Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះហាងលក់ទូរស័ព្ទ ឆេះទូរស័ព្ទនិងម៉ូតូ២គ្រឿង

ភ្លើងឆេះហាងលក់ទូរស័ព្ទ ឆេះទូរស័ព្ទនិងម៉ូតូ២គ្រឿង

ភ្នំពេញ ៖ ហាងលក់ទូរស័ព្ទ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យឆេះខូចខាតម៉ូតូ ចំនួន២គ្រឿង និងទូរស័ព្ទ ព្រមទាំងគ្រឿងបន្លាស់ទូរស័ព្ទមួយចំនួន តែពុំបណ្តាលឱ្យឆេះរាលដល់អ្នកក្បែរខាង ឡើយ។

ហេតុការណ៍អគ្គិភ័យខាងលើ បានកើតឡើង កាលពីវេលាម៉ោង ៧និង២៥នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចហាងលក់ទូរស័ព្ទ ណារិទ្ធ ទិញលក់ទូរស័ព្ទគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៧ ផ្លូវលេខ១៤២ ក្រុម២២ ភូមិ៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បន្តថា ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យ ដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំង អស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៧គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប រថយន្តជំនួយមកពីទីក្រុងកោះពេជ្រ ចំនួន២គ្រឿង ពុំបានប្រើប្រាស់ទឹក រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះនរា ចំនួន១គ្រឿគ្រឿង ពុំបានប្រើ ប្រាស់ទឹក និងរថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងអូឡាំព្យ៉ា ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ទៀតថា ចំពោះប្រភេទសំណង់ខាងលើនេះ គឺថ្មបេតុង ទំហំ ១,៥ម៉ែត្រ គុណនឹង ៥ម៉ែត្រ។ ចំពោះទ្រព្យសម្បត្តិ និងសម្ភារៈដែលឆេះខូចខាត រួមមាន ម៉ូតូ ចំនួន២គ្រឿង ខូចខាតប្រមាណ ៣០ភាគរយ ទូរស័ព្ទនិងគ្រឿងបន្លាស់ទូរស័ព្ទ ខូចខាតប្រមាណ៨០ភាគរយ តែពុំបណ្តាលឱ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។

 ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការបាញ់ឱ្យរលត់ នៅវេលាម៉ោង ៧និង៥៥នាទីយប់ ថ្ងៃដដែល។ ដោយឡែក មូលហេតុ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី តែមិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕

RELATED ARTICLES