ខេត្តបាត់ដំបង ៖ ជនសង្ស័យ ចំនួន២នាក់ បាននាំគ្នាធ្វើសកម្មភាពលួចគាស់អាហារដ្ឋានមួយកន្លែង ចូលទៅលួចយកសម្ភារៈ និងទ្រព្យសម្បត្តិមានតម្លៃ ជាបន្តបន្ទាប់ សរុបចំនួន៣ដងមកហើយ លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។
ប្រតិបត្តិការបង្ក្រាបករណីលួចគាស់ហាងនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៤ នៅចំណុចឃុំផ្លូវមាស ស្រុករតនមណ្ឌល។
ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះលី វណ្ណី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល និងទី២-ឈ្មោះឆែម តុលា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋផ្លូវមាស បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ (១-ឈ្មោះលី វណ្ណី ២-ឈ្មោះឆែម តុលា) នាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ។
ប្រភពដដែល បន្តថា មូលហេតុនាំខ្លួនជនសង្ស័យទាំង២នាក់ខាងលើ គឺបន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរង គ្រោះឈ្មោះឡាក់ ប៊ុនគា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកគ្រប់គ្រងអាហារដ្ឋានសេកសក មានលំនៅ ភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល បានប្តឹងចូលមកសមត្ថកិច្ច អំពីករណីជនសង្ស័យលួចគាស់ទម្លុះទម្លាយ នៅទីតាំងរបស់គាត់ ហើយលួចយកទ្រព្យសម្បត្តិនៅក្នុងនោះ អស់ចំនួន៣លើកមកហើយ ដែលក្នុងពាក្យបណ្តឹង បានស្នើដល់សមត្ថកិច្ចនគរបាល ជួយស្រាវជ្រាវរកជនល្មើស យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។បន្ទាប់ពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នៅវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគាស់ភោជនីយដ្ឋានខាងលើ ចូលលួចយកទ្រព្យសម្បត្តិ ចំនួន៣លើក ប្រាកដមែន។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅផែនជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕