Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ាគីស្ថាន ចាប់ជំរិតឥណ្ឌា ទារ២ម៉ឺនដុល្លារ

ប៉ាគីស្ថាន ចាប់ជំរិតឥណ្ឌា ទារ២ម៉ឺនដុល្លារ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌសែនសុខ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានបំបែកសំណុំរឿងចាប់ជំរិតទារប្រាក់ ១ករណី ដោយឃាត់ខ្លួនជនជាតិប៉ាគីស្ថាន ចំនួន២នាក់ ដែលបានធ្វើសកម្មភាពចាប់ជនជាតិឥណ្ឌា ចំនួន២នាក់ បង្ខាំងទុកដោយខុសច្បាប់ ក្នុងគោល បំណងជំរិតទារប្រាក់ ២ម៉ឺនដុល្លារ។

 ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ SABTAIN BIN NASIR ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិប៉ាគីស្ថាន មុខរបរទេសចរណ៍ និងទី២-ឈ្មោះ SYED ALI HUSSAIN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិប៉ាគីស្ថាន មុខរបរទេសចរណ៍។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅខុនដូ ឌឹហ្គាឌិន រេស៊ីឌិនស៊ី តាមផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះ មានចំនួន២នាក់ រួម មាន ទី១-ឈ្មោះ MAHAMAMD SAAD ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឥណ្ឌា និងទី២-ឈ្មោះ SUJIT KUMAR ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌាដូចគ្នា។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ និងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការបង្ក្រាបជាក់ស្តែង ពាក់ព័ន្ធករណីអំពើបង្ខាំងមនុស្សដោយខុសច្បាប់ (យកក្រណាត់ចងដៃជើង រុំមាត់ និងភ្នែក វាយដំ ទុកនៅក្នុងបន្ទប់ខុនដូ) នៅចំណុចក្នុងបន្ទប់លេខ១៩០៧ ជាន់ទី១៩ នៃខុនដូ  ឌឹហ្គាឌិន រេស៊ីឌិនស៊ី ស្ថិតនៅតាម ផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

តាមការបំភ្លឺរបស់ជនរគ្រោះឈ្មោះ MOHAMMAD SAAD ជនជាតិឥណ្ឌា បានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគេចូលមកប្រទេសកម្ពុជា លើកដំបូងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ តាមច្រកទ្វារអន្តរជាតិភ្នំពេញ គោលបំណងមករកការងារធ្វើ ដោយស្នាក់នៅអគារខុនដូ The Garden Residency ជាន់ទី១៩ បន្ទប់លេខ១៩០៧ ស្ថិតនៅផ្លូវលេខ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ចូលស្នាក់នៅ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤)។ អំឡុងស្នាក់នៅប្រទេសកម្ពុជា បានទៅធ្វើការនៅខេត្តព្រះសីហនុ ជាកម្មករសំណង់ចល័ត ទទួលបាន ប្រាក់ចំនួន ២០ដុល្លារ ក្នុង១ថ្ងៃ (ធ្វើការគិតជាថ្ងៃ)។

ជនរងគ្រោះ បានបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ រូបគេ បានជួបជនជាតិប៉ាគីស្ថាន ចំនួន៣នាក់ រួមមាន ទី១-ឈ្មោះ SHAH SYED ALI HUSSAIN  (ឈ្មោះហៅក្រៅ ALI) ភេទប្រុស អាយុ៣៤ឆ្នាំ។ ទី២-ឈ្មោះ  SABTAIN BIN NASIR ភេទប្រុស អាយុ៣២ឆ្នាំ និងទី៣-ឈ្មោះ SHERRY (ឈ្មោះហៅក្រៅ) នៅភោជនីយដ្ឋានឥណ្ឌា ១កន្លែង មិនចាំឈ្មោះនៅ ខេត្តព្រះសីហនុ ដើម្បីពិភាក្សាគ្នាបើកភោជនីយដ្ឋានឥណ្ឌា នៅរាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានមកស្នាក់នៅជុំគ្នាក្នុងអគារខុនដូខាងលើ គោលបំណង ដើម្បីស្វែងរកទីតាំងបើកភោជនីយដ្ឋានឥណ្ឌា ជាមួយជនជាតិប៉ាគីស្ថាន ទាំង៣នាក់នេះ។

ជនរងគ្រោះ បញ្ជាក់ថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បក្ខពួកជនជាតិប៉ាគីស្ថាន ទាំង៣នាក់ បានចាក់សោ ទ្វារបន្ទប់រូបគេ និងជនជាតិឥណ្ឌាម្នាក់ទៀត ឈ្មោះ SUDIT KUMAR ភេទប្រុស អាយុ៣០ឆ្នាំ មិនឱ្យចេញក្រៅ ហើយដកហូតលិខិតឆ្លងដែន ចំនួន២ច្បាប់ ទូរស័ព្ទដៃ  ចំនួន៤គ្រឿង លុយ ចំនួន៨០០ដុល្លារ ក្នុងម្នាក់ សរុប១៦០០ដុល្លារ។ ក្នុងពេលនោះជនសង្ស័យ បានចាប់ពួកគេជាជនរងគ្រោះចង វាយដំ និងជំរិតទារប្រាក់ ម្នាក់ចំនួន ១ម៉ឺនដុល្លារ សរុប២នាក់ ២ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង។

រហូតដល់ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ពេលដែលជនសង្ស័យជាជនជាតិប៉ាគីស្ថាន ទាំង៣នាក់ មិននៅ រូបគេជាជនរងគ្រោះ ទាំង២នាក់ បានស្រែកហៅឱ្យគេជួយ ក្រោយមកក៏មានបុគ្គលិកខុនដូខាងលើ បើកទ្វារបន្ទប់ និងបានបញ្ជូនពួកគេទាំង២នាក់ មកប៉ុស្តិ៍នគរបាល រដ្ឋបាលភ្នំពេញថ្មី ហើយសមត្ថកិច្ចបាននាំបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ តែម្តង។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES