Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ម៉ែទិញនំបញ្ចុកឱ្យកូនហូប ពុ...លស្លា...ប់១ ដេកពេទ្យ២

 ម៉ែទិញនំបញ្ចុកឱ្យកូនហូប ពុ…លស្លា…ប់១ ដេកពេទ្យ២

ខេត្តសៀមរាប ៖ ស្ត្រីម្នាក់ បានទិញនំបញ្ចុក ពីអ្នកលក់តាមម៉ូតូ យកមកហូប និងទិញទុកឱ្យកូនប្រុសស្រី៣នាក់ ហូបផងដែរ លុះក្រោយពីកូនទាំង៣នាក់ហូបរួច ចាប់ផ្តើមកើតមានអាការឈឺក្បាល វិលមុខ ក្អួតចង្អោរ ធ្វើឱ្យក្រុមគ្រួសារមានការឆោឡោ ប្រញាប់ដឹកបញ្ជូនកូនទៅកាន់មន្ទីរពេទ្យភ្លាមដែរ តែអកុសល ពេលទៅដល់ កូនប្រុសម្នាក់បានដាច់ខ្យល់ស្លាប់ ខណៈកូនស្រី២នាក់ទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ។

យុវជនដែលបាត់បង់ជីវិត សង្ស័យពុលនំបញ្ចុក មានឈ្មោះសួន ពិសិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ។ ចំណែកក្មេងស្រី ២នាក់ទៀត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទី១-ឈ្មោះសួន ស្រីណុត អាយុ១៤ឆ្នាំ និងទី២-ឈ្មោះសួន គន្ធា អាយុ១១ឆ្នាំ។ ជនរងគ្រោះទាំង៣នាក់ខាងលើ ត្រូវជាបងប្អូនបង្កើត មានឪពុកឈ្មោះឃ្លាំង សួន ម្តាយឈ្មោះហ៊ុន គឿន អាយុ៥០ឆ្នាំ និងមានលំនៅក្នុងភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្ត្រីឈ្មោះហ៊ុន គឿន ត្រូវជាម្តាយរបស់ជនរងគ្រោះទាំង៣នាក់ខាងលើ បានទិញនំបញ្ចុក ពីឈ្មោះប៊្លូ រស់នៅភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម ដែលតែងជិះលក់តាមម៉ូតូ នៅក្នុងបរិវេណស្រុកស្វាយលើ ចំនួន១គីឡូក្រាម យកមកហូប។ លុះពេលយកមកដល់ផ្ទះ ស្ត្រីជាម្តាយ ហូបខ្លះ និងទុកខ្លះ ឱ្យកូនៗទាំង៣នាក់។

ប្រភពដដែល បន្តថា រហូតមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃដេដែល ទើបកូនៗទាំង៣នាក់ រួមមាន ទី១-ឈ្មោះសួន ពិសិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ទី២-ឈ្មោះសួន ស្រីណុត ភេទស្រី អាយុ១៤ឆ្នាំ និងទី៣-ឈ្មោះសួន គន្ធា ភេទស្រី អាយុ១១ឆ្នាំ បាននាំគ្នាហូបនំបញ្ចុក ដែលម្តាយទុកឱ្យ។ ស្រាប់តែពេលហូបរួច បានប្រមាណ១០នាទី ក៏ចាប់ផ្តើមកើតិមានអាការឈឺក្បាល វិលមុខ ក្អួតចង្អោរ ភ្លាមនោះបុរជាឪពុក ឈ្មោះឃ្លាំង សួន បានរកឡានអ្នកជិតខាងដឹកកូនទាំង៣នាក់ ទៅមណ្ឌលសុខភាពស្វាយលើ ក្រោយពេលមកដល់កូនប្រុសម្នាក់ឈ្មោះសួន ពិសិទ្ធ បានដាច់ខ្យល់ស្លាប់តែម្តង។ ចំណែកប្អូនស្រី ២នាក់ទៀត ឈ្មោះសួន ស្រីណុត និងឈ្មោះសួន គន្ធា ត្រូវបានលោកគ្រូពេទ្យនៅមណ្ឌលសុខភាព ស្វាយលើធ្វើការសង្គ្រោះបឋម រួចដឹកបញ្ជូនបន្តទៅកាន់មណ្ឌលសុខភាពសូទ្រនិគម។

សពយុវជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីសង្ស័យពុលនំបញ្ចុក បណ្តាលស្លាប់យុវជនម្នាក់នេះ នៅពុំទាន់ឃើញមន្ត្រីជំនាញចេញមកបញ្ជាក់ពីមូលហេតុឱ្យពិតប្រាកដនៅឡើយ៕

RELATED ARTICLES