Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសាច់ខូចគុណភាព៦០០គីឡូ ចាប់ដុតចោល

សាច់ខូចគុណភាព៦០០គីឡូ ចាប់ដុតចោល

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជា មួយបសុពេទ្យ ក្រោមការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បាននាំយកផលិតផលសាច់បង្កក ហួសកាល បរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ចំនួន៤មុខ បរិមាណជិត ៦០០គីឡូក្រាម ដែលបានចុះត្រួតពិនិត្យ និងបង្ក្រាបបាន កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ទៅដុតបំផ្លាញចោល។

ការបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅទីលានដីស្រែមួយកន្លែង ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក ភុំ ផៃឌឿម ស្នងការរងនគរបាលខេត្ត ទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងមន្ត្រីជំនាញពាក់ព័ន្ទមួយចំនួនទៀត។

លោកផាត់ សារុន បានឱ្យដឹងថា សាច់បង្កកខាងលើនេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការឃាត់បាន កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ តាមរថយន្តតាក់ស៊ី ១គ្រឿង ម៉ាកតូយ៉ូតា ស៊ីណា ពាក់ស្លាកលេខ បាត់ដំបង 2C-5949 ទិសដៅពីបាត់ដំបង  ឆ្ពោះទៅភ្នំពេញ ដោយពុំមានឯកសារបញ្ជាក់ច្បាស់លាស់។ ក្រោយឃាត់បាន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រគល់កិច្ចការងារបន្ត ដល់មន្ត្រីជំនាញការិយាល័យ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម ដើម្បីចាត់ការតាមនីតិវិធី។

លោកផាត់ សារុន បានបញ្ជាក់ថា សាច់បង្កកខូចគុណភាព ដែលត្រូវយកមកបំផ្លាញចោលនាពេលនេះ រួមមាន ជើងជ្រូក អណ្តាតជ្រូក ពោះគោ និងជង្គង់ជើងមាន់ សរុបប្រមាណ ៥៥៦គីឡូក្រាម៕

RELATED ARTICLES