Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគប់បែកកញ្ចក់ប៉ុស្តិ៍យាម ប៉ូលិសចាប់វ៉ៃខ្នោះ

គប់បែកកញ្ចក់ប៉ុស្តិ៍យាម ប៉ូលិសចាប់វ៉ៃខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ នៅសុខៗបានយកដុំថ្មគប់កញ្ចក់ប៉ុស្តិ៍យាមរបស់នគរបាល បណ្តាលឱ្យបែក រួចរត់គេចខ្លួន តែត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីគប់កញ្ចក់ប៉ុស្តិ៍យាមរបស់នគរបាលនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង០៥នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចកែងមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ូ ប៊ុនថង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយកើតមានករណីខាងលើ លោកឧត្តមសេនីយ៍សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាឱ្យកម្លាំងនគរបាលជំនាញ ចុះស្រាវជ្រាវនិងត្រូវបានសាក្សីម្នាក់នៅម្តុំកន្លែងកើតហេតុ បានថតរូបជនសង្ស័យជាប់ រួចបង្ហាញដល់សមត្ថកិច្ច និងបញ្ជាក់ថា ជនសង្ស័យជាមនុស្សប្រុស អាយុប្រហែល២៥ឆ្នាំ បានយកដុំថ្មគប់កញ្ចក់ទីស្នាក់ការរបស់នគរបាល ផ្នែកខាងឆ្វេង ហើយក៏បានដើរចេញទៅផ្លូវសៀមរាម រួចហៅម៉ូតូឌុបជិះទៅខាងផ្លូវសៀមរាប។

បន្ទាប់មក កម្លាំងជំនាញបានទៅផ្លូវសៀមរាប បានឲ្យរូបថតអ្នកដែលគប់កញ្ចក់ទីស្នាក់ការ ទៅអ្នករត់ម៉ូតូកង់បី នៅផ្លូវទៅសៀមរាប មើល គាត់បានប្រាប់ថា បុរសម្នាក់នោះ បានកាក់ឡានតាក់ស៊ី ម៉ាក Toyota Hiace ១៥កៅអី រួចឡើងជិះទៅខេត្តសៀមរាប ហើយ។

ដោយមានការសម្របសម្រួលពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយ មានជ័យ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ជំនាញបានសហការជាមួយកម្លាំងនគរបាលជំនាញខេត្តសៀមរាប ឈានដល់ការឃាត់ខ្លួនមុខសញ្ញាឈ្មោះអ៊ូ ប៊ុនថង រួចបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះ បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពយកដំថ្មគប់កញ្ចក់ប៉ុស្តិ៍យាម ឱ្យបែកមែន ដោយតែរូបគេស្រវឹងស្រា។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES