Saturday, July 27, 2024
Homeព័ត៌មានជាតិផែនការយុទ្ធសាស្ត្រ ក្រុមសម រង្ស៊ី ត្រៀមអនុវត្តក្រោយបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត

ផែនការយុទ្ធសាស្ត្រ ក្រុមសម រង្ស៊ី ត្រៀមអនុវត្តក្រោយបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត

ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) នៅក្រៅប្រទេស ខាងក្រុមសម រង្ស៊ី បានប្រកាសត្រៀមអនុវត្តផែនការយុទ្ធសាស្រ្តក្រោយបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត នៅពេលដ៏ខ្លីខាងមុខនេះ ។

លោកអេង ឆៃអ៊ាង អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា នៅពេលដែលលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង អញ្ជើញទៅសហរដ្ឋអាមេរិក កាលពីចុងខែមុននេះ លោកបានជួបពិភាក្សាជាមួយសហការីជំនិតដែលជាអតីតថ្នាក់ដឹកនាំបក្សប្រឆាំង អំពីការងារជាយុទ្ធសាស្ត្រមួយចំនួន ដែលត្រូវអនុវត្តក្រោយការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

            “នគរធំ” មិនអាចទាក់ទងលោកអេង ឆៃអ៊ាង ដើម្បីសុំការបញ្ជាក់បន្ថែមលើការលើកឡើងខាងលើនេះ ថាជាផែនការយុទ្ធសាស្រ្តអ្វីនោះទេ ខណៈដែលមនុស្សជំនិតរបស់លោកសម រង្ស៊ី ចំនួន២រូបទៀត គឺលោកម៉ែន សុថាវរិន្ទ្រ អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ដែលកំពុងរស់និរទេសនៅប្រទេសបារាំង និងលោកសោ ចាន់ដេត អតីតថ្នាក់ដឹកនាំនៃអតីគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់និរទេសនៅប្រទេសកាណាដា ក៏មិនអាចទាក់ទងបានដូចគ្នា កាលពីម្សិលមិញ ។

ទោះបីយ៉ាងណា លោកលិម គិមយ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ នៃអតីតគណបក្សសង្គ្រោះជាតិ ខាងក្រុមលោកកឹម សុខា អតីតមេបក្សប្រឆាំង ដែលកំពុងរស់នៅប្រទេសបារាំង បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០៣៤ ថា ផែនការលោកសម រង្ស៊ី និងក្រុមរបស់គាត់ មិនមែនធ្វើដើម្បីផលប្រយោជន៍អ្នកស្នេហាជាតិនោះទេ ផ្ទុយទៅវិញ ផែនការយុទ្ធសាស្រ្តនេះ អាចជាការដាក់បន្ទុកដល់លោកកឹម សុខា ដែលកំពុងតស៊ូក្តីនៅសាលាឧទ្ធរណ៍ថែមទៀត ក្នុងសំណុំរឿងក្បត់ជាតិ «សន្ទិដ្ឋភាពជាមួយបរទេស» ។

លោកលិម គិមយ៉ា បានមានប្រសាសន៍ថា “ខ្ញុំយល់ថា យុទ្ធសាស្រ្តហ្នឹងមានច្រើនយ៉ាង ឬមួយយុទ្ធសាស្រ្តពួកអស់នេះ ប្រកាសឲ្យចូលជាមួយនឹងគណបក្សប្រជាជន ឬមួយធ្វើយុទ្ធសាស្រ្តយ៉ាងម៉េច ដើម្បីឲ្យពួកកាន់អំណាច មានការរឹតត្បិតសេរីភាពទៅលើប្រជាពលរដ្ឋ រឹតត្បិតទៅនឹងសកម្មជនអ្នកជាតិនិយម ។ ហេតុដូច្នេះខ្ញុំគ្មានអ្វីសង្ឃឹមជាវិជ្ជមានចំពោះអ្នកសេ្នហាជាតិនោះទេ ។ ហេតុដូច្នេះខ្ញុំមិនជឿថា ពួកក្រុមអេង ឆៃអ៊ាង និងសម រង្ស៊ី ធ្វើអ្វីដើម្បីផលប្រយោជន៍អ្នកស្នេហាជាតិនោះទេ ។ យ៉ាងដូច្នេះមែន គឺថាផែនការពួកអស់នេះ គ្មានអ្វីជាវិជ្ជមានដល់ជាតិនោះទេ ពីព្រោះយើងឃើញជាច្រើនឆ្នាំមកហើយ តាំងពីក្រោយរំលាយគណបក្សសង្រ្គោះជាតិ ក្រុមលោកសម រង្ស៊ី ក្រុមលោកអេង ឆៃអ៊ាង នេះ គឺតែងតែធ្វើដើម្បីបំផ្លាញកម្លាំងអ្នកស្នេហាជាតិតែប៉ុណ្ណោះ ។ ចំណុចអស់នេះ ខ្ញុំមានការព្រួយបារម្ភជាខ្លាំង ចំពោះអ្នកស្នេហាជាតិដែលនៅសេសសល់ កម្លាំងនយោបាយអ្នកស្នេហាជាតិដែលនៅសេសសល់ទាំងឡាយ ដែលឲ្យលេសទៅអ្នកកាន់អំណាចបំផ្លាញតទៅទៀត ។ ជាពិសេសនៅពេលដែលសាលាឧទ្ធរណ៍ កំពុងសម្រេចកាត់ទោសលោកកឹម សុខា ដែលក្រោយពីការចោទដោយប្រឌិតរបស់លោកហ៊ុន សែន ពីក្បត់ជាតិនេះ ខ្ញុំមានការបារម្ភ ដោយឲ្យលេសទៅសាលាឧទ្ធរណ៍ នឹងដាក់បន្ទុកកាន់តែខ្លាំងទៅលើលោកកឹម សុខា តទៅទៀត ដោយមានការសង្ស័យ និងចោទថាមានទំនាក់ទំនងដោយសម្ងាត់ជាមួយលោកសម រង្ស៊ី ហើយបើសិនជាពួកលោកសម រង្ស៊ី នៅបរទេស ប្រកាសថា នឹងអនុវត្តផែនការអីផ្សេងៗ សាលាឧទ្ធរណ៍ អាចយកលេសនេះ នឹងដាក់បន្ទុកកាន់តែខ្លាំងទៅលើលោកកឹម សុខា ដែលក្នុងបំណងលោកសម រង្ស៊ី មានតែបំណងមួយ គឺចង់បំផ្លាញលោកកឹម សុខា ថែមទៅទៀត“ ។

លោកលិម គិមយ៉ា បានមានប្រសាសន៍បន្តថា “និយាយទៅ ការប្រកាសអនុវត្តផែនការយុទ្ធសាស្រ្តក្រោយការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ របស់ក្រុមសម រង្ស៊ី ក្រុមអេង ឆៃអ៊ាង តាមខ្ញុំយល់ អាចនឹងមានប៉ះពាល់ដល់សុវត្ថិភាពលោកកឹម សុខា អាចនឹងមានទម្ងន់ថែមទៅទៀត ពីសាលាឧទ្ធរណ៍ ដោយយកលេសថា លោកកឹម សុខា ជាអតីតសហការីជាមួយនឹងលោកអេង ឆៃអ៊ាង សហការីជាមួយនឹងលោកសម រង្ស៊ី ។ ហេតុដូច្នេះការដែលពួកអស់នេះប្រកាសរបៀបនេះ គ្មានផលប្រយោជន៍អ្វី គ្មានអ្វីជាវិជ្ជមានដល់លោកកឹម សុខា គ្មានអ្វីជាវិជ្ជមានដល់អ្នកស្នេហាជាតិទេ មានតែដាក់បន្ទុកថែមទៀត ចៀសវាងតែពួកអស់នេះប្រកាសថា នឹងរួមចូលជាមួយនឹងគណបក្សប្រជាជន ដើម្បីបានផលប្រយោជន៍អ្វី និងដើម្បីឲ្យលោកអេង ឆៃអ៊ាង និងក្រុមគ្រួសារ បានត្រលប់មកប្រទេសវិញ ។ ជារួមទៅ បើសិនជាក្រុមអេង ឆៃអ៊ាង ប្រកាសអនុវត្តផែនការ ខ្ញុំមិនដឹងថា មានផែនការអ្វីទេ តែអាចជាផែនការខ្យល់ ដែលផែនការខ្យល់នេះហើយ ដែលឲ្យអ្នកកាន់អំណាចយកលេសដើម្បីបំផ្លាញកម្លាំងអ្នកស្នេហាជាតិ ។ បើសិនជាពួកអស់នេះថា ឥឡូវនេះការកាន់អំណាចរបស់ក្រុមហ៊ុន សែន បានជោគជ័យហើយ ពួកអស់នេះ នឹងប្រកាសរួមចូលជាមួយនឹងគណបក្សប្រជាជន ដោយយើងឃើញសមាជិកជាច្រើន របស់លោកសម រង្ស៊ី ដូចជា ជា ប៉ូច លោកផ្សេងៗទៀត ដែលប្រកាសចូលជាមួយនឹងគណបក្សប្រជាជន ពេលនោះយល់ថា ក្រុមអេង ឆៃអ៊ាង នឹងប្រកាសចូលដូចគ្នា ដើម្បីបានត្រឡប់មកស្រុកវិញ ។ ហេតុដូច្នេះខ្ញុំគ្មានអ្វីសង្ឃឹមពីក្រុមលោកសម រង្ស៊ី សង្ឃឹមពីក្រុមលោកអេង ឆៃអ៊ាង ប្រកាសអនុវត្តផែនការដើម្បីជួយអ្នកស្នេហាជាតិនោះទេ ។ ខ្ញុំអំពាវនាវដល់កម្លាំងអ្នកស្នេហាជាតិទាំងអស់ សុំផ្ដាច់ខ្លួនចេញពីលោកសម រង្ស៊ី សុំផ្ដាច់ខ្លួនចេញពីក្រុមអេង ឆៃអ៊ាង មួរ សុខហួរ ដើម្បីសុវត្ថិភាពខ្លួនឯងតែប៉ុណ្ណោះ ។ រឿងស្នេហាជាតិ កម្លាំងដើម្បីជួយជាតិ ពួកអស់នេះ គឺបំផ្លាញកម្លាំងអ្នកស្នេហាជាតិគ្រប់ពេលវេលា“ ។

គួរបញ្ជាក់ថា កម្ពុជា កំពុងត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខ ដែលជាការបោះឆ្នោតអសកល។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង ដែលអង្គបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោត សរុបប្រមាណ ១២០០០នាក់។ អាសនៈសម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌមានចំនួន ៤២០០ នៅទូទាំង ២៥ខេត្ត រាជធានី។

នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណតិ្តទី៤ នេះ មានគណបក្សនយោបាយ ចំនួន៥ ចូលរួមប្រកួតប្រជែង រួមមាន ៖ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានឲ្យដឹងដែរថា ការឃោសនាបោះឆ្នោតនេះ នឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤៕ កុលបុត្រ

RELATED ARTICLES