ភ្នំពេញ ៖ សាច់បង្កកខូចគុណភាព ទម្ងន់ប្រមាណ៤,៦តោន ដែលមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រឹបអូសបានពីទីតាំងំស្តុកសាច់សត្វ មួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ត្រូវបាននាំយកទៅដុតកម្ទេចចោលនៅទីលានចាក់សំរាមខណ្ឌដង្កោ កាលពីនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។
ការបង្ក្រាបបទល្មើសចលនាសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វនេះ ដោយមានការសម្របសម្រួលពីព្រះ រាជអាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យក្រុក្រុមការងារអន្តរាគមន៍បង្ក្រាបបទ ល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ និងសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជា ធ្វើការដុតកម្ទេចចោលផលិតផលសត្វបង្កក ចំនួន ៤,៦៨៥គីឡូក្រាម គ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ និងផ្ទុយពីវិធានការហាម ឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក ក្នុងរយៈពេល៦ខែ នៃសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤៕