Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឈប់ឡានមិនពន្លត់ ចោរលួចបើកយកទៅប្លុងចោល

ឈប់ឡានមិនពន្លត់ ចោរលួចបើកយកទៅប្លុងចោល

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ខណៈឈប់រថយន្តដោយមិនពន្លត់ម៉ាស៊ីន ដើម្បីចូលទិញខោអាវ ស្រាប់តែមានជនសង្ស័យម្នាក់ ដើរមកលួចបើករថយន្តយកទៅបាត់ ដោយទាំងកូនប្រុស និងម្តាយចាស់ជរារបស់ម្ចាស់រថយន្ត ទៅជាមួយផង បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដេញ តាមនិងពួនស្ទាក់ ទីបំផុតជនសង្ស័យបានទម្លាក់មនុស្សទាំង២នាក់ និងបានផ្លុងរថយន្តចោល រួចរត់គេចខ្លួនបាត់។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង២៣នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៨និង២៣នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចខាងកើតបេនឡានតូច ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានករណីចោរលួចរថយន្ត ១គ្រឿង ម៉ាក Lexus RX-330 ពណ៌ស ពាក់ស្លាកលេខ ប.មានជ័យ 2C-4361 ដែលមានម្ចាស់ ឈ្មោះសំ សុវណ្ណ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ មានលំនៅ ភូមិផ្សារកណ្តាលសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ខណៈដែលជនរងគ្រោះ បើករថយន្តរបស់ខ្លួន ដើម្បីចុះទៅទិញខោអាវ ដោយមានកូនប្រុសម្នាក់ឈ្មោះសំ សិលា អាយុ១៣ឆ្នាំ និងម្តាយឈ្មោះ អៀ គឹមហោ អាយុ៨៣ឆ្នាំ អង្គុយរង់ចាំនៅក្នុងរថយន្ត ស្រាប់តែប្រមាណ១០នាទី ក្រោយមក មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានដើរមកបើកទ្វារចូលក្នុងរថយន្ត រួចបើកចេញទៅតាមបណ្តោយផ្លួវស្តង់តាងួនបាត់។

លោកស្នងការ បានបន្តថា ពេលជនសង្ស័យបើកដល់ចំណុចស្រះបេះដូង ជនសង្ស័យបានឱ្យក្មេងប្រុសជាកូនប្រុសម្ចាស់រថយន្ត ចុះពីលើរថយន្ត រួចបន្តដំណើរទៅតាមផ្លូវជាតិលេខ៥៨ ដល់ចំណុចផ្លូវបំបែកអូរនាង ជន សង្ស័យក៏បានឱ្យស្ត្រីចំណាស់ជាម្តាយរបស់ម្ចាស់រថយន្ត ចុះពីលើរថយន្ត រួចបើកត្រឡប់ទៅទិសខាងត្បូងវិញ។

បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោស្នងការ បានដឹកនាំបញ្ជាផ្ទាល់កម្លាំងជំនាញ កម្លាំងអធិការនគរបាល ក្រុងប៉ោយប៉ែត ចេញប្រតិបត្តិការល្បាត ពួនស្ទាក់ រហូតរកឃើញរថយន្តនៅត្រង់ចំណុចផ្សារសមាគម ប្រគល់ឱ្យម្ចាស់វិញ នៅវេលាមោង ១០និង៣០នាទី ហើយជនសង្ស័យគេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ស្នងការ បាបញ្ជាក់ថា ករណីនេះពុំបានបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ ហើយសម្ភារៈនៅក្នុងរថយន្តមាន ទូរស័ព្ទ ២គ្រឿង ត្រូវបានជនសង្ស័យលួចយកទៅបាត់។ បើតាមកូនប្រុសម្ចាស់ឡានក្រោយត្រឡប់មកវិញ បាននិយាយថា ជនសង្ស័យមានកាំភ្លើង ១ដើមទៀតផង។

ជុំវិញករណីនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES