Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជាងម៉ូតូ ខឹងមេដេញចេញ លួចគាស់តូប

ជាងម៉ូតូ ខឹងមេដេញចេញ លួចគាស់តូប

ខេត្តឧត្តរមានជ័យ  ៖ ជនសង្ស័យម្នាក់ ធ្លាប់ធ្វើជាកូនជាងនៅកន្លែងជួសជុលម៉ូតូ ១កន្លែង លុះក្រោយមកត្រូវបានមេជាងបញ្ឈប់ពីការងារ ស្រាប់តែបែកគំនិតនាំបក្ខពួកធ្វើសកម្មភាពគាស់តូបជួសជុលម៉ូតូ លួចអីវ៉ាន់ក្នុងតូបអតីតមេរបស់ខ្លួន យកទៅលក់ឱ្យជាងម៉ូតូ ចំនួន៣កន្លែង បានប្រាក់ជិត ៤០ម៉ឺនរៀល ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់វាយខ្នោះបានចំនួន២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំង២នាក់ ធ្វើឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ក្នុងភូមិឈូក សង្កាត់សំរោង ក្រុងសំរោង។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសំ សារ៉ាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិឈូក សង្កាត់សំរោង ក្រុងសំរោង និងទី២-ឈ្មោះហ៊ួរ សារឿង ហៅចយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានទទួលបណ្តឹងពីឈ្មោះភាព គឹមហេង ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅ ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង មុខរបរជាងជួសជុលម៉ូតូ ដែលបានរាយការណ៍ប្តឹងថា កាលពីថ្ងៃទី១៥-១៧-១៩-២០ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្នុងតូបជួសជុលម៉ូតូរបស់ខ្លួន ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង មានកើតករណីលួចមានស្ថានទម្ងន់ទោស បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់សោទ្វារតូបខាងក្រោយ ហើយចូលលួចយកពោះវៀនកង់ម៉ូតូ SR ចំនួន២០ សំបកកង់ម៉ូតូ SR ចំនួន៣០វង់ សំបកកង់ម៉ូតូ MSR ២០គូ សំបកកង់ម៉ូតូ SCOOPY ១គូ ប្រេងម៉ាស៊ីន ENEO ០១កេស ស្បែកហ្វ្រាំងម៉ូតូ កន្លះបាវ និងអង្ករ ៥០គីឡូក្រាម។

ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះខាងលើ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានចាត់លោកវរសេនីយ៍ទោ សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ ដឹកនាំកម្លាំងជំនាញផែន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ ស្រាវជ្រាវ និងកំណត់ បានមុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ នាំយកមកកាន់អធិការដ្ឋាននគរ បាលក្រុងសំរោង ដើម្បីធ្វើការសាកសួរតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កន្លងមករូបខ្លួន (សំ សារ៉ាក់) ធ្លាប់ធ្វើជាកូនជាងជួសជុលម៉ូតូ ជាមួយឈ្មោះ ភាព សុខហេង ក្រោយមកឈ្មោះភាព សុខហេង បានដេញខ្លួនចេញ លែងឱ្យធ្វើការ ពេលនោះខ្លួនបានទៅស្នាក់នៅបន្ទប់ជួលរបស់ឈ្មោះហ៊ួរ សារឿង ហៅចយ នៅឯភូមិឈូក លុះនៅថ្ងៃទី១៥-១៧-១៩-២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១និង៣០នាទីរសៀល ដោយរូបខ្លួន (សំ សារ៉ាក់) ដឹងថាឈ្មោះភាព សុខហេង បិទតូប ទៅលេងស្រុក នៅឯខេត្តប៉ៃលិន ខ្លួនក៏បានទៅធ្វើសកម្មភាពគាស់សោ ទ្វារតូបខាងក្រោយ ហើយចូលលួចយកបានសំបកកង់ម៉ូតូ ២៥គ្រាប់ ពោះវៀនកង់ម៉ូតូ ២០គ្រាប់ ពោះវៀនកង់ ២គ្រាប់ សំបកកង់ ២គ្រាប់ និងអង្ករ ប្រហែល ៧គីឡូក្រាម យកទៅលក់ឱ្យជាងម៉ូតូ ៣កន្លែង មិនស្គាល់ឈ្មោះ ស្ថិតនៅភូមិពុរ និងភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង បានប្រាក់សរុបចំនួន៣៤ម៉ឺនរៀល។

ជនសង្ស័យទាំង២នាក់ខាងលើ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង  បញ្ជូនទៅចាត់ការបន្តតាមច្បាប់៕

RELATED ARTICLES