Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីបន្លំខ្លួនជាកូនចៅស្នងការ បោកលុយរាប់ម៉ឺនដុល្លារ ជាប់ខ្នោះ

ស្រីបន្លំខ្លួនជាកូនចៅស្នងការ បោកលុយរាប់ម៉ឺនដុល្លារ ជាប់ខ្នោះ

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានបែកគំនិតក្លែងបន្លំជាមន្ត្រីនគរបាល ដើរអួតអាងប្រាប់គេឯងថាត្រូវជាកូនចៅជំនិតរបស់លោកស្នងការ ជួន ណារិន្ទ រួចបានធ្វើសកម្មភាពឆបោកប្រាក់គេអស់ខ្ទង់ម៉ឺនដុល្លារ ទីបំផុតត្រូវបានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យបើកការស្រាវជ្រាវជាបន្ទាន់ ទើបនារីជើងល្អរូបនោះ បានចូលខ្លួនសារភាពនៅចំពោះមុខសមត្ថកិច្ច។

គួរបញ្ជាក់ថា ក្រោយពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យបើកការស្រាវជ្រាវករណីស្ត្រីម្នាក់គ្រងឯកសណ្ឋាននគរបាលជាតិ និងអំពាវនាវជនរងគ្រោះមកដាក់ពាក្យបណ្តឹងរួចមក ស្ត្រីក្លែងជាមន្ត្រីនគរបាលរូបនោះ បានចូលសារភាពហើយនៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីបោកប្រាស់និងឆបោកលុយប្រជាពលរដ្ឋ។

ស្ត្រីសង្ស័យដែលបានចូលខ្លួនសារភាព មានឈ្មោះឃុត ដាវី មានលំនៅ ផ្ទះលេខ១១បេ ផ្លូវ០១ បុរីការ៉ាវិនថោន សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអរគុណដល់ស្ត្រីទាំងពីរនាក់ ដែលបានមកដល់ស្នងការដ្ឋាននគរបាលរាជធានី ដាក់ពាក្យបណ្តឹងតាមការអញ្ជើញរបស់លោក  ហើយចំពោះស្ត្រីសង្ស័យ កម្លាំងជំនាញកំពុងធ្វើការតាមនីតិវិធី ទាក់ទិនករណីក្លែងជានគរបាល និងបន្លំជាកូនចៅរបស់លោក ព្រមទាំងករណីឆបោកប្រាក់ ខ្ទង់ម៉ឺនដុល្លារ។

សូមបញ្ជាក់ថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានធ្វើការបដិសេដទាំងស្រុងចំពោះស្ត្រីនគរបាលម្នាក់ ដែលមានពាក់ស័ក្តិថ្នាក់វរសេនីយ៍ទោ (ដូចក្នុងរូបភាព) មានឈ្មោះស៊ុន ស៊ីន ដែលរង ការចោទប្រកាន់បោកប្រាស់លុយកាក់ប្រជាពលរដ្ឋ និងបានផ្សព្វផ្សាយតាមបណ្តាញសង្គមនោះ គឺមិនមែនកូនចៅរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នោះទេ ហើយស្ត្រីនគរបាលរូបនេះ ក៏មិនបម្រើការងារក្នុងអង្គភាព ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នោះដែរ។

បន្ទាប់មក នៅរសៀលថ្ងៃដដែលនោះ សមត្ថកិច្ចបញ្ជាក់អំពីលទ្ធផលនៃការស្រាវជ្រាវ គឺស្ត្រីក្នុងរូបភាពជានគរ បាលនេះ គឺគ្រងឯកសណ្ឋានក្លែងបន្លំជានគរបាល គឺការពិតជាជនឆបោក ប្រាកដមែន ពោលគឺឈ្មោះស៊ុន ស៊ីន នៅលើផ្លាកឈ្មោះ ជាមនុស្សប្រុស បម្រើការងារនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយអត្តលេខ៨៦៣៤៣ ភេទប្រុស ជាមន្ត្រីនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕

RELATED ARTICLES