ខេត្តព្រះវិហារ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានជិះល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ដែលក្រុមឈ្មួញខិលខូចមួយចំនួនបាននាំគ្នាលួចដឹកជញ្ជូនខុសច្បាប់ ប្រទះឃើញក្រុមជនសង្ស័យកំពុងបើកម៉ូតូរ៉ឺម៉កដឹកឈើខុសច្បាប់ ១គ្រឿង ភ្លាមនោះ ជនសង្ស័យជាអ្នកបើកបរ គ្រាន់តែឃើញសមត្ថកិច្ចភ្លាម ក៏ឈប់រ៉ឺម៉ក រួចស្ទុះរត់ចោលម៉ូតូ ចូលព្រៃគេចខ្លួនបាត់។

តាមរបាយការណ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹង កាលពីព្រឹកថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២៤ ថា កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជា ការស្រុក កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានធ្វើការឃាត់ម៉ូតូរ៉ឺម៉ក ១គ្រឿង ដឹកឈើគ្មានច្បាប់អនុញ្ញាត នៅចំណុចភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ដោយដកហូតបានឈើលេខ១ សុក្រំ ចំនួន ២១ដុំ ស្មើរនឹង០,៥៣៩ម៉ែត្រីគុណ និងរ៉ឺម៉កម៉ូតូចំនួន១គ្រឿង។

គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះ ម្ចាស់រ៉ឺម៉កម៉ូតូ គ្រាន់តែប្រទះឃើញកម្លាំងជំនាញភ្លាម ក៏ស្ទះរត់ចោលម៉ូតូ គេចខ្លួនចូលព្រៃបាត់តែម្តង។
បច្ចុប្បន្នវត្ថុតាងបានបញ្ជូនទៅរដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត រក្សាទុក ដើម្បីបន្តនីតិវិធី៕
