ទីផ្សារម្រេច
វៀតណាម៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរំពឹងថាផលិតផលម្រេចនឹងនៅតែជាមុខទំនិញស្រូបយករូបិយប័ណ្ណបរទេសដ៏សំខាន់សម្រាប់វៀតណាមក្នុងឆ្នាំ២០១៧នេះ ជាមួយនិងការដាក់ទិសដៅទាញយកចំណូលពីការនាំចេញចំនួន១,៦ប៊ីលានដុល្លារថ្វីបើមានការធ្លាក់ចុះក្នុងផ្នែកទិន្នផលនៅតាមតំបន់ប្រកបកសិកម្មមួយចំនួនយ៉ាងណាក្តី ។
ជាមួយនិងក្តីរំពឹងនៃកំណើន១៣%ពីមួយឆ្នាំទៅមួយឆ្នាំ ផលិតផលម្រេចវៀតណាមត្រូវបានគេរំពឹងថានឹងស្ថិតក្នុងចំណោមទំនិញ១៣មុខដែលរកចំណូលពីការនាំចេញជាង១,៥ប៊ីលានដុល្លារក្នុងឆ្នាំ២០១៧នេះ ។
ក្នុងអំឡុងឆ្នាំ២០១៦ វៀតណាមបាននាំចេញម្រេចទៅបរទេសចំនួន១៧៧.០០០តោនដែលមានទំហំទឹកប្រាក់១,៤២ប៊ីលានដុល្លារកើនឡើង៣៤,៣%ផ្នែកបរិមាណ និង១២,៩%ផ្នែកទំហំទឹកប្រាក់។
ចំណែកទីផ្សារដែលមានកំណើនខ្លាំងក្លាជាងគេបំផុតក្នុងការនាំចូលផលិតផលម្រេចវៀតណាមគឺប៉ាគីស្ថានកើន ៣,១៤ដង ហ្វីលីពីនកើន៣ដង សហរដ្ឋអាមេរិកកើន ៣១,៣% អេហ្ស៊ីបកើន២៣,២% អេស្ប៉ាញកើន១៤% និងឥណ្ឌាកើន១២% ។
ក្នុងខែមករាឆ្នាំ២០១៧ វៀតណាមនាំចេញម្រេចបានប្រមាណជា៨.០០០តោនក្នុងទំហំទឹកប្រាក់៥៦លានដុល្លារ ធ្លាក់ចុះ១៨%ផ្នែកបរិមាណនិង៣៧%ផ្នែកទំហំទឹកប្រាក់។
ក្នុងតំណែងជាអ្នកនាំចេញផលិតផលម្រេចធំជាងគេបំផុតលើពិភពលោក វៀតណាមនឹងរីករាយជាមួយនិងកំណើននាំចេញលឿនជាងមុនថែមទៀតក្នុងឆ្នាំ២០១៧ ។
សមាគមម្រេចវៀតណាមបានព្យាករថាទិន្នផលម្រេចរបស់ប្រទេសជាតិនឹងកើនឡើងយ៉ាងតិច១៥%ក្នុងរដូវដាំដុះឆ្នាំ២០១៦-២០១៧ បើទុកជាការប្រមូលផលនៅតាមតំបន់មួយចំនួនអាចថយចុះដោយសារតែជំងឺកើតឡើងលើដើមម្រេចនិងគ្រោះរាំងស្ងួតកាលពីឆ្នាំទៅយ៉ាងណាក្តី ។
ដោយឡែកទិន្នផលដាំដុះឆ្នាំ២០១៦-២០១៧ទំនងជានឹងកើន១៥ទៅ២០%ពីអំឡុងឆ្នាំ២០១៥-២០១៦ ដែលនាំមកនូវផលិតកម្មម្រេចឆ្នាំនេះសម្រេចបានចំនួន១៨០.០០០តោន ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា