ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ មិនដឹងមានកំហឹងជាមួយអ្នកណា ឬរឿងអ្វី ស្រាប់តែបើករថយន្តសុខៗ ឈប់រថយន្ត រួចដកកាំភ្លើងខ្លី ១ដើម បាញ់ឡើងទៅលើមេឃ ចំនួន២គ្រាប់ផ្ទួនៗ តែផ្ទុះ១គ្រាប់ ស្អុយ១គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ចេញមកមើល ស្រាប់តែជនបទេសរូបនោះ បើករថយន្តគេចចេញបាត់មួយរំពេច។
ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិបរទេសម្នាក់ មិនស្គាល់អត្តសញ្ញាណ បើករថយន្ត ១គ្រឿង មិនចាំស្លាកលេខ មិនដឹងមកពីណា ហើយមិនដឹងថាខឹងសម្បាជាមួយអ្នកណា ឬមានរឿងអ្វីនោះទេ ស្រាប់តែបានមកឈប់ រថយន្តនៅត្រង់ចំណុចកើតហេតុ រួចបានចុះពីលើរថយន្ត ដកកាំភ្លើងខ្លី ១ដើម មិនស្គាល់ម៉ាក បាញ់ឡើងទៅលើមេឃ ចំនួន២គ្រាប់ តែផ្ទុះ១គ្រាប់ ស្អុយ១គ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ចេញមកមើល ទើបជនបរទេសរូបនោះ បានឡើងបើករថយន្ត ចាកចេញទៅបាត់ភ្លាមៗតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ប្រមូលសំបកគ្រាប់យកមករក្សាទុក ដើម្បីតាមស្វែងរកខ្មាន់កាំភ្លើង នាំយកមកចាត់ការតាមនីតិវិធី៕