Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនារីខូចចិត្ត ឡើងស្ពានជ្រោយចង្វា ខ្លាចស្លា...ប់ មិនហ៊ានលោ...តទឹក

នារីខូចចិត្ត ឡើងស្ពានជ្រោយចង្វា ខ្លាចស្លា…ប់ មិនហ៊ានលោ…តទឹក

ភ្នំពេញ ៖ នារីម្នាក់ បានឡើងទៅឈរតោងបង្កាន់ដៃស្ពានជ្រោយចង្វា ទួញយំ និងប៉ុនប៉ងលោតចូលទឹកបញ្ចប់ជីវិត ដោយសារតែខឹងអ្នករួមការងារវាយធ្វើបាប និងបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឱ្យដែរ តែគ្មានដំណោះស្រាយ ទើបធ្វើឱ្យនាងមានអារម្មណ៍ តូចចិត្ត ប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួនតែម្តង តែពេលមកដល់ មិនដាច់ចិត្តលោត។

ហេតុការណ៍ខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

នារីដែលប៉ុនប៉ងលោតទឹកបញ្ចប់ជីវិត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែប្រាប់ថា នាងជាបុគ្គលិកបម្រើការងារនៅហាងមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីខាងលើ បានមកឈរតោងបង្កាន់ដៃស្ពានជ្រោយចង្វា សម្រក់ទឹកភ្នែក និងចេះតែសម្លឹងទៅក្នុងទឹកទន្លេ ភ្លាមនោះ ដោយសារតែខ្លាចក្រែងនារីរូបនេះមានគំនិតខ្លី ទើបអ្នកដំណើរឆ្លងកាត់ប្រទះឃើញ ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ឡើងទៅជួយអន្តរាគមន៍ឃាត់ភ្លាមៗ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វា បានរាយការណ៍ថា បានប្រទះឃើញនារីម្នាក់ ឈរយំលើស្ពាន និងមានបំណងលោតទឹក ទើបត្រូវបានសមត្ថកិច្ចនិងអ្នកសារព័ត៌មាន ប្រញាប់ឡើងទៅមើល និងជួយឃាត់ រួចនាំចុះទៅខាងក្រោមស្ពាន អង្គុយនៅសួនច្បារ ក្បែររង្វង់មូលកួចកាណុង ដើម្បីសាកសួរពីមូលហេតុដែលធ្វើឱ្យនាងចង់លោតទឹក។

នៅចំពោះមុខអ្នកសារព័ត៌មាន នារីខាងលើ បានបង្ហើបប្រាប់ថា នាងពិតជាមានវិបត្តិផ្លូវចិត្ត និងប៉ុនប៉ងមកលោតទឹកស្ពានជ្រោយចង្វា ប្រាកដមែន តែមិនដាច់ចិត្ត។

នារីរូបនេះ បន្តថា នាងមានវិបត្តិផ្លូវចិត្ត ដោយសារខឹងនឹងក្រុមការងារដែលធ្វើការជាមួយគ្នាវាយធ្វើបាបនាង ហើយនាងក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាបទី១ ដើម្បីរកកិច្ចការពារ និងរកយុត្តិធម៌ដែរ តែគ្មានដំ ណោះស្រាយណាមួយជូននាងឡើយ ទើបធ្វើឱ្យនាងមានអារម្មណ៍តូចចិត្ត ក៏បានគិតខ្លី ប៉ងលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា បែបនេះតែម្តង។

ក្រោយកើតហេតុ ក្រុមអ្នកសារព័ត៌មាន និងសមត្ថកិច្ច បានព្យាយាមនិយាយលួងលោម និងលើកទឹកចិត្តនារីខាងលើ កុំឱ្យមានគំនិតខ្លីបែបនេះទៀត រហូតដល់នាងបានធូរស្រាលចិត្តឡើងវិញ ក៏ចាកចេញទៅវិញបាត់ទៅ៕

RELATED ARTICLES