ភ្នំពេញ៖អ៊ីវ៉ា ត្រូវដឹកដៃគូណ្ដឹងនាងលោកលី សេងហួរ រៀបការតាំងពីដើមឆ្នាំ២០២៤ ព្រោះពេលនោះនាងមានអាយុ៣០ឆ្នាំគត់ដែលជាវ័យដែលនាងយល់ថាល្មមគិតគួរដល់ពេលការប្ដី។ប៉ុន្ដែរឿងដែលលោកវ៉ាវ ឪពុករបស់នាងញញឹមទុកជាមុនជាច្រើនខែនោះបានប្រែក្លាយធ្វើឲ្យលោកប្រែទៅជាមិនសប្បាយទៅវិញព្រោះនៅទីបំផុតស្រីនាថ អត់ហ៊ានគ្រងឈុតកូនក្រមុំមែនទែន នៅឆ្នាំ២០២៤ ទេបើទោះជានាងនិងលោកសេងហួរ បានមើលចិត្តថ្លើមគ្នាអស់រយៈពេលជាង៨ឆ្នាំ ហើយពេលនេះសូម្បីតែរថយន្ដនាងម៉ាកFord Everest ក៍ប្រើឈ្មោះរួមគ្នាជាមួយគូដណ្ដឹងគឺ”កម្ពុជា NH.LSH .9) ដែលមានន័យថាចិត្ត១ ថ្លើម១ ក្ដី ប៉ុន្ដែមង្គលការរបស់ពួកគេនៅស្រពិចស្រពិលនៅឡើយ។ចំណែកស្រីនាថ និងលោកវ៉ាវ វិញរយៈពេលចុងក្រោយនេះទូរស័ព្ទចូលមិនដែលទទួលទទួលឡើយ ឬមានពេលខ្លះគ្រាន់តែស្ដាប់ថាជាអ្នកសារព័តមានសួរអ៊ីវ៉ា ចុចផ្ដាច់មុនសួរសំណួរចប់ក៍មាន…។សកម្មភាពបែបនេះបញ្ជាក់ថាអ៊ីវ៉ា លែងប្រាកដពីថ្ងៃរៀបការទៀតហើយ ទើបពិបាកឆ្លើយ ទោះជាគូដណ្ដឹងរបស់នាងលោកសេងហួរ ចាំតែសម្របខ្លួនតាមនាងគ្រប់ពេលវេលាក្ដី ។
គួររំលឹកថាអ៊ីវ៉ា បានសាងស្នេហាជាមួយលោកលី សេងហួរ ម្ចាស់ក្លិបបាល់ទាត់សៀមរាបយូណាយធីតតាំងពីឆ្នាំ២០១៦ ប៉ុន្ដែស្រីនាថ និងលោកហួរ ទើបព្រមបណ្ដើរនិងកៀកកើយគ្នាជាចំហនៅឆ្នាំ២០២៣ ប៉ុណ្ណោះ ដោយសារតែមិនអាចលាក់បាំងបានតទៅទៀត។ប្រភពបានឲ្យដឹងថាលោកហួរ ចង់រៀបការឆាប់ៗតាមដែលអាចធ្វើទៅបាន ព្រោះកាលពីពាក់កណ្ដាលឆ្នាំ២០២៣ ប្អូនប្រុសរបស់លោកឈ្មោះលី សេងថៃ បានរៀបការមុនរូបលោកជាបងទៅហើយ ។ប៉ុន្ដែស្រីនាថ បែជានៅស្ទាក់ស្ទើចិត្តទៅវិញ ព្រោះខ្លាចការប្ដីទៅធ្លាក់ហៅលែងឭ។ដោយឡែកលោកវ៉ាវ វិញធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកចង់ឲ្យកូនស្រីរៀបការឲ្យកាន់តែឆាប់ រឹតតែល្អ ព្រោះបើបានកូនប្រសារហើយលោកអាចនៅផ្ទះសម្រាកបានច្រើន ព្រោះមានប្ដីកូនស្រីជំនួសដៃជើង ដោយសារលោកធ្លាប់រ៉ាប់រងការងារមួយនេះរយៈពេលជាង១០ឆ្នាំមកហើយ ពោលគឺបានដឹកកូនស្រីច្រៀងសម្ដែងគ្រប់ច្រកល្ហកទាំងអស់ ។ប៉ុន្ដែតាមប្រភពថាក្រៅពីចង់ឲ្យប្រសារធ្វើជាតៃកុងឡានឲ្យអ៊ីវ៉ា ទៅច្រៀងតាមឆាកនោះលោកវ៉ាវ ដែលមានប្រពន្ធថ្មីអាយុស្មើអ៊ីវ៉ា និងមានកូនតូចម្នាក់ទៀតនោះលោកក៍ចង់បានចៅពដែរ ហេតុនេះហើយបានជាលោក មិនសប្បាយចិត្តទេ ពេលឭថាស្រីនាថ ក្រាញមិនព្រមរៀបការនៅឆ្នាំ២០២៤ ។ប្រសិនបើស្រីនាថ នៅអូសក្រឡារឿងរៀបការបែបនេះទៀតលោកវ៉ាវ នៅតែអផ្សុក និងមួម៉ៅរឿងគ្មានចៅបីប្រលែងលេង ព្រោះអ៊ីវ៉ា នឹងមិនហ៊ានពពោះមុនរៀបការឡើយ។
អ៊ីវ៉ា បានផាត់ចោលសំណើរស្នេហាពីបុរសម្នាក់ដែលគេស្គាល់ថាជាប្អូនមន្រ្ដីធំផ្កាយ៣ ឈ្មោះ”ប”ជាថៅកែហាងបញ្ចាំនិងក្លឹបធំមួយនៅសៀមរាប កាលពីឆ្នាំ២០១៤ ហើយទោះជាលោកថៅកែសុំផ្សះផ្សារស្នេហានាងជាថ្មីយ៉ាងណាក៍នាងមិនព្រមជាដាច់ខាត ព្រោះតែប្រុសវ័យវចំណាស់នោះប្រចណ្ឌនិងហួងហែងនាងខ្លាំងពេក ដែលខុសពីលោកថៅកែសេងហួរ វិញលោកបើកសិទ្ធិឲ្យស្រីនាថ លេងសិល្បៈដោយសេរីតែម្ដង ។តែរាល់សកម្មភាពរបស់អ៊ីវ៉ា លោកហួរ ក៍តាមដាននាងជាប្រចាំដែរដូចជាត្រូវច្រៀងនៅខេត្តណា និងទៅដល់ផ្ទះវិញនៅម៉ោងប៉ុន្មានជាដើម ។ប្រភពបានឲ្យដឹងថាមានពេលខ្លះលោកហួរ ក៍ធ្លាប់ដឹកស្រីនាថ ទៅច្រៀងជំនួសលោកវ៉ាវ ម្ដងម្កាលដែរ តែមិនជាប្រចាំនោះទេ ព្រោះលោកមមាញឹកច្រើនទៅលើការគ្រប់គ្រងនិងដឹកនាំក្លឹបបាល់ទាត់សៀមរាបយូណាយធីត ។
ក្រៅពីគ្មានដំណឹងការប្ដីឆាប់ៗនេះអ៊ីវ៉ា ក៍មិនមានព័តមានទាក់ទងនាងចង់ប្ដូរទ្រនុំច្រៀងនៅឆ្នាំ២០២៤ នេះដែរ បើទោះមានផលិតកម្មដល់ទៅ៣គឺGalaxy ,ហង្សមាស និងថោន រងចាំត្រងនាងក្ដី ។ប្រភពបានឲ្យដឹងថាស្រីនាថ ពេញចិត្តចំពោះល័ក្ខខណ្ឌដែលថៅកែសាន់ដេផ្ដល់ឲ្យនាងពោលគឺច្រៀងបទណាដែលខ្លួនឯងស្រលាញ់ និងមានសិទ្ធិបដិសេធបទដែលនាងមិនពេញចិត្ត ហើយច្រៀងដោយមិនចាំបាច់មានកុងត្រានោះ។ប៉ុន្ដែបើស្រីនាថ ត្រូវដើរចេញពីសាន់ដេនោះGalaxy ជាជម្រើសរបស់នាងច្រើនជាងផលិតកម្មផ្សេង៕