Saturday, July 27, 2024
Homeតារាខ្មែរមាន សូនីតា ៖លេងឈុតស្នេហាជាមួយហ្សូណូ

មាន សូនីតា ៖លេងឈុតស្នេហាជាមួយហ្សូណូ

ភ្នំពេញ៖ស្រីស្រស់មាន សូនីតា លេងឈុតថើបមាត់គ្នាក្នុងអាងទឹក និងនៅសមុទ្រ​ជាមួយអតីត​ស្វាមីអ្នកនាងចាន់ សុផានី គឺលោកហ្សូណូ ក្នុងភាពយន្ដថ្មីរឿង”មេឆា “ ដែលសូនីតា ថាក្នុង​រឿងមួយនេះនាងមានការលះបង់ច្រើនណាស់ ហើយជាលើកទី១ផងដែរក្នុងអាជីពថត​កុន​ដែល​នាងលេងឈុតក្នុងទឹកជម្រៅដល់ទៅ១០ម៉ែត្រ ដែលពេលខ្លះត្រូវឈ្លក់មិនក្រោម៥០ដង ហើយ​ពេលឡើងដល់លើគោគវិញមានអារម្មណ៍ថាបានរស់ឡើងវិញ ព្រោះនៅក្នុងទឹក​នោះ​ពាក់អុក​អ៊ី​ហ្សែនជាច្រើនម៉ោង ។ប៉ុន្ដែសូនីតា ថាអ្វីដែលនាងបាក់ទឹកចិត្តនោះគឺរឿងខ្មែរខ្លះមិន​ត្រូវ​បានទស្សនិកជនគាំទ្រទេ មានតែរិះគន់ ហេតុនេះហើយពេលនាងអានខមិន​នាងចង់ធ្លាក់​ថ្លើម​​ដល់​​ដី​ក៍មានដែរ ។នាងថារឿងមួយនេះនាងគ្រោងថតចំណាយពេលតែ៤ខែទេ ប៉ុន្ដែ​ដោយ​សារ​តែ​មានឈុតភាគច្រើនក្នុងទឹកទើបក្រុមការងារចំណាយពេលដល់ទៅ៦ខែ ព្រោះ​​ប្លង់ខ្លះត្រូវថតរាប់ម៉ោងទើបត្រូវ។នាងបន្ថែមថាការថតរឿងមួយនេះនាងចំណាយការលះបង់ច្រើនណាស់ គឺដើម្បីឲ្យកុនខ្មែររីកចម្រើនក្នុងនោះមានទាំងការបាក់​សម្រ​ស់ផងដែរ ហើយ​ទទួល​ស្គាល់​ថាការថតក្នុងទឹកពិបាកបំផុតសម្រាប់រូបនាង ។

 គេចាំមើលថាមាន សូនីតា នឹងអាចមានឈ្មោះល្បីថែមទៀត ឬយ៉ាងណាក្រោយឆក់​បានតួឯករឿង”មេឆា” ព្រោះ​រឿង​នេះនាងមានទាំងពាក់កន្ទុយនាងមេឆា ដោយប្រើឡេ និង​ក្រុមការងារ៤ទៅ៥នាក់សែងនាង​ទម្លាក់​ក្នុងទឹកទៀតទើបអាចហែលខ្លួនឯងបាន ។ប៉ុន្ដែការ​ដែល​សូនីតា ថានាងលះបង់ខ្ពស់បំផុត​ក្នុង​ភាព​យន្ដមួយនេះនោះ គេកត់សម្គាល់ថាឈុត​ក្នុង​ទឹកបែបនេះកន្លងមក​ក៍មានតារាខ្មែរផ្សេង​ទៀតហ៊ានលេងនិងធ្វើបានដូចនាងដែរ។​តែអ្វីដែល​ចម្លែកសូនីតា ហាក់ស្វាក់លេងឈុត​ស្នេ​ហាជាមួយលោកហ្សូណូ ដោយម្ដងនេះកាន់តែ​ក្ដៅនិង​រោលរាលខ្លាំង ព្រោះពួកគេមាន​ឈុត​ថើប​មាត់គ្នាក្នុងអាងនិងទឹកសមុទ្រ ជាច្រើនប្លង់។

 សូមបញ្ជាក់ថាមាន សូនីតា មិនដែលសម្រុកថតភាពយន្ដជាប់ៗគ្នាទេ ពោលគឺ​នាង​ធ្លាប់​ប្រាប់ថាក្នុង១ឆ្នាំទទួលលេងតែ១រឿងប៉ុណ្ណោះ ហើយនៅសល់ពេលនាងធ្វើ​ជំនួញផ្ទាល់​ខ្លួនដែលបច្ចុប្បន្ននាងមានហាងដល់ទៅ៣ផ្សេង​គ្នាគឺហាងកាហ្វេ”ណ”សាខានៅម្ដុំផ្សារទួលទំពួង ,ហាងក្រម៉ា និងហាងកាត់ដេរ ។តារាវ័យ៣៤ឆ្នាំរូបនេះច្រើនតែលេចមុខទៅ​ដើរកម្សាន្ដ​នៅ​ក្រៅប្រទេសច្រើនជាងក្នុងស្រុក ពោលគឺដើរចាយលុយតែម្ដង ខណៈដែលថ្មីៗនេះនាង​បាន​បង្កើតមាតិការមួយឈ្មោះ”កម្ពុជា ឋានសួគ័លើដី” ចាប់ដៃជាមួយតារាចម្រៀងម៉ានិត ។អ្វីដែល​គូរឲ្យកត់សម្គាល់នោះទោះជាសូនីតា អតីតFreshie ឆ្នាំ២០០៩ រូបនេះមិនសម្រុក​ថតភាព​យន្ដ​ដូចតារាផ្សេងៗទៀតក្ដី ប៉ុន្ដែអ្នកដឹកនាំរឿងនៅតែប្រគល់តំណែង​តួឯកដល់នាង​ដដែលទើប​ធ្វើឲ្យសូនីតា ដើរលងផង រកស៊ីផង នោះនៅតែមានហាងឆេងពីអាជីពសម្ដែង។

 គេកត់សម្គាល់ថាមាន សូនីតា ស្ថិតក្នុងចំណោមតារាដែលមានទ្រព្យច្រើនម្នាក់ក្រោយ​នាង​ប្រឡូកសិល្បៈបានជាង១៥ឆ្នាំមកនេះព្រោះនាងមានផ្ទះវីឡារយ៉ាងប្រណិត រស់នៅយ៉ាង​កាលីព  ជាមួយនិងការផ្លាស់ប្ដូរម៉ូដរថយន្ដទំនើបៗជាបន្ដបន្ទាប់ផងដែរ ។ស្រីសស់សម្លេង​ស្រាល​វ័យ៣៤ឆ្នាំ រូបនេះធ្លាប់លេចឭថាមានមន្រ្ដីគយវ័យចំ​ណា​ស់​ម្នាក់​តាមស្នេហាជាច្រើន​ឆ្នាំមកហើយ ប៉ុន្ដែសូនីតា មិនដែលហ៊ានលាតត្រដាងរឿងមួយនេះ ឬបណ្ដើរគូស្នេហ៍​ជា​ចំហ​ម្ដង​ណាឡើយ ពោលគឺលាក់ជិតឈឹង ។ការជ្រើសរើសផ្លូវសាងស្នេហ៍ដោយមិនបើក​ចំហ​បែប​នេះនាំឲ្យសូនីតា នៅតែមិនស្ងាត់ដំណឹងថានាងមានស្រី្ដភេទតាមស្រលាញ់​ច្រើនជាងប្រុស​នោះ​ឡើយ បើទោះជានាងមិនដែលលេងឈុតស្រើបស្រាបជាlesbian ហើយពេលនេះហ៊ាន​បណ្ដោយ​ឲ្យហ្សូណូ អោបរឹតនិងថើប​មាត់នាងក្នុងជម្រៅទឹកសមុទ្រដល់ទៅ១០ម៉ែត្រក្ដី ។​សូនីតា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមានម្ចាស់​ចិត្តហើយ តែមិនទាន់ដល់តំ​ណាក់​កាលគិតគួររឿងរៀបការទេ ព្រោះនៅមើលចិត្តថ្លើមគ្នាសិន តែនាងមិនប្រាប់ថាបណ្ដូលចិត្ត​នាង​​នោះ​ជា​អ្នកណា ហើយជាប្រុស ឬស្រីឡើយ  គ្រាន់តែបង្ហើបថានាងឃើញគេរៀប​ការ ចិត្តចង់​តែរៀប​ការដែរ ៕

RELATED ARTICLES