរត់ចែកជើងគ្នា ទើបត្រូវសមត្ថកិច្ចឃាត់សាកសួរ និងឆែកឆេរក្នុងរោងចម្ការនោះ ប្រទះឃើញថ្នាំញៀន ចំនួន១១កញ្ចប់ ដែលជនសង្ស័យទាំង២នាក់ ទិញយកមកទុកលក់ផង និងប្រើប្រាស់ផង។

ការឃាត់ខ្លួនស្ត្រីសង្ស័យទាំង២នាក់ ធ្វើឡើងកាលពីវេលាម៉ោង ១និង១៩នាទីរសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចរោងចម្ការស្វាយចន្ទី ១កន្លែង ស្ថិតនៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា។

ស្ត្រីសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះពៅ តៅ ហៅចែប៉ោ អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិត្រពាំងស្នោ ឃុំមួងរាវ ស្រុកត្បូងឃុំ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅបណ្តោះអាសន្នភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា (មានសារធាតុញៀនក្នុងខ្លួន) និងទី២-ឈ្មោះសេង ស្រីពី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិអូរ១ សង្កាត់អូរ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សព្វថ្ងៃស្នាក់នៅបណ្តោះអាសន្ន ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា (មានសារធាតុញៀនក្នុងខ្លួន)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១និង១៩នាទីរសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នា កម្លាំងសមត្ថកិច្ចជំនាញការិយាល័យគ្រឿងញៀន បានសហការជាមួយផ្នែកប្រឆាំងគ្រឿងញៀនស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលស្រែខ្ទុម បានចេញល្បាតតាមទីតាំងដែលងាយរងគ្រោះ ក្នុងភូមិសាស្ត្រខាងលើ លុះពេលល្បាតទៅដល់ចំណុចរោងចាំចម្ការស្វាយចន្ទីខាងលើ ស្រាប់តែឃើញស្ត្រីសង្ស័យ ម្នាក់ ឈ្មោះសេង ស្រីពី បានស្ទុះរត់ទៅខាងក្រោយរោង។ ឃើញដូច្នេះកម្លាំងជំនាញក៏បានធ្វើការឃាត់ស្ត្រីខាងលើសាកសួរ ឆែកឆេររោង ក៏រកឃើញថ្នាំញៀន ចំនួន១១កញ្ចប់តូច លាក់ទុកលើដំបូលរោង និងឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀន មួយចំនួនទៀត។ បន្ទាប់មក កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនស្ត្រីខាងលើ យកទៅសាកសួរ រកមុខសញ្ញាជួញដូរ និងឈានដល់ការឆែកឆេរលំនៅឋានរបស់ស្ត្រីសង្ស័យម្នាក់ទៀត ឈ្មោះពៅ តៅ ហៅចែប៉ោ តែពុំបានរកឃើញសម្ភារៈ ឬវត្ថុតាងពាក់ព័ន្ធបទល្មើសឡើយ។

ប្រភពដដែល បញ្ជាក់ថា ដោយមានបទបញ្ជានិងការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅវេលាម៉ោង ៦និង៣២នាទីព្រលប់ថ្ងៃដដែលនោះ ដោយមានការចូលរួមសហការពីកម្លាំងជំនាញនៃការិយាល័យប្រឆាំង គ្រឿងញៀន កម្លាំងអន្តរាគមន៍ខេត្ត ព្រមទាំងលោកប៊ុត សំអេល មេឃុំស្រែខ្ទុម លោកអ៊ា ផាន់នី មេភូមិឡាប៉ាខេ  និងមានការសម្របសម្រួលពីលោកអ៊ាង សុគន្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី និងដោយមានការសារភាពនិងការចង្អុលបង្ហាញ របស់ជនសង្ស័យ កម្លាំងសមត្ថកិច្ចជំនាញបានបន្តនីតិវិធីពន្លាតដែនដីទៅដល់ទីតាំងទី២ទៀត ប៉ុន្តែដោយការចង្អុលបង្ហាញនោះពុំមានភាពប្រាកដប្រជា ធ្វើឱ្យការបង្ក្រាបនៅពេលនោះមិនទទួលបានជោគជ័យឡើយ។

ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើកាឃាត់ខ្លួនស្ត្រីសង្ស័យ ចំនួន២នាក់ (១-ឈ្មោះពៅ តៅ ហៅចែប៉ោ ២-ឈ្មោះសេង ស្រីពី) ព្រមទាំងចាប់យកសម្ភារៈវត្ថុតាង រួមមាន ១-ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន ១១កញ្ចប់តូច។ ២- ឧបករណ៍កែច្នៃសម្រាប់សេពគ្រឿងញៀន មួយចំនួន។ ៣-ម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ទឹកប៊ិក ចំនួន១គ្រឿង។ ៤-ទូរស័ព្ទដៃ ចំនួន២គ្រឿង (ម៉ាក Vivo ពណ៌ខៀវ ១គ្រឿង និងម៉ាក Oppo ពណ៌ខ្មៅ ១គ្រឿង)។

ស្ត្រីសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES