Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀងខ្យល់កន្ត្រាក់ រលំផ្ទះ៨ខ្នង

ភ្លៀងខ្យល់កន្ត្រាក់ រលំផ្ទះ៨ខ្នង

ខេត្តឧត្តរមានជ័យ ៖ លំនៅឋានប្រជាពលរដ្ឋ ចំនួន៨ខ្នង ត្រូវបានដួលរលំបាក់ទាំងស្រុង និងខ្លះទៀតរងការ ខូតខាតប៉ើងរបើកដំបូល ក្រោយជួបគ្រោះធម្មជាតិ ភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ធ្វើឱ្យប៉ះពាល់ចំនួន២សង្កាត់ (សង្កាត់បន្សាយរាក់ និងសង្កាត់បុស្បូវ) ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

បន្ទាប់ពីទទួលបានព័ត៌មានថា ផ្ទះប្រជាពលរដ្ឋត្រូវបានដួលរលំចំនួន៨ខ្នង ស្ថិតនៅត្រង់ចំណុចខាងលើ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៏ឯក  ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានដឹកនាំកម្លាំងចំនួន២០ នាក់ ចូលរួមអមដំណើរលោកផុន ចាន់និល អភិបាលក្រុងសំរោង ដឹកនាំក្រុមការងារ អាជ្ញាធរសង្កាត់ ភូមិ ចុះពិនិត្យស្ថានភាពផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់ សរុបចំនួន៨ខ្នង នៅក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ និងភូមិអូរព្រាល សង្កាត់បុស្បូវ ដោយនៅក្នុងសង្កាត់បុស្បូវ ភូមិអូរព្រាល ខូចខាតដំបូលផ្ទះ ចំនួន៧ខ្នង។ ចំណែកសង្កាត់បន្សាយរាក់ ភូមិកំណប់ ដួលរលំខូចខាតទាំងស្រុង ចំនួន១ខ្នង ទំហំ ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ សង់ពីឈើ ប្រក់ស័ង្កសី ជញ្ជាំងសង្ក័សី។

គួរបញ្ជាក់ថា ករណីរងការខូតខាតដោយសារតែគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ អាជ្ញាធរសង្កាត់ កំពុងរៀបចំរបាយការណ៍លម្អិតអំពីការខូចខាតជាក់ស្តែង  ដើម្បីស្នើសុំសម្ភារៈទៅ ក្រុមការងារចុះជួយសង្កាត់ សម្រាប់ធ្វើការជួសជុលឱ្យប្រជាពលរដ្ឋបានរស់នៅជាធម្មតាវិញ។

សូមជម្រាបផងដែរថា ចំពោះបាតុភូតធម្មជាតិ  ភ្លៀងលាយខ្យល់កន្ត្រាក់ខាងលើនេះ ពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វអ្វីឡើយ គ្រាន់តែខូតខាតផ្ទះសម្បែងតែប៉ុណ្ណោះ៕

RELATED ARTICLES