Wednesday, July 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោទ.... ប្រុសប្រកែក ស្រីសារភាពយល់ច្រឡំ

ចោទ…. ប្រុសប្រកែក ស្រីសារភាពយល់ច្រឡំ

ភ្នំពេញ ៖ យុវជនជាអ្នករត់ម៉ូតូកង់បី និងបក្ខពួកម្នាក់ទៀត ដែលរងការចោទប្រកាន់ពីនារីម្នាក់ ថាបានដឹកនាងទៅកន្លែងស្ងាត់ លូកលាន់ ខ្លួនប្រាណ (ស្ទាបច្របាច់ដោះ) រួចប៉ងដឹកនាងយកទៅរំលោភបូក កាលពីវេលាទៀបភ្លឺថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នោះ បានចូលខ្លួនមកបំភ្លឺ នៅចំពោះមុខសមត្ថកិច្ច ដោយបដិសេធទាំង ស្រុងរាល់ការចោទប្រកាន់ ខណៈដែលនារីរងគ្រោះ សម្រេចដកពាក្យបណ្តឹងវិញដែរ ក្រោមហេតុផល ថា ជាការយល់ច្រឡំ។

គួររំលឹកថា កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅតាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយនារីវ័យក្មេងម្នាក់ បានអះអាងថា នាងបានចូលក្លឹបផឹកស៊ីជាមួយមិត្តភក្តិ រហូតស្រវឹងធ្លាក់ភ្នែក លុះចេញមកវិញ បានហៅម៉ូតូកង់បីជិះ បំណងត្រឡប់មកផ្ទះវិញ ស្រាប់តែអ្នករត់កង់បីជើងល្អ ឃើញនាងស្រវឹងទន់ខ្លួន ក៏បែកគំនិតដឹកទៅកន្លែងស្ងាត់ រួចហៅបក្ខពួកម្នាក់ទៀត មកលូកលាន់ខ្លួនប្រាណ ស្ទាបច្របាច់ដោះនាង ប៉ងរំលោភបូក តែត្រូវនាងស្រែកឆោឡោ ក៏ទម្លាក់នាងចោលតាមផ្លូវ នាំគ្នាគេចខ្លួនបាត់អស់។

ក្រោយកើតហេតុខាងលើ នារីរងគ្រោះ ឈ្មោះ ត ស ន មុខរបរសាឡន ស្នាក់នៅបន្ទប់ជួល តាមផ្លូវ៣៧១ ភូមិ ម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខ ដើម្បីឱ្យសមត្ថកិច្ចជួយដោះស្រាយ និងថែមទាំងបង្ហាញភ័ស្តុតាង ស្លាកលេខម៉ូតូកង់បី និងរូបយុវជនជាអ្នកបើកម៉ូតូកង់បី ដែលនាងបាន Booking (កក់) តាម App ទៀតផង។

បន្ទាប់ពីឃើញមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមព្រោងព្រាត ចោទប្រកាន់មកលើពួកគេរួចមក នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដដែលនោះ ម្ចាស់ម៉ូតូកង់បី ឈ្មោះអិន ណី មុខរបររត់ម៉ូកង់បី ស្នាក់នៅបន្ទប់ជួលលេខ០៥ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងបក្ខពួកម្នាក់ទៀត ឈ្មោះធី ផានិត មុខ របរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា និងត្រូវជាបងប្អូន បានចូលខ្លួនមកបំភ្លឺនៅមុខសមត្ថកិច្ច។

យុវជនទាំងពីរនាក់ បានរៀបរាប់ប្រាប់ថា ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់នារីខាងលើនោះទេ ដោយនារីរូបនោះមានស្ថាន ភាពស្រវឹង និងបានហៅ់ម៉ូតូកង់បី ជិះចេញពីក្លឹប១កន្លែង នៅម្តុំសង្កាត់ភ្នំពេញថ្មី ឱ្យជូនទៅផ្ទះនៅម្តុំផ្លូវ៣៧១ លុះទៅដល់ជិតស្តុបត្រឡោកបែក ស្រាប់តែស្ត្រីនោះ ប្រាប់កង់បីឱ្យត្រឡប់បកក្រោយ ទៅជីបម៉ុង នៅម្តុំកាំកូស៊ីធីវិញ។ លុះបកក្រោយតាមផ្លូវ៥៩៨ ដល់ស្តុបសាលារៀនឥន្ទ្រទេវី បត់ចូលតាមផ្លូវ១០០៣ ភ្នំពេញថ្មី ម្តុំផ្សារថៃហួត ក៏ទៅតាមផ្លូវ១០៨៦ ឡើងទៅផ្លូវ៥៩៨ សំដៅទៅផ្លូវ២៧១ លុះមកដល់ផ្លូវ២៧១ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាងប្រាប់ថា ខុសផ្លូវហើយ ទើបរូបគេជាម្ចាស់ម៉ូតូកង់បីខឹង ក៏បានឈប់ម៉ូតូ ដាក់នារីរូបនោះចុះ រួចក៏ជិះចេញទៅបាត់ ទើបធ្វើឱ្យនាងខឹង ក៏ហៅអ្នកសារព័ត៌មាន មកថត ផ្សាយផ្ទាល់ (Live) ដោយចោទប្រកាន់មកលើពួកគេ ថាបានលូកលាន់លើរាងកាយរបស់នាង និងប៉ុនប៉ងរំ លោភបូកទៅវិញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីសាកសួរភាគីទាំងសងខាងរួចមក ភាគីនារីរងគ្រោះ បានសារភាពថា នាងពិតជាស្រវឹងខ្លាំងមែន ហើយក៏សម្រេចដកពាក្យបណ្តឹងវិញ ដើម្បីបញ្ចប់រឿង ដោយសារករណីនេះគឺជាការយល់ច្រឡំតែប៉ុណ្ណោះ។

ដោយយោងតាមការដកពាក្យបណ្តឹងពីភាគីនារីរងគ្រោះ និងមានការអនុញ្ញាតពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងនោះ ទើបសមត្ថកិច្ចបានអប់រំ និងអនុញ្ញាតឱ្យយុវជនទាំងពីរនាក់ ត្រឡប់ទៅផ្ទះវិញ។

គួរបញ្ជាក់ថា តាមការរៀបរាប់ដំបូងរបស់នារីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នាងត្រូវបានមិត្តភក្តិនាំចូលក្លឹបហ្គោលឡាញ មានទីតាំងនៅម្តុំផ្សារដីហុយ ដើម្បីផឹកស៊ីរាំលេង។ រហូតមកដល់វេលាម៉ោងប្រមាណ ៣ទៀបភ្លឺ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ទើបចេញពីក្លឹបញ ដោយពេលនោះមិត្តភក្តិនាងបានចេញទៅផ្ទះអស់ សល់តែរូបនាង កំពុងស្រវឹងផង ក៏បានហៅ ម៉ូតូកង់បីជិះ ប៉ះម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IR-4328 ជិះចេញពីក្លឹប ម្តុំផ្សារដីហុយ សំដៅទៅផ្ទះ នៅតាមផ្លូវ២៧១។

នារីរងគ្រោះ បន្តថា ដោយសារតែនាងញ៉ាំស្រាស្រវឹង ទើបពេលឡើងជិះម៉ូតូកង់បីនោះ នាងបានដេកលក់ ១ភាំងទៅ ស្រាប់តែពេលភ្ញាក់ដឹងខ្លួនមកវិញ ឃើញអ្នករត់ម៉ូតូកង់បីនោះ បានហៅបក្ខពួករបស់គេម្នាក់ទៀត មកជិះក្នុងកង់បីជាមួយ (អង្គុយក្បែរនាង) រួចហើយទិញស្រាបៀរ ១យួរ បបួលនាងទៅផឹកស្រាបន្តសិន ដោយប្រាប់ថា “ចាំព្រឹក ចាំបងជូនទៅផ្ទះ” តែនាងមិនព្រម និងទាមទារឱ្យជនសង្ស័យជូននាងទៅផ្ទះ តែពួកគេមិនព្រម រួចក៏ដឹកនាងទៅដល់កន្លែងស្ងាត់ ១កន្លែង ហើយផឹកស្រាបៀរ អស់ម្នាក់១កំប៉ុង និងព្យាយាមហៅនាងផឹកដែរ តែនាងប្រកែក មិនព្រមផឹក និងប្រាប់ឱ្យជូននាងទៅផ្ទះភ្លាម ស្រាប់តែភ្លាមនោះ ជនសង្ស័យម្នាក់ជាបក្ខពួករបស់អ្នករត់កង់បី បានឡើងមកអង្គុយក្បែរនាង រួចឱ្យអ្នករត់កង់បី បើកចេញទៅមុខទៀត។ បន្ទាប់មក ជន សង្ស័យ បានព្យាយាមប្រើដៃលូកស្ទាបអង្អែលខ្លួនប្រាណរបស់នាង ដោយលូកដៃចាប់ច្របាច់ដោះរបស់នាងទៀតផង ធ្វើឱ្យនាងភ័យ ក៏ស្រែកឆោឡោ ទើបអ្នករត់កង់បីនោះ បានទម្លាក់បក្ខពួកម្នាក់នោះចោលនៅតាមផ្លូវ រួចបន្តដឹកនាងទៅ មុខទៀត។

នារីខាងលើ បានបញ្ជាក់ថា ក្រោយមក នាងប្រាប់ឱ្យអ្នករត់កង់បីនោះ ដឹកនាងទៅស្ពានជ្រោយចង្វា ព្រោះនៅទីនោះ មានអ្នកសារព័តមានច្រើន ស្រាប់តែអ្នករត់កង់បីនោះភ័យ ក៏បានទម្លាក់នាងចោលនៅចំណុចកើតហេតុខាងលើ  រួចបើកកង់បីរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។

នារីរងគ្រោះ បានអះអាងថា ជនសង្ស័យជាអ្នករត់កង់បី និងបក្ខពួក មិនត្រឹមតែឆ្លៀតពេលឃើញនាងស្រវឹង លូកលាន់បៀតបៀនរាងកាយនាងប៉ុណ្ណោះទេ ថែមទាំងប៉ុនប៉ងនាំនាងទៅរំលោភបូកទៀតផង តែដោយសារនាងដឹងខ្លួនទាន់ ស្រែកឆោឡោ ទើបពួកគេភ័យ ក៏ទម្លាក់នាងចោល រួចរំដោះខ្លួនរត់គេចបាត់។

 ជុំវិញករណីខាងលើនេះ នារីរងគ្រោះ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ទៀតផង ដោយបង្ហាញទាំងស្លាកលេខម៉ូតូ កង់បីរបស់ជនសង្ស័យ ព្រមទាំងរូបថតអ្នករត់កង់បី ដែលនាងបានហៅកក់ (Booking) តាម App ទៀតផង។ លុះចុងក្រោយ បន្ទាប់ពីយុវជន ជាអ្នកបើកកង់បី ទាំង២នាក់ ចូលខ្លួនបំភ្លឺនៅចំពោះមុខសមត្ថកិច្ច បែរជានារីរងគ្រោះ ឆ្លើយថា នាងស្រវឹងខ្លាំង ហើយថាជាការយល់ច្រឡំ រួចដកពាក្យបណ្តឹង បញ្ចប់រឿងទៅវិញ៕

RELATED ARTICLES