Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបហាងបញ្ចាំម៉ូតូចោរ អ្នកបាត់ម៉ូតូ សូមមករកម៉ូតូនៅអគ្គស្នងការដ្ឋាន

បង្ក្រាបហាងបញ្ចាំម៉ូតូចោរ អ្នកបាត់ម៉ូតូ សូមមករកម៉ូតូនៅអគ្គស្នងការដ្ឋាន

ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុ ប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបើកប្រតិបត្តិការបង្ក្រាបករណីកាប់ប្លន់និងឈានដល់បំបែកសម្បុកបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក រកឃើញម៉ូតូមិនមានឯកសារ ចំនួន២៥គ្រឿង ស្លាកលេខ ៦០ស្លាក ព្រមទាំងកាតគ្រី មួយចំនួនទៀត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ សូមយកឯកសារមកផ្ទៀងផ្ទាត់។

គួររំលឹកថា កាលពីវេលាម៉ោង ១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1JV-3592 ជនរងគ្រោះឈ្មោះបឿន ដេវីត នៅចំណុចភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ម៉ោងប្រហែល ១ៈ៣០នាទី ជនសង្ស័យ មានគ្នា៣នាក់ បានជិះម៉ូតូ ចំនួន២គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះ ចំកណ្តាលខ្នង ចំនួន១កាំបិត តែមិនមុត បណ្តាលឱ្យដួលម៉ូតូ រួចពួកគេបានស្ទុះមកកាប់បន្ថែមទៀត ហើយលើកយកម៉ូតូជិះគេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មានករណីខាងលើ ដោយមានការដឹកនាំបញ្ជាពីលោកប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំធ្វើការស្រាវជ្រាវនិងស៊ើបអង្កេត ឈានដល់កំណត់បានមុខសញ្ញាធ្វើសកម្មភាព និងទីតាំងយកម៉ូតូទៅលក់។

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បាននាំខ្លួនជនសង្ស័យចំនួន៦នាក់ ពីចំណុចខាងក្រោយវាំង សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ នាំយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង។

ជនសង្ស័យបានសារភាពថា បក្ខពួករបស់ខ្លួន មានគ្នាចំនួន៩នាក់ បានធ្វើសកម្មភាពវាយ កាប់ប្លន់យកម៉ូតូ និងឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះ នៅភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ បច្ចុប្បន្ននាយកដ្ឋាន បាននាំខ្លួន៦នាក់ នៅសល់៣នាក់ទៀត កំពុងដើរធ្វើសកម្មភាពនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយមានការចង្អុលបង្ហាញរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញនាយកដ្ឋាន នៅថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២៤ បានបន្តស្រាវជ្រាវនិងឃាត់ខ្លួនបក្ខពួកជនសង្ស័យ បាន៣នាក់បន្ថែមទៀត។

ជនសង្ស័យទាំង៩នាក់ខាងលើ បានសារភាពដូចៗគ្នាថា ក្រុមបក្ខពួកខ្លួន បានធ្វើសកម្មភាពវាយកាប់ប្លន់ម៉ូតូ បានចំនួន៣គ្រឿង និងឆក់ទូរស័ព្ទដៃជនរងគ្រោះ នៅភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ប្រាកដមែន។ បន្ទាប់ពីធ្វើសកម្មភាពប្លន់បានម៉ូតូខាងលើរួច ឈ្មោះសុខ សំណាង បានយកទៅលក់ឱ្យជនមិនស្គាល់អត្តសញ្ញាណ នៅម្តុំឃ្លាំរំសេវ ខណ្ឌទួលគោក។

បន្ទាប់មក នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះសុខ សំណាង បានចង្អុលបង្ហាញមុខសញ្ញាជន សង្ស័យទទួលទិញម៉ូតូពីខ្លួន ត្រង់ចំណុចម្តុំឃ្លាំរំសេវ ខណ្ឌទួលគោក ហើយសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះសុង សេរី ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះជួល បន្ទប់លេខ៩ ផ្លូវលំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ មុខរបរជាបុគ្គលិកកុងស៊ីឃ្លាំងលេខ៧ ផ្ទះលេខ៥ ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក យកមកសាកសួរតាមនីតិវិធី។

បន្ទាប់ពីសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទិញម៉ូតូ ចំនួន៣គ្រឿង ពីឈ្មោះសុខ សំណាង រួមមាន ១-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ចំនួន១គ្រឿង។ ២-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ចំនួន១គ្រឿង និង៣-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ចំនួន១គ្រឿង រួចឈ្មោះសុង សេរី បានយកម៉ូតូខាងលើទៅរក្សាទុកនៅឃ្លាំងលេខ៧ ផ្ទះលេខ៥ផ្លូវ១៩២ សង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក និងឃាត់ខ្លួនបានមនុស្សម្នាក់ទៀត ឈ្មោះ ខុន សឿន។

ដោយមានការដឹកនាំសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ កម្លាំងជំនាញបានធ្វើការឆែកឆេរទីតាំងទទួលទិញ និងបញ្ចាំម៉ូតូឃ្លាំងលេខ៧ ផ្ទះលេខ៥ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រកឃើញម៉ូតូ មិនមាន ឯកសារបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ ស្លាក លេខនិងកាតគ្រីមួយចំនួនទៀត ដឹកយកមករក្សាទុកនៅនាយដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។

ករណីនេះ សមត្ថកិច្ចបានអំពាវនាវដល់ជនរងគ្រោះដែលធ្លាប់បាត់ម៉ូតូ អាចកាន់ឯកសារមកធ្វើការផ្ទៀតផ្ទាត់នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានទីតាំងនៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ ឬទំនាក់ទំនងលេខ ទូរស័ព្ទលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល +855 92 899 919 ៕

RELATED ARTICLES