ខេត្តកំពង់ស្ពឺ ៖ ស្ត្រីសង្ស័យ ចំនួន២នាក់ ដែលជាមុខសញ្ញាចាស់ សកម្មខាងជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ស្រាវជ្រាវឃាត់ខ្លួន ដោយដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន៤ កញ្ចប់។
ការឃាត់ខ្លួនស្ត្រីសង្ស័យទាំង២នាក់ បានធ្វើឡើង កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិទួលត្បែង ឃុំព្រៃវិហារ ស្រុកគងពិសី។

ស្ត្រីសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ យឹម ណាង ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទួលត្បែង ឃុំព្រៃវិហា ស្រុកគងពិសី និងទី២-ឈ្មោះហ៊ូក ចន្ថន ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រៃកែស ឃុំព្រៃវិហា ស្រុកគងពិសី (ជាមេខ្លោងមុខសញ្ញាចាស់)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញនៃអធិ ការដ្ឋាននគរបាលស្រុកគងពិសី បានចុះល្បាតមកដល់ចំណុចភូមិទួលត្បែង ឃុំព្រៃវិហារ ស្រុកគងពិសី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ឈ្មោះយឹម ណាង ភេទស្រី និងបន្តឃាត់ខ្លួនជន សង្ស័យម្នាក់ទៀត ឈ្មោះហ៊ួក ចន្ថន ភេទស្រី នៅចំណុចភូមិព្រៃកែស ឃុំព្រៃវិហារ។

ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានត្រួតពិនិត្យ ដកហូតវត្ថុតាង រួមមាន ម្សៅក្រាមព៌ណសថ្លា សង្ស័យជាគ្រឿងញៀន ចំនួន៤កញ្ចប់ (តូច៣ មធ្យម១) ទូរស័ព្ទ ២គ្រឿង និងម៉ូតូ ១គ្រឿង។
ស្ត្រីសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕