Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្ញៀវវ៉ៃ...គ្នាផ្អើលរោងការ ប៉ូលិសវ៉ៃខ្នោះ៧

ភ្ញៀវវ៉ៃ…គ្នាផ្អើលរោងការ ប៉ូលិសវ៉ៃខ្នោះ៧

ខេត្តកំពង់ស្ពឺ ៖ យុវជនឈាមរាវ ចំនួន២ក្រុម បានទៅចូលរួមពិធីមង្គលការមួយ ដោយម្ខាងជាភ្ញៀវខាងកូនកំលោះ និងម្ខាងទៀតជាភ្ញៀវខាងកូនក្រមុំ លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ចាប់ផ្តើមបង្កជម្លោះវាយតប់គ្នាទៅវិញទៅមក ធ្វើឱ្យផ្អើលឆោឡោពេញរោងការ រហូតធ្វើឱ្យម្ចាស់ដើមការទ្រាំមិនបាន ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះភាគីទាំងសងខាង សរុប៧នាក់ នាំយកទៅចាត់ការតាមច្បាប់ ខណៈបក្ខពួកមួយចំនួនទៀត បានរត់គេចខ្លួនបាត់។

ករណីអំពើហិង្សាក្នុងពិធីមង្គលការ (ភ្ញៀវកូនកំលោះ និងភ្ញៀវកូនក្រមុំ វាយកាប់ចាក់គ្នា) នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចរោងមង្គលការមួយកន្លែង ស្ថិតក្នុងភូមិប្រជៀវបាត ឃុំទំព័រមាស ស្រុកសំរោងទង។

ជនសង្ស័យទាំង២ក្រុម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រុមទី១-ជាភ្ញៀវខាងកូនក្រមុំ ត្រូវបានឃាត់ខ្លួនចំនួន៣នាក់ រួមមាន ទី១-ឈ្មោះហ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ។ ទី២-ឈ្មោះឆែម ភារម្យ ភេទប្រុស អាយុ២៤ឆ្នាំ និងទី៣-ឈ្មោះមឿង មី ភេទប្រុស អាយុ ២៦ឆ្នាំ។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះឈឿន ឧត្តម ហៅដំ ភេទប្រុស អាយុ១៨ឆ្នាំ បានគេចខ្លួន។ ជនសង្ស័យទាំង៤នាក់ មានលំនៅក្នុងភូមិប្រជៀវបាត ឃុំទំព័រមាស ស្រុកសំរោងទង។

រីឯក្រុមទី២-ជាភ្ញៀវខាងកូនកំលោះ ត្រូវបានឃាត់ខ្លួនចំនួន៤នាក់ រួមមាន ទី១-ឈ្មោះផា រ៉េត ភេទប្រុស អាយុ២១ឆ្នាំ។ ទី២-ឈ្មោះ ផា ណារ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៣-ឈ្មោះអ៊ុន បាន ភេទប្រុស អាយុ២១ឆ្នាំ និងទី៤-ឈ្មោះកយ សុភា ភេទប្រុស អាយុ២៤ឆ្នាំ។ ជនសង្ស័យទាំង៤នាក់ មានលំនៅក្នុងភូមិតាំងកន្ទួត ឃុំទំព័រមាស ស្រុកសំរោងទង។ ដោយឡែកបក្ខពួកម្នាក់ទៀតឈ្មោះថុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិហោងសំណំ ឃុំហោងសំណំ ស្រុកឪរ៉ាល់ បានគេចខ្លួន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិប្រជៀវបាត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រជាពលរដ្ឋឈ្មោះថន ធន អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះឆឹង គីន អាយុ៤៤ឆ្នាំ បានរៀបចំពិធីមង្គលការកូនស្រីរបស់ខ្លួន ដោយប្រព្រឹត្តទៅយ៉ាងរលូនតាំងពីព្រឹកព្រលឹម រហូតដល់ល្ងាច ទើបរៀបចំទទួលភ្ញៀវពិសារភោជនាហារ ដោយមានភ្ញៀវខាងកូនកំលោះ និងភ្ញៀវខាងកូនក្រមុំ ចូលរួម ផឹកស៊ីរាំលេងយ៉ាងសប្បាយក្អាកក្អាយ។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង៩យប់ ថ្ងៃដដែល បន្ទាប់ពីក្រុមភ្ញៀវទាំងសងខាង បានផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ស្រាប់តែក្នុងនោះភ្ញៀវខាងកូនកំលោះ និងភ្ញៀវខាងកូនក្រមុំ ដែលសុទ្ធសឹងតែជាក្មេងស្ទាវដូចគ្នា បានចាប់ផ្តើមកើតមានជម្លោះពាក្យសម្តីនឹងគ្នា រហូតឈានដល់ការវាយកាប់ចាក់គ្នាផ្អើលឆោឡោពេញរោងការតែម្តង ជាហេតុធ្វើឱ្យម្ចាស់ដើមការទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹងពីម្ចាស់ដើមការ កម្លាំងសមត្ថកិច្ចបានចុះដល់ទីទាំងកើតហេតុភ្លាមៗ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៧នាក់ ក្នុងនោះ ៣នាក់ ជាភ្ញៀវខាងកូនក្រមុំ និង៤នាក់ទៀត ជាភ្ញៀវខាងកូនកំលោះ។ ដោយឡែក បក្ខពួកផ្សេងទៀត បាននាំគ្នារត់គេចខ្លួនបាត់អស់។នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យទាំង៧នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានដេញវាយគ្នានៅក្នុងរោងការខាងលើប្រាកដមែន។

ក្រុមក្មេងស្ទាវទាំង៧នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES