Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមធាក់ប្លន់ម៉ូតូតាសន្តិសុខ ជាប់ខ្នោះ៥

ធាក់ប្លន់ម៉ូតូតាសន្តិសុខ ជាប់ខ្នោះ៥

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ជាសន្តិសុខឯកជន ជិះម៉ូតូសំដៅទៅកន្លែងធ្វើការ ស្រាប់តែដល់ពាក់កណ្តាលផ្លូវ ត្រូវជនសង្ស័យ ១ក្រុម មានគ្នា១០នាក់ បានធ្វើសកម្មភាពហក់ធាក់ បណ្តាលឱ្យដួលម៉ូតូ បន្ទាប់មកជន សង្ស័យ៥នាក់ ក្នុងចំណោមនោះ បានស្ទុះមកវាយជនរង គ្រោះបន្ថែម ប្លន់ម៉ូតូយកទៅបាត់ លុះរំលងបាន១ថ្ងៃ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ បានចំនួន៥នាក់ ខណៈបក្ខពួក៥នាក់ទៀត បានរត់គេចខ្លួនបាត់។

ករណីធាក់ប្លន់ម៉ូតូនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ រហូតមកដល់វេលាម៉ោង១០យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ បានចំនួន៥នាក់ នៅចំណុចរង្វង់មូលនាងមច្ឆា ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យធាក់ប្លន់ម៉ូតូ មានឈ្មោះលី សុះ អាយុ៥៤ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរសន្តិសុខ មានលំនៅ ភូមិជ្រោយមេត្រី ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ សម្ភារៈបាត់បង់ រួមមាន ៖ ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ គ្មានស្លាកលេខ។

ចំណែកក្រុមជនសង្ស័យទាំង៥នាក់ ដែលត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះស្លេះ កាត់តាវី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។ ទី២- ឈ្មោះគង់ សុងទ្រី អាយុ១៩ឆ្នាំ មុខរបរគ្មាន មានលំនៅ ភូមិក សង្កាត់ច្រាំចំរេះទី២ ខណ្ឌឫស្សីកែវ។ ទី៣-ឈ្មោះសុខ សារាំងសាវ៉េត អាយុ១៦ឆ្នាំ មុខរបរគ្មាន មានលំនៅ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ទី៤-ឈ្មោះ ហ្វាម ហ្វាមឡាំ ជនជាតិវៀតណាម អាយុ២០ឆ្នាំ មុខរបរគ្មាន មានលំនៅ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងទី៥-ឈ្មោះហែម សាឡែន អាយុ១៧ឆ្នាំ មុខរបរគ្មាន មានលំនៅ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឫស្សីកែវ។ រីឯបក្ខពួក៥នាក់ទៀត ដែលកំពុងរត់គេចខ្លួន មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ សម្ភារៈដកហូត រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JH- 3828 (ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព) និងទូរស័ព្ទម៉ាក iPhone ចំនួន៣គ្រឿង។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ជនរងគ្រោះបានជិះម៉ូតូទៅធ្វើការ មកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ចំនួន១០នាក់ ជិះម៉ូតូជាច្រើនគ្រឿង បានជិះដេញតាម បន្ទាប់មកជនដៃដល់ឈ្មោះស្មី បានប្រើជើងធាក់ម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួល ហើយភ្លាមនោះបក្ខពួក ៥នាក់ទៀត បានស្ទះចូលមកវាយទៅលើជនរងគ្រោះ រួចនាំគ្នាលើកម៉ូតូជន រងគ្រោះ ជិះគេចខ្លួនបាត់អស់។ បន្ទាប់មក ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកអញ្ចាញ ស្រុកមុខកំពូល។ ក្រោយទទួលបណ្តឹង អធិការដ្ឋានស្រុកមុខកំពូល បានសហការជាមួយអធិ ការដ្ឋានខណ្ឌឫស្សីកែវ បើកការស្រាវជ្រាវនិងកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ ចំនួន៥នាក់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចរង្វង់មូលនាងមច្ឆា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រួចនាំយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌឫស្សីកែវ។

ក្រោយកើតមានករណីខាងលើ លោកស្នងការរងខេត្តកណ្តាល ទទួលផែនព្រហ្មទណ្ឌ បានទំនាក់ទំនងមកលោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដើម្បីសហការនិងបញ្ជាទៅលោកផល មេសា អធិការងទទួលផែនស្រាវជ្រាវ ឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួន ក្រុមជនសង្ស័យទាំង៥នាក់ រួចប្រគល់ឱ្យអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES