Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនប្រុសលក់ថ្នាំញៀន រកលុយជួយម៉ែបង់ធនាគារ

កូនប្រុសលក់ថ្នាំញៀន រកលុយជួយម៉ែបង់ធនាគារ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ប្រកបរបរដើរលក់ពូក មិនសូវចំណេញ បែកគំនិតទិញថ្នាំញៀន យកមកលក់បន្ត លុះត្រូវសមត្ថកិច្ចចាប់ខ្លួន ព្យាយាមឆ្លើយដោះសាថា មូលហេតុដែលខ្លួនទិញថ្នាំញៀន យកមកលក់នេះ គឺដើម្បីសន្សំប្រាក់ជួយម៉ែបង់ធនាគារ។

ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុប រ៉នី ហៅនី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ពូក មានលំនៅ ភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ (មានសារធាតុញៀន)។ ចំណែកវត្ថតាងចាប់យក រួមមាន ១-សារធាតុញៀន មេតំហ្វេតាមីន (ice) ចំនួន១៧ កញ្ចប់តូច ទម្ងន់សរុប ៣,៤៩ក្រាម។ ២-ទូរស័ព្ទដៃ ចំនួន២គ្រឿង ម៉ាក Oppo។ ៣-ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-1149។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចិន សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានចុះល្បាតនៅក្នុងភូមិសាស្ត្រឃុំកោះចិន លុះមកដល់កន្លែងកើតហេតុ ឃើញជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ពេលនោះជនសង្ស័យក្រឡេកឃើញសមត្ថកិច្ច ក៏បានរត់ចូលព្រៃត្រែង ក្រោមស្ពាន ដោយបន្សល់ទុកម៉ូតូ និងថ្នាំញៀន ចំនួន១៧កញ្ចប់ នៅកន្លែងកើតហេតុ។ ភ្លាមនោះកម្លាំងសមត្ថកិច្ច ធ្វើការឡោមព័ទ្ធ រុករកជនសង្ស័យនៅក្នុងព្រៃត្រែង រហូតដល់ វេលាម៉ោង ៦និង៣០នាទី ព្រលប់ថ្ងៃដដែល ទើបជនសង្ស័យចេញពីព្រៃមក កម្លាំងសមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាង នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀន ចំនួន១៧កញ្ចប់នេះ ពិតជារបស់ខ្លួនមែន គឺទៅទិញពីឈ្មោះភ័ក្ត្រ នៅភូមិព្រះស្រែ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដោយទៅទិញម្តងៗ ចាប់ពី ៣០ម៉ឺនរៀល ទៅ៤០ម៉ឺនរៀល ចន្លោះ២ថ្ងៃ ទើបទៅទិញម្តង យកមកលក់បន្ត មួយកញ្ចប់តូច តម្លៃចាប់ពី ៣ម៉ឺនរៀល ទៅ៥ម៉ឺនរៀល។ ជាក់ស្តែងនៅថ្ងៃកើតហេតុ រូបគេទើបនឹងលក់ថ្នាំញៀនឱ្យគេ បានចំនួន៤នាក់ ក៏ត្រូវសមត្ថកិច្ចចុះបង្ក្រាបតែម្តង។ ដោយឡែក មូលហេតុដែលគេចាប់យករបរលក់ថ្នាំញៀននេះ គឺដោយសារតែដើម្បី រកលុយជួយម្តាយបង់ធនាគារ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES