Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចៅអធិការវ៉ៃ...សិ...ស្ស ជេ...រគ្រូបង្រៀន មន្ត្រីសង្ឃដកតំណែង ដេញចេញពីវត្ត

ចៅអធិការវ៉ៃ…សិ…ស្ស ជេ…រគ្រូបង្រៀន មន្ត្រីសង្ឃដកតំណែង ដេញចេញពីវត្ត

ខេត្តត្បូងឃ្មុំ ៖ ព្រះចៅអធិការវត្តមួយអង្គ ត្រូវបានមន្ត្រីសង្ឃសម្រេចដកតំណែង និងបណ្តេញចេញពីវត្ត បន្ទាប់ពីបែកធ្លាយឃ្លីបវីដេអូតាមបណ្តាញសង្គម ជេរប្រមាថអ្នកគ្រូបង្រៀនម្នាក់ និងបង្កហិង្សាលើសិស្ស ដល់ក្នុងបន្ទប់រៀន។

ចៅអធិការវត្តដែលត្រូវបានមន្ត្រីសង្ឃចដកតំណែង មានព្រះនាម អ៊ុក ម៉ាឫទ្ធី ជាអតតីចៅអធិការវត្តឈើទាលជ្រំ ហៅវត្តកូនត្មាត ស្ថិតក្នុងភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ។

គួរបញ្ជាក់ថា ថ្មីៗនេះ មានការចែករំលែកតៗគ្នាពេញបណ្តាញសង្គម នូវឃ្លីបវីដេអូមួយ បង្ហាញពីព្រះសង្ឃ ១អង្គ ព្រះនាម អ៊ុក ម៉ាឫទ្ធី ជាអតតីចៅអធិការវត្តឈើទាលជ្រំ ហៅវត្តកូនត្មាត បានជេរប្រមាថអ្នកគ្រូបង្រៀន និងបង្កហិង្សាលើសិស្ស ដល់បន្ទប់រៀន ស្ថិតនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ដែលករណីនេះគឺជារឿងចាស់ កើតឡើងតាំងពីអំឡុងឆ្នាំ២០២២ មកម៉្លេះ តែត្រូវបានគេចែកចាយបន្តព្រោងព្រាត។ បន្ទាប់ពីបែកធ្លាយវីដេអូឃ្លីបមួយនេះ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សាលាអនុគណស្រុកត្បូងឃ្មុំ បានចេញសេចក្តីសម្រេចដកភិក្ខុ អ៊ុក ម៉ាឫទ្ធី ចៅអធិការវត្តឈើទាលជ្រំ ហៅវត្តកូនត្មាត ពីតំណែងចៅអធិការវត្ត ជាមួយនោះអ្នកគ្រូបង្រៀនម្នាក់ ក៏បានប្តឹងទាមទារសំណងជំងឺចិត្តពីអតីតព្រះចៅអធិការវត្ត អង្គនេះ ចំនួន៦០លានរៀលទៀតផង។

លោកហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ថា តាមពិតរឿងដែលគេបង្ហោះលើបណ្តាញសង្គម គឺជារឿងចាស់ ដែលកើតឡើងកាលពីអំឡុងឆ្នាំ២០២២ ក្នុងគ្រានោះមានមន្ទីរធម្មការខេត្ត អនុគណស្រុក លោកអភិបាលស្រុកត្បូងឃ្មុំ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានចុះទៅធ្វើការសម្របសម្រួល ដោយឱ្យព្រះចៅអធិការវត្តកូនត្មាតនេះ និមន្តចេញពីវត្ត ដើម្បីបញ្ចប់អធិករណ៍។

ប្រធានមន្ទីរធម្មការខេត្ត បានបន្តឱ្យដឹងទៀតថា ក្រោយពីធ្វើការសម្របសម្រួលរវាងអាជ្ញាធរពាក់ព័ន្ធ ជាមួយនឹងអ្នកគ្រូបង្រៀន គាត់បានយល់ព្រមតាមការណែនាំរបស់អាជ្ញាធរ។ ស្រាប់តែមកដល់ពេលល្ងាច អ្នកគ្រូបង្រៀនរូបនោះ មិនយល់ព្រម ដោយសម្រេចដាក់ពាក្យបណ្តឹងមកសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីធ្វើការដោះស្រាយ និងបានទារសំណងជំងឺចិត្តចំនួន៦០លានរៀលទៀតផង។

ដោយសារតែការដោះស្រាយនៅសាលាដំបូង ចេះតែរង់ចាំយូរ ទើបអ្នកគ្រូបង្រៀនដែលជាជនរងគ្រោះ បានសម្រេចប្តឹងទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដើម្បីឱ្យមានចំណាត់ការលើព្រះសង្ឃអង្គនេះ។ ការរង់ចាំដោយមិនទាន់កាត់ឱ្យភាគីណាមួយឈ្នះឬចាញ់នៅឡើយទេ ស្រាប់តែនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ព្រះចៅអធិការវត្តកូនត្មាត ក្នុងនាមជាប្រធានគណៈកម្មការទ្រទ្រង់សាលាផង បាននិមន្តមកហៅក្មេងសិស្សសាលា ឱ្យជួយរើសដុំថ្មតូចៗដាក់នៅកន្លែងទីចាត់ការ ក្នុងចំណោមនោះ មានកូនក្មេងជាសិស្សសាលា ២ទៅ៣នាក់ មិនព្រមរើស ហើយចៅអធិការវត្ត បានកាច់មែកជ្រៃ យកមកវាយលើកូនសិស្ស ត្រូវបន្តិចបន្តួច ជាហេតុធ្វើឱ្យគ្រូបង្រៀន ដែលជាជនរងគ្រោះ បានឱ្យវីដេអូចាស់ដែលកើតឡើងក្នុងអំឡុងឆ្នាំ២០២២ ទៅឱ្យម្ចាស់អាខោនហ្វេសប៊ុក ឈ្មោះ ចែហៀង ត្បូងឃ្មុំ បង្ហោះពីសកម្មភាពរបស់ព្រះចៅអធិការដែលជេរប្រមាថជេរនូវពាក្យមិនសមរម្យមកលើអ្នកគ្រូបង្រៀនតែម្តង។

សូមបញ្ជាក់ថា នៅក្នុងបរិវេណវត្តនោះ មានសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហើយចៅអធិការ បានឱ្យកូនសិស្សដាំកូនឈើនៅក្បែរអគារសិក្សា សម្រាប់ជាម្លប់ ទៅថ្ងៃអនាគត តែចៃដន្យដោយសារតែអាកាសធាតុមានការប្រែប្រួល ធ្វើឱ្យកូនឈើស្វិតស្រពោនងាប់ សិស្សបានកាប់កូនឈើនោះចោល ធ្វើឱ្យចៅអធិការមានការអាក់អន់ចិត្ត ដោយព្រះអង្គមានថេរដីកាថា “កូនឈើនោះមិនទាន់ងាប់នៅឡើយទេ ម្តេចក៏កាប់ចោលបែបនេះ…”។

ប្រធានមន្ទីរធម្មការខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ព្រះសង្ឃអង្គនេះ មានព្រះនាម អ៊ុក ម៉ាឫទ្ធី ព្រះចៅអធិការវត្តឈើទាលជ្រំ ហៅវត្តកូនត្មាត ស្ថិតក្នុងភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកអ្នកគ្រូបង្រៀន មានឈ្មោះប៊ុន ឆេងឡូត ជានាយិការរង នៃអនុវិទ្យាល័យអញ្ចើម ស្ថិតនៅភូមិឃុំជាមួយគ្នា។

ក្រោយមានជម្លោះក្នុងអំឡុងឆ្នាំ២០២២ អ្នកគ្រូ ប៊ុន ឆេងឡូត បានដាក់ពាក្យប្តឹងភិក្ខុ អ៊ុក ម៉ាឫទ្ធី ចំនួន៣ចំណុច  រួមមាន ទី១-ជេរប្រមាថ។ ទី២-គំរាមកំហែង ប៉ុនប៉ងធ្វើមនុស្សឃាត ហើយប្រើអាកប្បកិរិយាមិនសមរម្យមកលើខ្លួន និងទី៣-បង្កភាពអនាធិបតេយ្យនៅកន្លែងអប់រំ (សាលាក្នុងម៉ោងសិក្សា) កាលពីវេលាម៉ោង ២និង០៥នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

ជាមួយួនេះ ភាគីអ្នកគ្រូបង្រៀន បានទាមទារសំណងជំងឺចិត្ត ចំនួន ៦០លានរៀល និងសុំឱ្យដកព្រះគ្រូចៅអធិការវត្ត ព្រះតេជគុណព្រះនាម អ៊ុក ម៉ាឫទ្ធី ចេញពីវត្តឈើទាលជ្រំ ហៅវត្តកូនត្មាត ហើយសូមមន្ត្រីសង្ឃ សាលាអនុគណ រកយុត្តិធម៌ និងដោះស្រាយឱ្យអ្នកគ្រូ។

ភ្លាមៗ ៤ថ្ងៃបន្ទាប់ ពាក់ព័ន្ធរឿងនេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ព្រះគ្រូមធុរធម្មរង្សី វ៉ាន ដាវី ព្រះអនុគណស្រុកត្បូងឃ្មុំ លោកសេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ និងលោកហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ រួមទាំងអ្នកពាក់ព័ន្ធ បានបើកកិច្ចប្រជុំនៅសាលាស្រុកត្បូងឃ្មុំ សម្រេចសម្របសម្រួលដើម្បីបញ្ចប់បញ្ហា។

ក្នុងនោះ ស្នើឱ្យអ្នកគ្រូ ប៊ុន ឆេងឡូត ដកពាក្យបណ្តឹង បន្ទាប់មក ចាត់វិធានការរួមមាន ៖

-បញ្ចប់តំណែងភិក្ខុ អ៊ុក ម៉ាឫទ្ធី ពីចៅអធិការវត្តឈើទាលជ្រំ

-និមន្តចេញពីវត្តឈើទាលជ្រំ ហៅកូនត្មាត ទៅគង់នៅវត្ត គិរីរស្មី ហៅវត្តចុងអូរ ស្ថិតក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ចំពោះគណៈកម្មការ លោកអាចារ្យវត្តនេះ ត្រូវរៀបចំសមាសភាពថ្មីឡើងវិញ បន្ទាប់ពីការតែងតាំងព្រះចៅអធិការថ្មីរួច។

មន្ត្រីសង្ឃ សាលាអនុគណស្រុកត្បូងឃ្មុំ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះធ្វើបញ្ជីសារពើភណ្ឌរបស់វត្តឈើទាលជ្រំ ហៅកូនត្មាត ឱ្យបានមុនថ្ងៃដែលភិក្ខុ អ៊ុក ម៉ាឫទ្ធី និមន្តចេញពីវត្ត។ ក្រោយពីផ្ទុះរឿងជាថ្មីនេះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរស្រុក និងព្រះមន្ត្រីសង្ឃស្រុក បានបើកកិច្ចប្រជុំភ្លាមៗ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក៏សម្រេចបញ្ចប់តំណែងភិក្ខុ អ៊ុក ម៉ាឫទ្ធី ពីចៅអធិការវត្តឈើទាលជ្រំ ហៅវត្តកូនត្មាត និងនិមន្តចេញពីវត្ត ទៅគង់នៅសាលាអនុគណស្រុកត្បូងឃ្មុំ ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES