Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសាន ផានិត ជិះម៉ូតូវ៉ាជែងដួល ឡានកិ...នស្លា...ប់ ២នាក់មិត្តភក្តិ

សាន ផានិត ជិះម៉ូតូវ៉ាជែងដួល ឡានកិ…នស្លា…ប់ ២នាក់មិត្តភក្តិ

ខេត្តកណ្តាល ៖ យុវជន២នាក់ ជាមិត្តភក្តិ ក្នុងនោះម្នាក់ឈ្មោះសាន ផានិត ជិះម៉ូតូដឹកគ្នាក្នុងល្បឿនលឿន និងព្យាយាមវ៉ាជែងរថយន្តនៅខាងមុខ ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅប៉ះជាមួយរថយន្ត ១គ្រឿងទៀត បើកច្រាស ទិសគ្នា បណ្តាលឱ្យខ្ទាតចូលក្រោមរថយន្តដែលបើកស្របទិសគ្នា កិនស្លាប់ទាំង២នាក់នៅនឹងកន្លែង ចំណែករថយន្តទាំង២គ្រឿង ក្រោយកើតហេតុ បានបើកគេចបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង។ជនរងគ្រោះទាំង២នាក់ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ទី១-ឈ្មោះសាន ផានិត ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង (ជាអ្នកបើកម៉ូតូ) និងទី២-ឈ្មោះថេង ប៉េងលី ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅ ភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង (ជាអ្នករួមដំណើរ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GR-2957 ដឹកគ្នាធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន និងព្យាយាមវ៉ាជែងរថយន្ត ១គ្រឿង តែវ៉ាមិនផុត ក៏ជ្រុលទៅប៉ះជាមួយរថយន្ត ១គ្រឿងទៀត ដែលបើកមកពីទិសដៅបញ្ច្រាសគ្នា ធ្វើឱ្យដួលខ្ទាតចូលរថយន្តដែលបើកស្របគ្នា កិនស្លាប់ទាំង២នាក់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ចំណែកភាគីខាងរថយន្ត មិនស្គាល់ម៉ាក ទាំង២គ្រឿងខាងលើ បានបើករត់គេចចេញអស់ភ្លាមៗដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីស្រាវជ្រាវរកភាគីរថយន្តមកដោះស្រាយតាមនីតិវិធី។ចំណែកសពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី។

ការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូ បើកក្នុងល្បឿងលឿន និងវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្ន។ ចំណែករថយន្តមិនស្គាល់ម៉ាក ដែលបើកបញ្ច្រាសទិស បើកបរក្នុងល្បឿងលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឱ្យគ្រោះថ្នាក់កើតឡើង៕

RELATED ARTICLES