ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ ត្រូវឪពុកម្តាយអះអាងថា បានចេញទៅធ្វើការនៅភ្នំពេញ អស់រយៈពេល ៨ខែ មកហើយ មិនដែលមកលេងផ្ទះសោះ តែក្រុមគ្រួសារនៅអាចទាក់ទងសួរសុខទុក្ខបានជាធម្មតា តាមទូរស័ព្ទ ស្រាប់តែរយៈពេល ១ខែចុងក្រោយនេះ បានបាត់ដំណឹងសូន្យ ឈឹង ទាក់ទងមិនបានសោះ ជាហេតុធ្វើឱ្យឪពុកម្តាយភ័យព្រួយបារម្ភពីសុវត្ថិភាពកូនប្រុស ក៏ប្រកាសតាមរកកូន ឱ្យត្រឡប់មកផ្ទះវិញ។

យុវជនដែលបាត់ខ្លួននេះ មានឈ្មោះអួន ដារ៉ូ អាយុ២៣ឆ្នាំ មានឪពុកឈ្មោះអួន រ៉ា អាយុ៥៤ឆ្នាំ ម្តាយឈ្មោះហ៊ុន សាលឹម អាយុ៥៨ឆ្នាំ និងមានលំនៅ ភូមិក្បាលកាឡង់ ឃុំពាមឆ្កោក ស្រុកជលគិរី ស្រុកជលគិរី។
តាមសម្តីស្ត្រីជាម្តាយ បានរៀបរាប់ប្រាប់ថា ក្រុមគ្រួសាររបស់ពួកគាត់ មានសមាជិកទាំងអស់៥នាក់ ចំណែកកូនប្រុសរបស់គាត់ ដែលបានបាត់ខ្លួននោះ មានឈ្មោះអួន ដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ។ កន្លងមក កូនប្រុសពួកគាត់ បានទៅសិក្សាភាសាកូរ៉េ នៅឯខេត្តកំពង់ឆ្នាំង ហើយបានប្រឡងជាប់ភាសាកូរ៉េ និងត្រៀមរៀនវគ្គខ្លីបន្ថែមទៀត។ ប៉ុន្តែក្នុងកាលៈទេសៈខ្វះខាត កូនប្រុសរបស់គាត់បានសុំទៅធ្វើការងារនៅភ្នំពេញ ដើម្បីបានប្រាក់សម្រាប់ជួយដោះស្រាយជីវភាព និងផ្គត់ផ្គង់ការរៀនសូត្ររបស់រូបគេផង។
ស្ត្រីជាម្តាយ បានបន្តថា លុះពេលកូនប្រុសចេញទៅធ្វើការនៅភ្នំពេញ ប្រមាណជាង៨ខែ មិនដែលមកលេងផ្ទះសោះឡើយ តែពួកគាត់អាចទំនាក់ទំនងសាកសួរសុខទុក្ខបានតាមរយៈទូរស័ព្ទ ប៉ុន្តែទើបរយៈពេល ១ខែចុងក្រោយនេះ កូនប្រុសគាត់ ស្រាប់តែបាត់ដំណឹងសូន្យឈឹង សូម្បីតែការទូរស័ព្ទ ក៏ទាក់ទងមិនបានដែរ។
ដោយក្តីបារម្ភចំពោះកូនប្រុស ពួកគាត់បានសម្រេចចិត្តតាមរកកូនដល់ភ្នំពេញ នៅកន្លែងធ្វើការ ប៉ុន្តែអ្នកនៅទីនោះប្រាប់ថា កូនរបស់ គាត់បានឈប់ធ្វើការនៅទីនោះហើយ ដោយបានផ្លាស់ប្តូរទៅធ្វើការកន្លែងថ្មីជាមួយមិត្តភក្តិ។ លុះពេលពួកគាត់បន្តស្វែងរក និងសាកសួរបន្ថែម នៅតែគ្មានដំណឹងពីកូនប្រុសរបស់គាត់សោះឡើយ។

ឪពុកម្តាយយុវជនខាងលើ បានអះអាងថា កូនប្រុសគាត់ ជាក្មេងដែលមានអត្តចរិតសុភាពរាបសា មិនចេះមាត់ចេះក មិនដែលមានទំនាស់អ្វីជាមួយគ្រួសារ និងបានបួសរៀនតាំងតែពីតូចផងដែរ។ ជាមួយនេះ ពួកគាត់ជាឪពុកម្តាយ សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាមហាជនគ្រប់មជ្ឈដ្ឋាន បើសិនបានឃើញកូនប្រុសគាត់ ដែលមានភិនភាគដូចក្នុងរូប ថតនេះ សូមជួយផ្តល់ដំណឹងជួនពួកគាត់ដោយក្តីអនុគ្រោះផង៕