Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរន្ទះភ្លើងបាញ់ដី ឆេះក្លាយជារណ្តៅ

រន្ទះភ្លើងបាញ់ដី ឆេះក្លាយជារណ្តៅ

ខេត្តបាត់ដំបង ៖ បាតុភូតគ្រោះធម្មជាតិ រន្ទះបាញ់មួយ បានបង្កឱ្យមានការភ្ញាក់ផ្អើល និងធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីឃើញហេតុការណ៍រន្ទះបាញ់ (រន្ទះភ្លើង) បានបាញ់ចំណុចដីវាលទុកចោល ១កន្លែង លាន់កក្រើក និងធ្វើឱ្យទីតាំងដែលត្រូវរន្ទះបាញ់នោះ ក្លាយទៅជារណ្តៅ តែសំណាងល្អពុំគ្រោះថ្នាក់មនុស្សនៅក្បែរនោះទេ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចដីវាលមួយកន្លែង ស្ថិតក្នុងភូមិអូរតាគាំ២  សង្កាត់ទូលតាឯក  ក្រុងបាត់ដំបង។

តាមប្រភពសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឱ្យដឹងថា មុនពេលកើតហេតុ មេឃកំពុងធ្លាក់ភ្លៀងតិចៗ ស្រាប់តែលាន់សំឡេងផ្ទុះយ៉ាងកក្រើក ជាមួយនឹងដុំភ្លើង ១ដុំ ហោះបុកចូលដី នៅត្រង់ចំណុចខាងលើ ដែលជាដីម្ចាស់ទុកចោល។ ដំបូងពួកគាត់ស្មានតែផ្ទុះគ្រាប់ តែដល់ពេលទៅពិនិត្យកន្លែងផ្ទុះ ទើបដឹងថា ជាបាតុភូតរន្ទះបាញ់ (រន្ទះភ្លើង) ព្រោះមិនឃើញមានបំណែកគ្រាប់ ឬសំណាកសេសសល់នៅក្បែររណ្តៅ ឡើយ។

រណ្តៅដីដែលត្រូវរន្ទះបាញ់ មានទំហំមុខកាត់ប្រហែលកន្លះម៉ែត្រ និងជម្រៅជ្រៅគួរសម មើលទៅស្រដៀងនឹងរណ្តៅគ្រាប់មីន ឬរណ្តៅគ្រាប់ផ្លោងដែរ៕

RELATED ARTICLES