Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូដេញឡានពេទ្យ បុ...កគូ...ទស...ន្លប់...ស្តូក

ជិះម៉ូតូដេញឡានពេទ្យ បុ…កគូ…ទស…ន្លប់…ស្តូក

ភ្នំពេញ ៖ យុវជនម្នាក់ ឃើញរថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង កំពុងបើកសារ៉ែន បញ្ជូនអ្នកជំងឺទៅសង្គ្រោះបន្ទាន់ ស្រាប់តែបន្ថែមល្បឿនម៉ូតូរបស់ខ្លួនប្រដេញតាមរថយន្តសង្គ្រោះ ជ្រុលទៅបុកពីក្រោយរថយន្តសង្គ្រោះ ពេញទំ ហឹង បណ្តាលឱ្យដួលបាក់ដៃ បែកក្បាល សន្លប់ស្តូក ចំណែករថយន្តសង្គ្រោះ រងការខូចខាតផ្នែកខាងក្រោយ។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចលើស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ មានរថយន្តសង្គ្រោះ ១គ្រឿង របស់មន្ទីរពេទ្យព្រះ កុសុមៈ កំពុងដឹកបញ្ជូនអ្នកជំងឺម្នាក់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយរថយន្តបានអនុវត្តទៅតាមលក្ខណៈបច្ចេកទេសនៃច្បាប់សង្គ្រោះ ត្រឹមត្រូវ ដោយបើកទាំងភ្លើង បើកទាំងសារ៉ែន ទាំងល្បឿនដែលបានកំណត់ លុះកំពុងធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិច ទៅកើត ឆ្ពោះទៅមន្ទីរពេទ្យព្រះកុសុមៈ លុះដល់ចំ ណុចលើស្ពានអាកាសផ្សារដីហុយ ស្រាប់តែមានម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1FH-0199 ជិះដោយយុវជនម្នាក់ ចង់ទៅដល់គោលដៅបានលឿន ទើបប្រដេញតាមពីក្រោយរថយន្តសង្គ្រោះ ស្រាប់តែជ្រុលទៅបុកពីក្រោយរថយន្តសង្គ្រោះ ពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ បាក់ដៃស្តាំ បែកក្បាល សន្លប់ឈឹង ខ្ទេចទាំងរថយន្ត ទាំងម៉ូតូ បង្អាក់ដំណើរការងាររបស់រថយន្តសង្គ្រោះទៀតផង។

ក្រោយកើតហេតុ ភាគីរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យព្រះកុសុមៈ បានសម្រេចទាក់ទងហៅរថយន្តសង្គ្រោះ ១ផ្សេងទៀត ដើម្បីមកផ្ទេរយកអ្នកជំងឺ ពីក្នុងរថយន្ត ដឹកទៅសង្គ្រោះបន្ត ចំណែកយុវជនដែលជិះបុករថយន្តសង្គ្រោះ សន្លប់ស្តូកនោះ ក៏ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ផងដែរ៕

RELATED ARTICLES