ភ្នំពេញ៖ឱក សុគន្ធកញ្ញា បានប្រារពខួបអាពាហ៍ ពិពាហ៍ ជាមួយស្វាមីនាងលោកអ៊ឹង សុខលី គម្រប់៥ឆ្នាំ កាលពីថ្ងៃទី១៦ ឧសភា ដោយនាងថារយៈពេល៥ឆ្នាំទៅមុខទៀត មិនដឹងជាមានសមាជិកប៉ុន្មាននាក់ទៀតឡើយ ។ការបង្ហើបបែបនេះអាចជាសញ្ញាមួយប្រាប់ថាការមានកូន២នាក់រយៈពេល៥ឆ្នាំនេះមិនទាន់គ្រប់គ្រាន់សម្រាប់គ្រួសាររបស់នាងឡើយ ។
ឱក សុគន្ធកញ្ញា វាចាថា”ធ្មេចបើកៗ កន្លងផុតទៅអស់រយៈពេល៥ឆ្នាំហើយ ដែលយើងបានក៍សាងគ្រួសារតូចជាមួយគ្នា ឲ្យធំបន្ដិចម្ដង ចាំមើលខួបទី១០ នឹងបន្ថែមប៉ុន្មាននាក់ទៀត រីករាយខួបអាពាហ៍ ពិពាហ៍លើកទី៥ “។ដោយឡែកលោកអ៊ឹង សុខលី វិញថ្លែងតបទៅភរិយាលោកវិញថា”គ្រប់យ៉ាងហាក់ដូចជាថ្មីៗ ទើបថ្ងៃមុនសោះឥឡូវនេះបាន៥ឆ្នាំហើយ”។ លោកសុខលី ក៍បានរៀបរាប់ដែរថាពេលនេះលោកដើរតួនាទីជាឪពុក អ្នកបើកបរ អង្គរក្ស និងមគ្គុទេសក៍ ជាដើមសម្រាប់គ្រួសាររបស់លោក។
អ្នកគាំទ្ររបស់ឱក សុគន្ធកញ្ញា បានផ្ញើរសារជូនពរថ្ងៃខួបអាពាហ៍ ពិពាហ៍ របស់នាងជាបន្ដបន្ទាប់ ប៉ុន្ដែគេមិនឃើញសុគន្ធកញ្ញា បានធ្វើពិធីជប់លៀងទ្រង់ទ្រាយធំថ្ងៃខួបមង្គលការ៥ឆ្នាំរបស់នាងនោះទេ គឺមានតែជាលក្ខណៈគ្រួសារប៉ុណ្ណោះ ។
ឱក សុគន្ធកញ្ញា អាយុ៣៧ឆ្នាំ បានសម្រាលកូនប្រុសទី២ កាលពីថ្ងៃទី៤ មីនា ២០២៤ ដោយដាក់ឈ្មោះថាPresley ហើយរយៈពេលជាង២ខែ នេះសុគន្ធកញ្ញា មិនទាន់វិលរកឆាកតន្រ្ដីច្រៀងរាំវិញទេ ក្រោយផ្អាកតាំងពីចុងឆ្នាំ២០២៣ ។ប៉ុន្ដែសុគន្ធកញ្ញា ដែលមិនទាន់សម្រកទម្ងន់នោះបានលេចមុខមកវិញម្ដងទៀតក្នុងតួនាទីជាគណៈកម្មការCambodian Idol រដូវកាលទី៥ បើទោះជាកាលពីឆ្នាំមុននាងបានប្រកាសថានឹងមិនបន្ដរដូវកាលថ្មីក្ដី តែតាមព័តមានពីអ្នកដឹកនាំការប្រគុំតន្រ្ដីនៅហង្សមាសថាខាងSponsors មិនសុខចិត្តឲ្យនាងឈប់ទើបកញ្ញា ព្រមវិលវិញ។Fan របស់សុគន្ធកញ្ញា បានលើកឡើងថានាងផ្អាកចេញបទថ្មីៗជាច្រើនខែមកហើយ អីចឹងមិនគួរណាពន្យាពេលទៀតនោះទេ ប៉ុន្ដែមុនឡើងឆាក ឬចេញMV ថ្មីនោះត្រូវតែសម្រកទម្ងន់មកវិញសិនទើបអាចទៅរួច ។
មជ្ឈដ្ឋានមហាជនសង្កេតឃើញថាឱក សុគន្ធកញ្ញា ក្រោយក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាសអ្នកឧកញ៉ាអ៊ឹង ឆៃងួន រយៈពេល៥ឆ្នាំ នេះឥទ្ធិពលរបស់នាងនៅហង្សមាស ប្រៀបដូចជាថៅកែ ឬម្ចាស់ផលិតកម្មព្រោះតារារួមទ្រនុំគោរពនាងទាំងនៅផលិតកម្មនិងStudio ទូរទស្សន៍ហង្សមាសដោយសារតែស្វាមីនាងលោកអ៊ឹង សុខលី ជាអគ្គនាយកទូរទស្សន៍ហង្សមាស ។តែសម្រាប់ទីផ្សារចម្រៀងវិញសុគន្ធកញ្ញា មិនខ្លាំងក្លាដូចមុនទេ ពោលគឺចុះខ្សោយ ឬនៅទ្រឹងដូចតារាមួយចំនួនទៀតដែលមានប្ដីនិងកូនដែរ ។អ្វីដែលគួរឲ្យកត់សម្គាល់ពេលនេះដៃគូសំខាន់របស់នាងតារាចម្រៀងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បានធ្លាក់ក្នុងកណ្ដាប់ដៃរបស់កូនសិស្សខ្លួននាងតន់ ច័ន្ទសីម៉ា អស់ទៅហើយ ទើបនាំឲ្យតារាកូន២ពិបាកប្រជែងទីផ្សារចម្រៀងម្ដងទៀត។ប៉ុន្ដែកញ្ញា នៅតែក្ដាប់តួនាទីធំៗជាគណៈកម្មការ និងគ្រូបង្វឹគក្នុងកម្មវិធីប្រលងចម្រៀងធំៗរបស់ហង្សមាសច្រើនជាងតារាផ្សេងៗ ដែលកៅអីនោះបានជួយដល់នាងខ្លះដើម្បីកុំឲ្យធ្លាក់កូដថែមទៀត ។
សូមរំលឹកថាឱក សុគន្ធកញ្ញា បានបង្កាត់ភ្លើងស្នេហាជាមួយលោកអ៊ឹង សុខលី ជាង៨ឆ្នាំ ទើបដឹកដៃគ្នារៀបការនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ហើយពេលនេះទទួលបានកូនប្រុស២ ។ប្រភពបានឲ្យដឹងថាសុគន្ធកញ្ញា ចង់បានកូនស្រី ហេតុនេះការមានកូន២នាក់មិនទាន់គ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារនាងឡើយ ពោលគឺនឹងតាមយកកូនស្រីឲ្យខាងតែបាន។អ្វីដែលគួរឲ្យចាប់អារម្មណ៍កញ្ញា បានប្ដី៥ឆ្នាំនេះនាងមិនដែលមានបញ្ហារកាំរកូសជាមួយប្ដីទេ ហើយលោកសុខលី ដែលល្បីថាធ្លាប់មានសង្សារជាតារាស្រីស្អាតៗជាច្រើនដួងនោះលោកស្រលាញ់ភរិយាខ្លាំងដូចជាហៅប្រពន្ធថា”ឧត្តមភរិយា “និងមាតាដៃ១០០ ជាដើម ។តារារួមអាជីពព្យាករណ៍ថានៅថ្ងៃខួបស្នេហ៍គម្រប់១០ឆ្នាំពោលគឺនៅឆ្នាំ២០២៥ ខាងមុខកញ្ញាអាចនឹងមានកូនដល់ទៅ៤នាក់ឯណ្ណោះដែលចំនួននេះអាចគ្រប់ចំនួនដែលនាងប៉ងជាមិនខាន៕