Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកលក់ដីមិនបានលុយ អ្នកទិញប្តឹង អ្នកគួកជេ ប្រមូល៦ម៉ឺនដុល្លារ រត់បាត់

អ្នកលក់ដីមិនបានលុយ អ្នកទិញប្តឹង អ្នកគួកជេ ប្រមូល៦ម៉ឺនដុល្លារ រត់បាត់

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ បានអះអាងថា គាត់ត្រូវបានក្រុមអ្នកគួកជេដី ចំនួន២នាក់ បានប្រើល្បិចបោកយកលុយចំនួន ៦ម៉ឺនដុល្លារ (ថ្លៃលក់ដី) រួចនាំគ្នារត់គេចខ្លួន ទាំងដែលគាត់ជាម្ចាស់ដី លក់ដីលក់ផ្ទះ មិនបានប្រាក់១រៀល ហើយត្រូវអ្នកទិញដី ប្តឹងទៅតុលាការទៀត។

ស្ត្រីរងគ្រោះ ឈ្មោះសាត់ សុខគីម បានរៀបរាប់ប្រាប់ថា កាលពីអំឡុងឆ្នាំ២០២២ មានស្ត្រីឈ្មោះហ៊ុន គីមឡា និងឈ្មោះតេង មូលីកា ជាក្រុមគួកជេដី បានលួងលោមគាត់ដើម្បីសុំទិញដីនិងផ្ទះ ១កន្លែង ទំហំ ៣៨៤ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ លុះមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឈ្មោះហ៊ុន គីមឡា និងឈ្មោះតេង មូលីកា បាននាំរូបគាត់ជាជនរងគ្រោះ (ឈ្មោះសាត់ សុខគីម) ទៅការិយា ល័យរបស់មេធាវីឈ្មោះឡុង ដារ៉ា ដើម្បីទទួលប្រាក់កក់ លើកទី១ ចំនួន ៦៣ ៩០០ដុល្លារ ពីភាគីអ្នកទិញឈ្មោះសុវណ្ណ ឆាយ៉ា ដោយបានផ្ទេរប្រាក់ចូលទៅក្នុងគណនីធនាគាររបស់ឈ្មោះឈៀង ណាវី (ត្រូវជាកូនរបស់ម្ចាស់ដី ឈ្មោះសាត់ សុខគីម) ជាអ្នកទទួល។ ប៉ុន្តែនៅថ្ងៃដដែលនោះ ឈ្មោះហ៊ុន គីមឡា បានផ្ទេរលុយទាំងអស់ពីគណនីធនាគាររបស់ឈ្មោះឈៀង ណាវី ចូលទៅក្នុងគណនីរបស់ខ្លួន ទាំង ៦៣ ៩០០ដុល្លារ ពោលគឺរូបគាត់ដែលជាភាគីអ្នកលក់ដី បានតែខ្យល់ប៉ុណ្ណោះ ចំណែកលុយ គឺក្រុមគួកជេ ឈ្មោះហ៊ុន គីមឡា និងឈ្មោះ តេង មូលីកា ជាអ្នកយកទាំងអស់។

ស្ត្រីរងគ្រោះ បញ្ជាក់ថា លុះថ្ងៃត្រូវបង់ប្រាក់ផ្តាច់ថ្លៃដី ឈ្មោះហ៊ុន គីមឡា និងឈ្មោះតេង មូលីកា ជាអ្នកគួកជេ មិនបានហៅភាគីអ្នកទិញ ទៅជួបភាគីអ្នកលក់ ដើម្បីប្រគល់លុយនោះទេ បែរជាគេចវេះរហូត ទើបរូបគាត់ដែលជាភាគីម្ចាស់ដី សម្រេចដាក់ពាក្យប្តឹងឈ្មោះហ៊ុន គីមឡា និងបក្ខពួក ទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាល ឱ្យជួយរកយុត្តិធម៌។

ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា ជាមួយនេះ គាត់ជាម្ចាស់ដី ក៏កំពុងរងបណ្តឹងទាំងអយុត្តិធម៌ ពីភាគីអ្នកទិញដី ឈ្មោះសុវណ្ណ ឆៃយ៉ា ផងដែរនៅសាលាដំបូងខេត្តកណ្តាល។ លោកស្រី សាត់ សុខគីម បានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ទៅប្រធានសាលាដំបូងខេត្តកណ្តាល ឱ្យជួយ រកយុត្តិធម៌ និងលើកលែងការចោទប្រកាន់លើរូបលោកស្រីផងដែរ។

ដោយឡែក ភាគីអ្នកគួកជេដី ក៏ត្រូវបានព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញដីកា បញ្ជាឱ្យចូលខ្លួន ចំនួន២លើករួចមកហើយ ដោយបង្គាប់ឱ្យជនសង្ស័យឈ្មោះហ៊ុន គីមឡា ភេទស្រី អាយុ៣៥ឆ្នាំ មានមុខរបរជាអ្នកគួកជេដី រស់នៅផ្ទះលេខ ធ៩ បុរីវ៉ូត ផ្លូវកណ្តាលភូមិ ច្រកចូលផ្សារព្រែកឯង ភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចូលបង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ព័ន្ធបទល្មើសលួចប្រាក់ដែរ តែបច្ចុប្បន្នឈ្មោះហ៊ុន គីមឡា និងបក្ខពួក កំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ ខណៈជនរងគ្រោះជាម្ចាស់ដីម្នាក់ កំពុងរងគ្រោះ ត្រូវភាគីអ្នកទិញដី ប្តឹងទៅតុលាការ៕

RELATED ARTICLES