ភ្នំពេញ ៖ បុរសម្នាក់ បានចូលខារ៉ាអូខេ ផឹកស៊ី និងបានហៅនារីស្អាតៗ មកកំដរ លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក បានសួរស្រីកំដរថា ខ្លាចបងទេ? លុះស្រីស្អាតថាមិនខ្លាច ស្រាប់តែផ្ទុះកំហឹង ច្របាច់ក និងចាប់បោក ក្បាលក្បាលនារីរងគ្រោះផ្ទប់នឹងឥដ្ឋការ៉ូ បណ្តាលឱ្យរងរបួសធ្ងន់។ បន្ទាប់មក ជនសង្ស័យបានហៅអង្គរក្សជាច្រើននាក់ មកជួយរំដោះចេញពីទីតាំងកើតហេតុ រួចគេចខ្លួនបាត់។

ហេតុការណ៍អំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសណ្ឋាគារ KTV Spring Paris Club តាមបណ្តោយផ្លូវជាតិលេខ៤ ក្បែរប៉ុស្តិ៍ចោមចៅ៣ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីរបស់នារីរងគ្រោះ បានបញ្ជាក់ថា មុនពេលកើតហេតុ មានជនជាតិចិន ១ក្រុម បានមកអង្គុយផឹកស៊ីនៅសណ្ឋាគារ KTV Spring Paris Club ខាងលើនេះ រួចហៅរូបនាងនិងនារីផ្សេងៗទៀត ទៅអង្គុយផឹកកំដរ។ បន្ទាប់ពីផឹកមិនបានប៉ុន្មានផង ជនជាតិចិនម្នាក់ ជាជនដៃដល់ ដែលជាអ្នកមានលុយ បានសួរនាងថា “ខ្លាចបងដែរឬទេ?” ពេលនោះ នាងឆ្លើយវិញថា “គ្មានអ្វីត្រូវខ្លាចនោះទេ” ស្រាប់តែជនដៃដល់ផ្ទុះកំហឹង ចាប់ច្របាច់ក និងចាប់ក្បាលនាង បោកផ្ទប់ជាមួយឥដ្ឋការ៉ូ បណ្តាលឱ្យរងរបួស ហើយភ្លាមនោះក៏មានក្រុមជនជាតិចិន ដែលជាក្រុមរបស់ជនដៃដល់ បានចូលមកជួយចាប់ជនដៃដល់ចេញ ដើម្បីកុំឱ្យប្រើហិង្សាលើរូបនាងបន្តទៀត។

នារីរងគ្រោះ បន្តថា បន្ទាប់ពីប្រើហិង្សាលើរូបនាងរួចមក ជនសង្ស័យ បានហៅអង្គរក្សរបស់ខ្លួនប្រមាណ ១០ម៉ូតូ មកដល់សណ្ឋាគារ ដែលជាទីតាំងកើតហេតុ រួចព្យាយាមរំដោះរូបគេ (ជនដៃដល់) គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។

នារីរងគ្រោះ បន្តថា បន្ទាប់ពីរូបនាងបានទំនាក់ទំនងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី៣ តាម រយៈលេខទូរស័ព្ទ ប្រមាណ ៣០នាទី ទើបសមត្ថកិច្ចមកដល់ ទាំងដែលប៉ុស្តិ៍នគរបាលនៅចម្ងាយប្រមាណ ២០០ ម៉ែត្រ ពីកន្លែងកើតហេតុ។ លុះពេលសមត្ថកិច្ចមកដល់ បានបន្តិច ក៏ត្រឡប់ទៅវិញ ដោយគ្រាន់តែប្រាប់ឱ្យជន រងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទៅវិញ។

ក្រោយកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីឱ្យសមត្ថ កិច្ចរកយុត្តិធម៌ឱ្យខ្លួន ដែលត្រូវរងអំពើហិង្សាពីសំណាក់ជនជាតិចិន ៕