Wednesday, July 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះចិន១ ជួញគ្រឿងញៀន ៥៨គីឡូ កាំភ្លើង៨ដើម

វ៉ៃខ្នោះចិន១ ជួញគ្រឿងញៀន ៥៨គីឡូ កាំភ្លើង៨ដើម

ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ដកហូតកាំភ្លើងវែងខ្លី ៨ដើម និងថ្នាំញៀន ប្រមាណជិត ៦០គីឡូក្រាម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងជំនាញផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តព្រះ សីហនុ កាលពីរសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បានទទួលបណ្តឹងរាយការណ៍ពីឈ្មោះវិត សុភ័ក្ត្រ ភេទប្រុស ថារថយន្តរបស់ខ្លួន ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ផលិតឆ្នាំ២០១៣ ស្លាកលេខ ភ្នំពេញ 2BV-3114 ដែលខ្លួនបានជួលទៅឱ្យឈ្មោះតុន ទូត ភេទប្រុស តាមកិច្ចសន្យាជួលរថយន្ត ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។ ឈ្មោះតុន ទូត ភេទប្រុស បានឈប់បង់ប្រាក់ឈ្នួលជាច្រើនថ្ងៃហើយ និងបានយករថយន្តខាងលើ ចតទុកចោលនៅក្បែរកាស៊ីណូជីនប៉ី ៣ ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយឈ្មោះវិត សុភ័ក្ត្រ បានពិនិត្យមើលតាម GPS និងបានទៅយករថយន្តមកដាក់នៅយានដ្ឋានស៊ីធី ៦៨ (CT 68) លុះពេលមកដល់ ខ្លួនបានបើកគូទរថយន្តខាងលើ ឃើញមានវ៉ាលិស ក្នុងនោះមានអាវុធនិងគ្រាប់មួយចំនួន ទើបរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ផែនការងារសន្តិសុខ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកឡុច សុខលៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម ៖

ក្រុមការងារបានធ្វើការឆែកឆែរនិងត្រួតពិនិត្យជាក់ស្តែងក្នុងរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ស ផលិតឆ្នាំ២០១៣ ស្លាកលេខ ភ្នំពេញ 2BV-3114 បានរកឃើញសម្ភារៈបទល្មើសមួយចំនួន ដូចជា វ៉ាលិសពណ៌ខ្មៅ ចំនួន១ ក្នុងនោះឃើញមាន អាវុធសរុបចំនួន ៧ដើម  រួមមាន អាវុធវែង ចំនួន៣ដើម (១-ម៉ាក AKM ពណ៌ខ្មៅ មានបង់ចំនួន១។ ២-ម៉ាក EKOL 9MM P.A ពណ៌ខ្មៅ មានបង់ចំនួន១ និង៣-ម៉ាក LITTLE BADGER-ITALY ពណ៌ខ្មៅ គ្មានបង់)។ អាវុធខ្លីចំនួន៤ដើម (១-ម៉ាក GLOCK 17 GEN4-AUSTRIA ពណ៌ខ្មៅ។ ២-ម៉ាក SIGSAUER ពណ៌ខ្មៅ មានបង់ចំនួន២។ ៣-ម៉ាក ZORAKI M906-T ពណ៌ខ្មៅ មានបង់ចំនួន១ និង៤-ម៉ាក ZORAKI 4918-TD ពណ៌ខ្មៅ មានបង់ចំនួន១)។ គ្រាប់អាវុធប្រភេទអឹមសី ចំនួន១១៣គ្រាប់។ គ្រាប់ប្រភេទ AK ចំនួន១០២គ្រាប់។ គ្រាប់អាវុធប្រភេទ 380 ចំនួន ២១៩គ្រាប់។ គ្រាប់អាវុធប្រភេទ 9mm ចំនួន ១៥០គ្រាប់ និងគ្រាប់អាវុធប្រភេទបេរេតតា ចំនួន២៥គ្រាប់។ បំពង់ទប់សំឡេងអាវុធ ចំនួន៣ និងគ្រាប់បែកក្រឡាទៀប ចំនួន១។

បន្ទាប់ពីធ្វើការត្រួតពិនិត្យ ឆែកឆេររួច ក្រុមការងារបានសម្រេចអញ្ចើញម្ចាស់រថយន្តឈ្មោះវិត សុភ័ក្ត្រ ទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងសម្រេចដកហូតវត្ថុតាង រថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា ព្រូស ខាងលើ និងសម្ភារៈដែលបានរកឃើញក្នុងរថយន្ត យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

  ក្រោមការដឹកនាំចង្អុលបង្ហាញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកលុច សុខលៀង ព្រះរាជអាជ្ញាររង នៃអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ ផែនការងារសន្តិសុខ សហការជាមួយនិងកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវ និងបង្ក្រាបករណីកាន់កាប់អាវុធខុសច្បាប់ និងផលិត ជួញដូរ និងកែច្នៃដោយខុសច្បាប់នូវសារ ធាតុញៀន ១កន្លែង ប្រព្រឹត្តនៅចំណុចសណ្ឋាគារ ជូហេតាង ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ ឈ្មោះ PENG XIONGFENG ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ព្រមទាំងដកហូតវត្ថុតាង រួមមាន សារធាតុញៀន ទម្ងន់សរុប ៥៨១៤២,៣០ក្រាម (ទម្ងន់សុទ្ធ) ស្មើនឹង៥៨គីឡូ ១៤២,៣០ក្រាម ក្នុងនោះ មានសារធាតុញៀន ប្រភេទមេតំហ្វតាមីន សារធាតុញៀន ប្រភេទមេតំហ្វេតាមីន សារធាតុញៀន ប្រភេទកេតាមីន (K) និងសារធាតុញៀនប្រភេទអ៊ិចស្តាស៊ី ឧបករណ៍ផលិតកែច្នៃ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំ នួនធំ និងកាំភ្លើងខ្លីចំនួន ១ដើម ម៉ាក BERETTA-MCO 950 B-CAL635 ផលិតនៅប្រទេសប្រេស៊ីល មានគ្រាប់កាំភ្លើង ចំនួន ៥០គ្រាប់។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់តាមនីតិវិធី៕

RELATED ARTICLES