Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជាងទឹកភ្លើង លក់ថ្នាំញៀន ជាប់ខ្នោះ២

ជាងទឹកភ្លើង លក់ថ្នាំញៀន ជាប់ខ្នោះ២

ខេត្តបន្ទាយមានជ័យ ៖ បុរសជាជាងទឹកភ្លើងម្នាក់ បានបែកគំនិតនាំបក្ខពួកម្នាក់ទៀត ទិញថ្នាំញៀន យកមកលក់បន្ត ដើម្បីបានប្រាក់ចំណេញ ទីបំផុតត្រូវកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវដឹង ឈានដល់ការចាប់ ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកទៅចាត់ការតាម ច្បាប់។

ប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្លឹបកម្សាន្ត EDM ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះថន លីមហុង ហៅស្នា ភេទប្រុស អាយុ៣២ឆ្នាំ មុខ របរជាងទឹកភ្លើង មានលំនៅ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងទី២-ឈ្មោះលី ឧត្តម ហៅដំ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរគ្មាន មានលំនៅ ភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្លឹបកម្សាន្ត EDM ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ (១-ឈ្មោះថន លីមហុង ហៅស្នា ២-ឈ្មោះលី ឧត្តម ហៅដំ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាង រួមមាន គ្រឿង ញៀន ប្រភេទម្សៅក្រាមពណ៌សថ្លា (កេតាមីន) ចំនួន៤ថង់កិប ទម្ងន់ ២១,២២ក្រាម។ ថ្នាំគ្រាប់ពណ៌ត្រួយចេក ចំនួន២០គ្រាប់ (ពណ៌ស្វាយ ១គ្រាប់)។ (អ៊ិចស្តាស៊ី) ទម្ងន់ ៨,១០ក្រាម។ កញ្ចប់ម្សៅពណ៌ស្វាយ រូបផ្លែទំពាំងបាយជូរ (អ៊ិចស្តាស៊ី) ចំនួន៥កញ្ចប់ ទម្ងន់ ៦៦,១៣ក្រាម។ កញ្ចប់ម្សៅពណ៌ក្រហម រូបសេះ (អ៊ិចស្តាស៊ី) ចំនួន៣កញ្ចប់ ទម្ងន់ ១៩,៩៩ក្រាម។ ម៉ូតូ ១គ្រឿង ម៉ាកហុង ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ បាត់ដំបង 1C-9033 និងទូរស័ព្ទ ចំនួន២គ្រឿង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា មុនឈានដល់ការបង្ក្រាប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខក្លឹបកម្សាន្ត EDM។ ភ្លាមៗនោះកម្លាំងបានចុះទៅចំណុចកើតហេតុ បានប្រទះនឹងជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ ចំនួន១គ្រឿង ដោយមានការសង្ស័យ កម្លាំងជំនាញបានឃាត់ សាកសួរ និងធ្វើការត្រួតពិនិត្យជនសង្ស័យទាំង២នាក់ រកឃើញគ្រឿងញៀន នៅជាប់ខ្លួនជនសង្ស័យឈ្មោះ ថន លីមហុង ហៅស្នា ចំណែកឈ្មោះលី ឧត្តម ហៅ ដំ (វត្ថុតាងគ្មាន)។ បន្ទាប់មកកម្លាំងឃាត់ខ្លួន និងដកហូតវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសាកសួររួច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគឿងញៀន មកទុកលក់ប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេ បញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃងយ្យការអមសាលាដំបូងខេត្តផងដែរ។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមតាមនីតិវិធី៕

RELATED ARTICLES