Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកកាសែត វ៉ៃទារលុយអ្នកជល់មាន់ ជាប់គុក២នាក់

អ្នកកាសែត វ៉ៃទារលុយអ្នកជល់មាន់ ជាប់គុក២នាក់

ខេត្តកណ្តាល ៖ សាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនអតីតអ្នកសារព័ត៌មាន ចំនួន២នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធករណីអំពើហិង្សាជាមួយក្រុមអ្នកជល់មាន់ ដែលបានកើតឡើងកាលពីថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២៤។

តាមប្រភពសមត្ថកិច្ចខេត្តកណ្តាល បានឱ្យដឹងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ថា  កិច្ចប្រតិបត្តិការស្រាវ ជ្រាវស៊ើបអង្កេតករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ចំណុចលើផ្លូវលំ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនរងគ្រោះ មានចំនួន២នាក់ ទី១-ឈ្មោះសួន ធារិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម និងទី២-ឈ្មោះចម្រើន ប៉ៃលិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ។ ចំណែកជនសង្ស័យ មានចំនួន៦នាក់ រួមមាន ទី១-ឈ្មោះជាវ គីមលាង អតីតគេហទំព័រគ្រុឌ០១ (ឃាត់ខ្លួន)។ ទី២-ឈ្មោះ ទុយ រិទ្ធី អតីតគេហទំព័រខេភីញ៉ូ (ឃាត់ខ្លួន)។ ទី៣-ឈ្មោះម៉ុល ដែន គេហទំព័រវិទ្យុ FM 102 (គេចខ្លួន)។ ទី៤-ឈ្មោះសាយ ចាន់ណា រហស្សនាម ១០៣ (គេចខ្លួន)។ ទី៥-ឈ្មោះឃឹម យ៉ុន គេហទំព័រស្លាបប៉ាកកា (គេចខ្លួន) និងទី៦-ឈ្មោះមួង ដារ៉ូ គេហទំព័របារមីភ្នំជីសូរ (គេចខ្លួន)។

ប្រភពដដែល បន្តថា កាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចម្ការស្វាយ ចុះពីផ្លូវបេតុង ចម្ងាយប្រហែល៧០០ម៉ែត្រ ស្ថិតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល មាន ករណីលួចបើកលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ហើយនៅក្នុងហេតុការណ៍នេះ មានការប្រើហិង្សាដាក់គ្នារវាងក្រុមអ្នកលេងជល់មាន់ មានគ្នាប្រហែល៤០នាក់ និងអ្នកសារព័ត៌មានមួយក្រុម ដែលមានគ្នាប្រហែល១០នាក់ ជិះរថយន្តចំនួន ៣គ្រឿង។

ដោយសារក្រុមអ្នកកាសែត ទារប្រាក់ក្នុងឡានមួយគ្រឿង ចំនួន៥០ម៉ឺនរៀល ប៉ុន្តែខាងអ្នកបើកលេងឱ្យ ចំនួន២០ម៉ឺនរៀល ក្នុងមួយឡាន តែឈ្មោះជាវ គីមលាង មិនព្រមយក ក៏បានស្រែកឡូឡាថា “អញចាងហ្វាងប៉ុណ្ណឹងដែរ យក២០ម៉ឺនរៀល ទៅធ្វើអី ទាល់តែមួយឡាន ៥០ម៉ឺនរៀល បានអញយក…”។ បន្ទាប់មក ក្រុមអ្នកកាសែត បានដកទូរស័ព្ទមកធ្វើការថតឡាយ ស្រែកថា “លោកស្នងការ មើលផង មានកន្លែងបើកលេងជល់មាន់នៅស្រុកល្វាឯម…” ហើយក៏ដេញវាយគ្នាតែម្តង។

បន្ទាប់ពីថតឡាយធ្វើឱ្យអ្នកលេងល្បែងជល់មាន់រត់គេច ស្រែកដេញគ្នាទៅវិញទៅមក ហើយក្រុមអ្នកកាសែត បានឡើងជិះឡានចេញទៅ ក៏បានជួបឈ្មោះយូ ពៅ កំពុងជិះម៉ូតូ បានកៀរម៉ូតូដួល ហើយឈ្លោះប្រកែក វាយទៅលើឈ្មោះពៅ តែម្តង។ បន្ទាប់មក ក្រុមអ្នកកាសែត បានជួបបុរសម្នាក់ទៀត បានចាប់ក្របួចកអាវ ហើយស្រែកថា អ្នកលេងជល់មាន់មែន? រួចយកមួកសុវត្ថិភាពវាយទៅលើបុរសនោះ តែម្តង ។

លទ្ធផលស្រាវជ្រាវស៊ើបអង្កត ផ្អែកតាមសាក្សីនិងវីដេអូសកម្មភាព ឃើញថាអ្នកសារព័ត៌មាន៥នាក់ ១-ឈ្មោះជាវ គីមលាង (រហ័ស នាមគ្រុឌ០១)។ ២-ឈ្មោះ ទុយ រិទ្ធី។ ៣-រហស្សនាម ១០៣។ ៤-ឈ្មោះឃឹម យ៉ុន និង៥-ឈ្មោះម៉ុល ដែន បានក្របួចកអាវជនរងគ្រោះ ឈ្មោះចំរើន ប៉ៃលិន ហើយបានយកមួកសុវត្ថិភាពវាយលើជនរងគ្រោះឈ្មោះ ចំរើន ប៉ៃលិន និងបានយកជើងកាមេរ៉ា វាយម៉ូតូរបស់ឈ្មោះសួន ធារិន បណ្តាលឱ្យខូចខាតម៉ូតូ ១គ្រឿង ម៉ាក Suzuki Let’s ពណ៌ស ផ្លាកលេខ បន្ទាយមានជ័យ 1R-6827។

រហូតមកដល់ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យចំនួន២នាក់ (ឈ្មោះជាវ គីមលាង អតីតគេហទំព័រគ្រុឌ០១ និងឈ្មោះទុយ រិទ្ធី អតីតគេហទំព័រខេភីញ៉ូ) ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ហើយករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ នៅបន្តស្រាវជ្រាវទៅលើករណីកំហែងយកប្រាក់ ដែលមានការទារប្រាក់ពីក្រុមអ្នកបើកល្បែងស៊ីសងខុសច្បាប់ ក៏ដូចជាអ្នកលេងល្បែងផងដែរ ដើម្បីនាំយកមកចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសេចក្តីសម្រេចលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន ចំនួន២ ក្រោយប្រព្រឹត្តកំហុសខាងសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងអនុវត្តផ្ទុយពីកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន។ អង្គភាពសារព័ត៌មានដែល ត្រូវបានលុបអាជ្ញាប័ណ្ណនោះ ទី១-គេហទំព័រ www.khmerpostnews.com  និងទី២-គេហទំព័រ www.kruth01.com៕

RELATED ARTICLES