Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដើររើសអេតចាយ បានកាំភ្លើង២ដើម

ដើររើសអេតចាយ បានកាំភ្លើង២ដើម

ខេត្តកណ្តាល ៖ បុរសជាអ្នករើសអេតចាយម្នាក់ កំពុងដើររើសអេតចាយ ប្រទះឃើញបាវមួយចោលនៅមាត់ស្រះទឹក ក៏បើកមើល ស្រាប់តែឃើញកាំភ្លើងវែង ចំនួន២ដើម និងគ្រាប់មួយចំនួន ក៏ស្រែកប្រាប់ប្រជាពលរដ្ឋអ្នកបង់សំណាញ់ក្បែរនោះ ឱ្យជួយប្តឹងប៉ូលិស បន្ទាប់មកក៏ចាកចេញទៅបាត់។

ករណីប្រទះឃើញអាវុធ ២ដើម និងគ្រាប់មួយចំនួននេះ បានកើតឡើង កាលពីវេលាម៉ោង ៣ និង៥០នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ មានអ្នករើសអេតចាយម្នាក់ មិនស្គាល់អត្តសញ្ញណ បានដើររើសអេតចាយជុំវិញកន្លែងកើតហេតុ ស្រាប់តែប្រទះឃើញបាវពណ៌លឿង ចងមាត់ជិត និងមានសភាពពុក ផុយ ពេលនោះក៏យកដៃទាញមកហែក ស្រាប់តែ ឃើញកាំភ្លើង និងគ្រាប់ជាច្រើន ក៏ស្រែកប្រាប់ប្រជាពលរដ្ឋម្នាក់ ដែលរស់នៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង កំពុងបង់សំណាញ់នៅក្បែរនោះ ហើយបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងវែង តែម្តង។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងវែង បានចុះមកការពារកន្លែងកើតហេតុ ធ្វើ ការពិនិត្យជាក់ស្តែង ឃើញមានអាវុធវែង ចំនួន២ដើម ម៉ាក AK47 ស្វាយបត់ ១ដើម និងម៉ាក M16 ១ដើម បង់ចំនួន២ គ្រាប់ M16 ចំនួន២៤គ្រាប់ គ្រាប់ AK47 ចំនួន១៨គ្រាប់។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍បន្តទៅកម្លាំងផ្នែកជំនាញ ដើម្បីចុះមកទទួលយកវត្ថុតាងទៅរក្សាទុកនិងស្រាវជ្រាវបន្ត៕

RELATED ARTICLES