Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដឹកសង្សារដើរលេង ក្មេងស្ទាវដេ...ញកា...ប់ ជាប់ខ្នោះ៣

ដឹកសង្សារដើរលេង ក្មេងស្ទាវដេ…ញកា…ប់ ជាប់ខ្នោះ៣

ខេត្តកណ្តាល ៖ គូសង្សារមួយគូ កំពុងជិះម៉ូតូដឹកគ្នាតាមផ្លូវសុខៗ ស្រាប់តែលេចមុខក្មេងទំនើង ១ក្រុម មានគ្នា៤នាក់ ប្រដាប់ដោយ ដាវនិងកណ្តៀវ បានធ្វើសកម្មភាពដេញកាប់ទាំងកំរោល ធ្វើឱ្យជនរងគ្រោះភ័យ ក៏ផ្តួលម៉ូតូចោល នាំគ្នារត់គេចខ្លួន ទើបក្រុមជនសង្ស័យបានព្រួតកាប់ម៉ូតូ បណ្តាលឱ្យខូចខាតយ៉ាងដំណំ លុះសមត្ថកិច្ចចុះអន្តរាគមន៍ ក៏ចាប់ឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល។

ជនរងគ្រោះជាគូសង្សារទាំង២នាក់ ដែលត្រូវក្រុមក្មេងទំនើងដេញកាប់ ទី១-ឈ្មោះឆេង ម៉ាណែត ភេទស្រី អា យុ១៩ឆ្នាំ មុខរបររត់តុ មានលំនៅសព្វថ្ងៃ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល និងទី២-ឈ្មោះភួង ប៊ុនរ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរអ្នកដឹកអីវ៉ាន់ មានលំនៅសព្វថ្ងៃ ភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល។

ចំណែកជនសង្ស័យ មានចំនួន៤នាក់ រួមមាន ទី១-ឈ្មោះធឺន ដារ៉ា ហៅអាពស់វែក ភេទប្រុស អាយុ១៧ឆ្នាំ មុខ របរមិនពិតប្រាកដ មានលំនៅសព្វថ្ងៃ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល (ឃាត់ខ្លួន)។ ទី២-ឈ្មោះជ្រឹង ភក្តី ហៅក្រុក ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅសព្វថ្ងៃ ភូមិបឹងជន្លេន ឃុំឫស្សី ជ្រោយ ស្រុកមុខកំពូល (ឃាត់ខ្លួន)។ ទី៣-ឈ្មោះលី លាងសេង ហៅង៉ោ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅសព្វថ្ងៃ សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន) និងទី៤-មិនទាន់ស្គាល់អត្តសញ្ញាណ (កំពុងរត់គេចខ្លួន)។

រីឯសម្ភារៈខូតខាត រួមមាន ១-ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌សលាយលឿង ខូចខាតបែកចង្កៀងផ្នែកខាងមុខ បែកកុងទ័រ និងដាច់កាត់តាប៊ូខាងក្រោយ។ ដោយឡែកវត្ថុតាងចាប់យក រួមមាន ម៉ូតូ ២គ្រឿង កណ្តៀវ១ និងដាវ ១ដើម។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបាននគរបាលជំនាញ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្តាល  ដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមច្បាប់។ រីឯជនសង្ស័យម្នាក់ទៀត រត់គេចខ្លួន សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ៕

RELATED ARTICLES