Wednesday, July 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយកដុំថ្មគប់ឡាន ហក់ធាក់អ្នកជិះម៉ូតូ  ជាប់ខ្នោះ

យកដុំថ្មគប់ឡាន ហក់ធាក់អ្នកជិះម៉ូតូ  ជាប់ខ្នោះ

ខេត្តកំពង់ស្ពឺ ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីយកដុំថ្មគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ និងលោតធាក់ម៉ូតូអ្នកដំណើរ បណ្តាលឱ្យគ្រោះថ្នាក់។

តាមប្រភពមន្ត្រីនគរបាលក្រុងច្បារមន បានឱ្យដឹងថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ស្ថិតក្នុង ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះអោម សុភ័ក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន មុខរបរបើករថយន្តរោងចក្រ បានរៀបរាប់ថា មុនពេលកើតហេតុ ខ្លួនបើករថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-5226 ចេញពីរោងចក្រ ទៅទទួលភ្ញៀវនៅភ្នំពេញ។ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់ បានយកដុំថ្មមកគប់កញ្ចក់រថយន្តរបស់ខ្លួន បណ្តាលឱ្យបែកកញ្ចក់ និងក្រពឹតទ្វារខាងឆ្វេង ភ្លាមនោះខ្លួនក៏បានឈប់រថយន្ត រួចរាយការណ៍មកសមត្ថកិច្ចឱ្យជួយ អន្តរាគមន៍តែម្តង។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញនៃអធិការដ្ឋានក្រុងច្បារមន សហការជាមួយកម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យឈ្មោះសួង ចាន់ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានវត្ថុតាង ដុំថ្មជ្រុងមួយដុំ។

ក្រោយសមត្ថកិច្ចឃាត់និងសាកសួរ ទើបដឹងថា ជនសង្ស័យខាងលើនេះ មិនត្រឹមតែធ្វើសកម្មភាពគប់កញ្ចក់រថយន្តអ្នកដំណើរប៉ុណ្ណោះទេ ថែមទាំងធ្លាប់ហក់ធាក់ម៉ូតូអ្នកដំណើរ ដែលជិះឆ្លងកាត់ផ្លូវជាតិលេខ៤ បណ្តាលឱ្យដួលរងរបួសទៀតផង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES