Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរថភ្លើងបុកឡានខ្ទេច តៃកុងឡានបន្ទោសរថភ្លើង

រថភ្លើងបុកឡានខ្ទេច តៃកុងឡានបន្ទោសរថភ្លើង

ភ្នំពេញ ៖ រថយន្តកាមរីឆ្លាម ១គ្រឿង បើកបរឆ្លងផ្លូវដែក ត្រូវបានរថភ្លើង ១ខ្សែ បុកពេញទំហឹង បណ្តាលឱ្យខ្ទាតជាច្រើនម៉ែត្រ រងការខូចខាតអស់១ចំហៀងខាងឆ្វេងទាំងស្រុង ប៉ុន្តែជាសំណាងល្អ អ្នកបើកបររថយន្ត ពុំមានរបួសឡើយ។ ក្នុងហេតុការណ៍នេះ ភាគីតៃកុងរថយន្តបានបន្ទោសថា ទីតាំងនោះគ្មានបារ៉ាស់ ចំណែករថភ្លើង អត់បានចុចស៊ីផ្លេផ្តល់ដំណឹងសោះ ទើបបង្កឱ្យមានគ្រោះថ្នាក់បែបនេះ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវដែកឆ្លងកាត់ខ្សែភ្នំពេញ-បាត់ដំបង ស្ថិតនៅក្នុងភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោ ខណ្ឌកំបូល។

រថយន្តដែលរងគ្រោះក្នុងហេតុការណ៍ខាងលើ ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ បាត់ដំបង 2A-2329 បើកបរដោយបុរសម្នាក់ ឈ្មោះឆោ ហុកស៊ីន អាយុ៤១ឆ្នាំ មុខរបរចិញ្ចឹមទា មានលំនៅ ភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមសម្តីបុរសជាអ្នកបើកបររថយន្ត បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានបើកបររថយន្តធ្វើដំ ណើរចេញពីផ្ទះបងប្អូន នៅក្នុងបុរីមួយកន្លែងក្បែរនោះ គោលបំណងត្រឡប់ទៅផ្ទះ នៅស្វាយរលំ ដោយធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច។ ពេលទៅជិតដល់ផ្លូវដែក គាត់មិនបានឃើញរថភ្លើងនោះទេ ហើយរថភ្លើង ក៏អត់មានស៊ីផ្លេដែរ លុះពេលបើកឡើងឆ្លងផ្លូវដែកភ្លាម ក៏ស្រាប់តែរថភ្លើងមកដល់ល្មម និងបានបុក រថយន្តគាត់ពេញំហឹងតែម្តង។

បុរសជាម្ចាស់រថយន្ត បន្តថា ខណៈនោះរថយន្តគាត់អត់ក្រឡាប់ទេ ហើយក្រោយពេលបុករួចរថភ្លើងបានឈប់ បន្ទាប់មកអ្នកបើកបររថភ្លើង បានចុះមកនិយាយជាមួយគាត់ ដោយប្រាប់គាត់ថា “ខ្លួនអត់បានចុចស៊ីផ្លេ ព្រមទាំងស្តីបន្ទោសរូបគាត់ទៀតថា បើបងឯងបើកលឿនបន្តិច ទៅផុតបាត់ហើយ”។ បន្ទាប់មករថភ្លើងនោះ ក៏បានបើកបន្តដំណើរទៅមុខទៀតបាត់ស្រមោល ដោយទុកតំណាងម្នាក់ ឱ្យនៅដោះស្រាយជាមួយគាត់ជាភាគីរថយន្ត។

ប្រជាពលរដ្ឋនៅតំបន់នោះ បាននិយាយថា នៅត្រង់ចំណុចកើតហេតុនោះ ពុំមានដាក់បារ៉ាស់សម្រាប់ទម្លាក់បិទផ្លូវការពារចរាចរណ៍ ឬមានអ្នកប្រចាំការធ្វើចរាចរនៅពេលដែលមានរថភ្លើងឆ្លងកាត់នោះទេ គ្រាន់តែមានតែស្លាកសញ្ញា “ឈប់ ឬ STOP” ប៉ុណ្ណោះ។ កន្លងមកនៅពេល ដែលរថភ្លើងទៅជិតដល់ត្រង់ចំណុចនោះ តែងតែចុចស៊ីផ្លេយ៉ាងរន្ថើនម្តងហើយម្តងទៀតរហូត ជាសញ្ញាដើម្បីឱ្យអ្នកដំណើរទូទៅដែលត្រូវឆ្លងកាត់ផ្លូវដែកនេះ មានការប្រុងប្រយ័ត្ន ចៀសផុតពីឧប្បត្តិហេតុគ្រោះថ្នាក់ តែពេលកើតហេតុ ពុំដឹងថារថភ្លើងខូចស៊ីផ្លេ ឬបែបណា នោះទេ ទើបអត់ចុចស៊ីប្លេ ជាសញ្ញាដូចរាល់ដងសោះឡើយ ខណៈនោះពួកគាត់បានឃើញរថយន្ត១គ្រឿងខាងលើ បើកបរធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច រីឯរថភ្លើង បានបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង លុះពេលទៅជិតដល់ត្រង់ចំណុចកើតហេតុ គ្រាន់តែរថយន្តឡើងដល់លើផ្លូវដែក រថភ្លើងមកដល់ល្មម រួចបុកចំទទឹងរថយន្តពេញទំហឹងតែម្តង។

ក្រោយពេលកើតហេតុ នៅពេលដែលម្ចាស់រថយន្តនិយាយថា រថភ្លើងអត់ស៊ីផ្លេ ត្រូវបានបុរសម្នាក់ដែលជាតំណាងខាងភាគីរថភ្លើង និយាយដោយខ្លីថា “បើចង់ដឹង រថភ្លើងមានកាមេរ៉ា ចាំខ្ញុំបាញ់វីដេអូឱ្យមើល”។ ដោយឡែកកម្លាំងនគរបាលខណ្ឌកំបូល បានចុះទៅកាន់ទីនោះ ពិនិត្យ និងធ្វើកំណត់ហេតុភ្លាមៗដែរ ហើយពេលនោះម្ចាស់រថយន្ត បានសុំត្រឹមរួចខ្លួន និងយករថយន្តរបស់ខ្លួនទៅធ្វើការជួសជុលដោយខ្លួនឯង។

ខណៈនោះ មុនដំបូងបុរសដែលជាតំណាងខាងភាគីរថភ្លើង បាននិយាយថា បើអត់ប្តឹងផ្តល់អ្វីទេ នឹងឱ្យរួចខ្លួន ប៉ុន្តែក្រោយមកបុរសនោះ ក៏បានឆ្លងយោបល់ទៅថ្នាក់លើរបស់ខ្លួនម្តងទៀត។ ស្រាប់តែថ្នាក់លើនោះមិនព្រម និងបានស្នើសុំឱ្យនគរបាលនាំយករថយន្តទៅរក្សាទុកនៅ អធិការនគរបាលខណ្ឌកំបូល រង់ចាំការដោះស្រាយនៅពេលក្រោយ ប៉ុន្តែពុំទាន់ដឹងថា តើត្រូវដោះស្រាយដោយរបៀបណានោះទេ៕

RELATED ARTICLES