Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះកុដិ៤ខ្នង អស់ជាង៥ម៉ឺនដុល្លារ

ភ្លើងឆេះកុដិ៤ខ្នង អស់ជាង៥ម៉ឺនដុល្លារ

ខេត្តសៀមរាប ៖ កុដិឈើ ចំនួន៤ខ្នង ស្មើនឹង៧បន្ទប់ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់គ្មានសល់  តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសឡើយ គ្រាន់តែបង្កការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៥ម៉ឺនដុល្លារ។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចបរិវេណវត្តគោកខ្ពស់ ស្ថិតក្នុងភូមិកំភេម ឃុំកែវពណ៌ ស្រុកពួក។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការស្រុកពួក បានបញ្ជាក់ឱ្យដឹងកាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ថា សមត្ថកិច្ចទទួលបានព័ត៌មានពីព្រះសង្ឃ និងអាជ្ញាធរភូមិ ហើយក៏បានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ ឃើញថាមានការឆេះខូចខាតទាំងស្រុង នូវកុដិឈើ ចំនួន៤ល្វែង ស្មើនឹង ៧បន្ទប់ មានទំហំទទឹង ៤ម៉ែត្រ គុណនឹងបណ្តោយ ៣០ម៉ែត្រ កម្ពស់សសរ ៧០សង់ទីម៉ែត្រ ប្រក់ស័ង្កសី បន្ទប់ជាជួរជាប់ៗគ្នា (មានដាក់សន្លឹកឈើក្រោមកុដិផង)។

លោកអធិការ បញ្ជាក់ថា ករណីឆេះនេះ បណ្តាលឱ្យមានការខូចខាត ដូចជា ឆេះឈើសម្រាប់ទុកធ្វើពិតានសាលា ចំនួន១២០០សន្លឹក។ ឆេះចម្រៀកឈើត្នោត ចំនួន២០០សន្លឹក និងឆេះសម្ភារៈរបស់ព្រះសង្ឃប្រើប្រាស់មួយចំនួនទៀត។ បន្ទាប់ពីមានការឆេះកុដិនោះ ត្រូវបានការ អន្តរាគមន៍ពីព្រះសង្ឃក្នុងវត្ត បានជួយពន្លត់ភ្លើង ដោយប្រើម៉ូទ័របូមទឹកបាញ់ពន្លត់ភ្លើងបានរលត់ ដោយរថយន្តអគ្គិភ័យ ពុំបានចេញអន្តរាគមន៍ទេ។

តាមការបំភ្លឺរបស់ព្រះសង្ឃ គង់នៅកុដិកើតហេតុ មានថេរដីកាថា ការសន្និដ្ឋានបឋម ភ្លើងឆេះផ្តើមចេញពីក្មេងលេងភ្លើងទៀននៅលើកុដិ ឬឆេះចេញពីកុដិព្រះសង្ឃដែលបានគង់នៅ ដោយមានដោតឌុយកង្ហារទៅព្រីភ្លើង ចំនួន២ ហើយព្រះសង្ឃ ក៏បាននៅមុខបន្ទប់ ស្រាប់តែ ឃើញភ្លើងឆេះតែម្តង។ ករណីឆេះកុដិខាងលើនេះ គិត ជាទំហំនៃការខូចខាតជាទឹកប្រាក់ប្រមាណ ៥ម៉ឺនដុល្លារ៕

RELATED ARTICLES