ភ្នំពេញ ៖ រថយន្តធុនធំសណ្តោងរ៉ឺម៉កដឹកទំនិញ ១គ្រឿង ហ្វ្រាំងមិនស៊ី ជ្រុលទៅបុកពីក្រោយ រថយន្តទំនើប ១គ្រឿង បណ្តាលឱ្យរងខូចខាតយ៉ាងដំណំ លុះក្រោយធ្វើការសម្របសម្រួល ភាគីរថយន្តធុនធំ បានចេញ សងថ្លៃខូចខាតឱ្យរថយន្តតូច ចំនួន៥០០ដុល្លារ ដើម្បីបញ្ចប់រឿង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវកប់ស្រូវ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តធុនធំ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1755 សណ្តោងកន្ទុយរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ចាម 4A-0530 ដឹកទំនិញពេញ បើកតាមបណ្តោយផ្លូវកប់ស្រូវ ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ ជាន់ ហ្វ្រាំងមិនជាប់ ក៏ជ្រុលបុកពីក្រោយរថយន្តទំនើប ១គ្រឿង ម៉ាក LAND CRUISER ពណ៌ស ពាក់ស្លាកលេខ កម្ពុជា RSK.7117 កំពុងបើកស្របទិសគ្នា បណ្តាលឱ្យរងខូចខាតដំណំ។

ក្រោយកើតហេតុ ដើម្បីចៀសវាងកកស្ទះចរាចរណ៍ ភាគីសងខាង នាំគ្នាបើករថយន្តទៅឈប់ចតកៀនខាង ហើយធ្វើការសម្របសម្រួលគ្នា ដោយភាគីរថយន្តធុនធំ សងថ្លៃខូចខាតចំនួន៥០០ដុល្លារ ដល់ភាគីឡានតូច ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕