Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទៅផ្សារទិញម្ហូប ភ្លើងឆេះផ្ទះ៤ខ្នង

ទៅផ្សារទិញម្ហូប ភ្លើងឆេះផ្ទះ៤ខ្នង

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានចាក់សោផ្ទះចោល រួចក៏ចេញទៅផ្សារទិញម្ហូប ស្រាប់តែកើតមានអគ្គិភ័យឆាបឆេះផ្ទះ បណ្តាលឱ្យខូចខាតអស់ទាំងស្រុង និងរាលដល់ផ្ទះអ្នកជិតខាង ចំនួន៣ខ្នងទៀត (ខូចខាតប្រមាណ ៥០ភាគ រយ) បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យខាងលើ បានកើតឡើង កាលពីវេលាម៉ោង ៧ និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្បែរគល់ស្ពានព្រះមុនីវង្សថ្មី តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងក្រុមទី១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះដែលខូចខាតទាំងស្រុង បានចាក់សោ រួចចេញពីផ្ទះ ដើម្បីទៅផ្សារទិញម្ហូបដូចសព្វដង លុះមួយសន្ទុះក្រោយមក ស្រាប់តែមានផ្សែងហុយ ទ្រលោមចេញពីផ្ទះកើតហេតុ បង្កឱ្យមានភាពឆោឡោដល់ប្រជាពលរដ្ឋជួយយកទុយោបាញ់ ប៉ុន្តែអណ្តាតភ្លើងបានឆាបឆេះកាន់តែខ្លាំង ទើបមិនអាចគ្រប់គ្រងបាន។ ភ្លាមៗប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឱ្យជួយបន្តទាក់ទងទៅមន្ត្រីជំនាញពន្លត់អគ្គិភ័យ មកអន្តរាគមន៏បាញ់ពន្លត់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើ ប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៧គ្រឿង ប្រើប្រាស់ទឹកអស់ ១៧ឡាន ស្មើនឹង ៦៨ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួង មហាផ្ទៃ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង១២ម៉ែត្រគូប។ អូប័រពន្លត់អគ្គិភ័យរបស់ការិយាល័យចរា ចរណ៍ផ្លូវទឹក ចំនួន១គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់បុរីប៉េងហួត បឹងស្នោ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះនរា ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ ឡាន ស្មើនឹង ១២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រ  ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ១២ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺឈើប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រ គុណនឹង ១៥ម៉ែត្រ ឆេះខូចខាតខូចខាតអស់ផ្ទះ ១ខ្នងទាំងស្រុង និងបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះចំនួន៣ខ្នង (ខូចខាត៥០ភាគរយ)។ អគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ច ជំនាញធ្វើការបាញ់ពន្លត់ទាំងស្រុង នៅវេលាម៉ោង ៩ព្រឹក ថ្ងៃដដែល។ ចំពោះមូលហេតុគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងអគ្គិសនី (ទុស្សេខ្សែភ្លើង) តែមិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ។

តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ដោយសារតែភូមិសាស្ត្រឆាបឆេះខាងលើមានផ្លូវតូចចង្អៀត រថយន្តពន្លត់អគ្គិភ័យ មិនអាចចូលទៅដល់។ ប៉ុន្តែទោះបីជាយ៉ាងណា សមត្ថកិច្ចបានព្យាយាមតទុយោចូលទៅដល់កន្លែងកើតហេតុ និងបានបាញ់ពន្លត់ទប់ស្កាត់ការ រាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាង៕

RELATED ARTICLES