Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជ្រកភ្លៀងក្នុងខ្ទមស្រែ រ...ន្ទះ...បា...ញ់...៤នាក់

ជ្រកភ្លៀងក្នុងខ្ទមស្រែ រ…ន្ទះ…បា…ញ់…៤នាក់

ខេត្តកំពត ៖ ប្រជាពលរដ្ឋ ១ក្រុម បាននាំគ្នាចេញទៅធ្វើស្រែចម្ការ លុះមេឃធ្លាក់ភ្លៀងខ្លាំង លាយខ្យល់បោកបក់ និងផ្គររន្ទះផង ក៏នាំគ្នារត់ចូលទៅជ្រកភ្លៀងនៅក្នុងកូនខ្ទមចាំស្រែ ក្បែរនោះ។ លុះក្រោយមកមេឃរាំងភ្លៀងជិតដាច់គ្រាប់ បែរជាកើតមានបាតុភូតធម្មជាតិ រន្ទះបាញ់ចូលទៅក្នុងខ្ទមស្រែ បណ្តាលឱ្យជនរងគ្រោះទាំង៤នាក់ រងរបួសធ្ងន់-ស្រាល និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ហេតុការណ៍រន្ទះបាញ់នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅចំណុចខ្ទមចាំស្រែ មួយកន្លែង ម្តុំត្រពាំងត្បែង ក្នុងភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ។

ពលរដ្ឋរងគ្រោះទាំង៤នាក់ ដែលត្រូវរន្ទះបាញ់របួសធ្ងន់-ស្រាល រួមមាន ទី១-ឈ្មោះផាន ផាត ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ។ ទី២-ឈ្មោះវង់ ថា ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកសិករ។ ទី៣-ឈ្មោះសុខ ភឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ។ និងទី៤-ឈ្មោះងួន ផល្លា ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរកសិករ។ ជនរង គ្រោះទាំង៤នាក់ មានលំនៅក្នុងភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ។

តាមសេចក្តីរាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ខាងលើ បាននាំគ្នាទៅមើលស្រែរបស់ខ្លួនដូចសព្វដង លុះក្រោយមកស្រាប់តែមេឃបានធ្លាក់ភ្លៀង១មេធំ លាយខ្យល់កន្ត្រាក់ និងផ្គររន្ទះទៀតផង ទើបជនរងគ្រោះប្រុសស្រីទាំង៤នាក់ បាននាំគ្នារត់ចូលទៅជ្រកភ្លៀងក្នុងខ្ទមតូចមួយ ត្រង់ចំណុចកើតហេតុ។

ប្រភពដដែល បន្តថា លុះក្រោយមក ភ្លៀងរាំងស្ទើរដាច់គ្រាប់ទៅហើយស្រាប់តែមានផ្គររន្ទះ បាញ់ចូលទៅក្នុងខ្ទម បណ្តាលឱ្យត្រូវជនរងគ្រោះប្រុសស្រីទាំង៤នាក់ រងរបួសធ្ងន់-ស្រាលតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៤នាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ភ្លាមៗ៕

RELATED ARTICLES