Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ញើឡានមុខផ្ទះគេ ចោរលួចបាត់

ផ្ញើឡានមុខផ្ទះគេ ចោរលួចបាត់

ភ្នំពេញ ៖ បុរសម្នាក់ ដោយសារតែផ្ទះរបស់ខ្លន្យគ្មានកន្លែងសម្រាប់ទុករថយន្ត ក៏យករថយន្ត ១គ្រឿង ទៅផ្ញើទុកនៅមុខផ្ទះអ្នកភូមិ ជារៀងរាល់ថ្ងៃ លុះចុងក្រោយ ព្រឹកឡើងរៀបចំទៅយករថយន្ត បំណងទៅដឹកសម្ភារៈរោង ចក្រ ស្រាប់តែបាត់រថយន្ត ទើបផ្អើលឆោឡោថាចោរលួចរថយន្ត ក៏ប្រញាប់ប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។ករណីចោរលួចរថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង០៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

រថយន្តដែលត្រូវចោរលួចយកបាត់នោះ ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-5435 ជាកម្ម សិទ្ធិរបស់ឈ្មោះឡឹង សេរីវុធ អាយុ២៩ឆ្នាំ មុខរបរដឹកសម្ភារៈរោងចក្រ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅ ភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមសម្តីបុរសរងគ្រោះជាម្ចាស់រថយន្ត បានរៀបរាប់ប្រាប់ថា ផ្ទះរបស់ខ្លួន គ្មានកន្លែងសម្រាប់ទុករថយន្តទេ ទើបខ្លួនតែងយករថយន្តទៅផ្ញើនៅមុខផ្ទះកើតហេតុនោះ រាល់ថ្ងៃ ដោយកន្លងមកពុំដែលមានបញ្ហានោះទេ។ លុះដល់វេលាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ខ្លួនក៏បានយករថយន្តទៅទុកទៅមុខផ្ទះនោះទៀត បន្ទាប់មកបានចូលទៅដេកនៅក្នុងផ្ទះ។ រហូតមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ខ្លួនបានទៅយករថយន្ត ដើម្បីបើកទៅដឹកសម្ភារៈរោងចក្រ ស្រាប់តែចោរលួចរថយន្តបាត់។

បុរសជាម្ចាស់រថយន្ត បានប្រាប់ថា ខ្លួនពុំបានដឹងថា ចោរលួចរថយន្តតាំងពីពេលណានោះទេ ហើយក៏បានឆែកកាមេរ៉ាដែលបំពាក់នៅផ្ទះកើតហេតុនោះមើល ទើបបានឃើញ និងដឹងថា ចោរចូលទៅលួចរថយន្ត នៅវេលាម៉ោង ២និង០៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលសំរោងក្រោម ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកក្រុមចោរ និងរថយន្តមកវិញ៕

RELATED ARTICLES