Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកកម្មករបុកគ្នា របួស៤៧នាក់

ឡានដឹកកម្មករបុកគ្នា របួស៤៧នាក់

ខេត្តកំពង់ឆ្នាំង ៖ រថយន្តដឹកកម្មករ ១គ្រឿង បើកបរក្នុងល្បឿនលឿន រួចជ្រុលទៅបុករថយន្តដឹកកម្មករ ១គ្រឿ ងទៀត ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា ចំពីក្រោយ ពេញទំហឹង បណ្តាលឱ្យកម្មករ-កម្មការិនី ដែលជិះលើរថយន្តទាំងសងខាង រងរបួសធ្ងន់-ស្រាល សរុប៤៧នាក់ និងត្រូវបានអាជ្ញាធរ ព្រមទាំងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ និងចាត់បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅលើកំ ណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៧-៤៨ ស្ថិតក្នុងភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

លោកវរសេនីយ៍ទោ ក្រឹង សំណាង អនុប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានប្រាប់នៅកាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងរវាងរថយន្តដឹក កម្មករដូចគ្នា បើកបរក្នុងដំណើរស្របទិសគ្នា។ មុនពេលកើតហេតុ មានរថយន្តដឹកកម្មកររោងចក្រ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-1013 បើកបរដោយឈ្មោះធា ភេទប្រុស រស់នៅភូមិត្រដក់ពង ឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ បើកបរក្នុងទិសដៅពីជើង ទៅត្បូង  លុះធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្តដឹកកម្មកររោងចក្រ ១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ដូចគ្នា ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-1411 បើកបរដោយឈ្មោះណែម ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិចោងម៉ោង ឃុំចោងម៉ោង ស្រុកទឹកផុស ដែលកំពុងបើកបរក្នុងទិសពីជើង ទៅត្បូង (ស្របទិសគ្នា) យ៉ាងពេញទំហឹង បណ្តាលឱ្យមានមនុស្សរងរបួសធ្ងន់ និងស្រាល សរុប៤៧នាក់។

លោកវរសេនីយ៍ទោ ក្រឹង សំណាង បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបណ្តាលឱ្យកម្មករ កម្មការិនី ចំនួន៤៧នាក់ រងរបួសធ្ងន់-ស្រាល ក្នុងនោះមានស្ត្រីម្នាក់ និងបុរសម្នាក់ រងរបួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។ ដោយឡែកមធ្យោបាយ ទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានថា មានកម្មកររោងចក្រជាច្រើននាក់រងគ្រោះថ្នាក់ចរាចរណ៍ និងបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច លោកស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានដឹកនាំក្រុមការងារកាកបាទក្រហម សាខាខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកនូវថវិកាជូនដល់កម្មករ កម្មការិនីដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ដើម្បីជួយរំលែកនូវការលំបាករបស់កម្មករ កម្មការិនីរងគ្រោះខាងលើ៕

RELATED ARTICLES