Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្តីប្រពន្ធជិះម៉ូតូបុកគូទឡាន បាន២០០ដុល្លារ

 ប្តីប្រពន្ធជិះម៉ូតូបុកគូទឡាន បាន២០០ដុល្លារ

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ជិះម៉ូតូដឹកគ្នា ជ្រុលទៅបុករថយន្ត ១គ្រឿង ដែលកំពុងឈប់ស្ងៀម ពេញទំហឹង បណ្តាលឱ្យរងរបួសទាំង២នាក់ប្តីប្រពន្ធ និងត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ ចំណែកភាគីរថយន្ត បានជួយចេញប្រាក់ព្យាបាលរបួស ចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង២៣នាទីល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ក្បែរស្តុបវត្តស្លែង ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ដែលជិះម៉ូតូបុកគូទរថយន្តគេ បណ្តាលឱ្យរងរបួស រួមមាន បុរសជាប្តី ឈ្មោះសុខ វាសនា អាយុ៣២ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះឆុន សោភ័ណ្ឌ អាយុ២៦ឆ្នាំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញប្តីប្រពន្ធទាំង២នាក់ខាងលើ ជិះម៉ូតូ ១គ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ដឹកគ្នាក្នុងទិសដៅស្របទិសគ្នាជាមួយរថយន្ត លុះដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតម៉ូតូទៅបុកពីក្រោយរថយន្ត ១គ្រឿង ដែលកំពុងឈប់ស្ងៀមនៅចិញ្ចើមផ្លូវ បណ្តាលឱ្យរបួសទាំង២នាក់ប្តីប្រពន្ធ និងត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ពងទឹក និងនគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះមកធ្វើការពិនិត្យនិងវាស់វែង និងទុកពេលឱ្យភាគីទាំងសងខាងចរចារគ្នា ក្នុងនោះដោយសារខាងឡានមានមនោសញ្ចេតនា ក៏បានជួយចេញប្រាក់ ២០០ដុល្លារ សម្រួលដល់ការព្យាបាលរបួស ទៅកាន់ប្តីប្រពន្ធខាងលើ ដើម្បីបញ្ចប់រឿងតែម្តង៕

RELATED ARTICLES