Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលែងគ្នា១ខែ អតីតប្តីទៅលេង មិនជួបប្រពន្ធ ដុតផ្ទះចោល

លែងគ្នា១ខែ អតីតប្តីទៅលេង មិនជួបប្រពន្ធ ដុតផ្ទះចោល

ខេត្តមណ្ឌលគិរី ៖ ប្តីប្រពន្ធវ័យចំណាស់ ១គូ រស់នៅមិនសូវចុះសម្រុងនឹងគ្នាសោះ ចេះតែកើតរឿងរកាំរកូស ឈ្លោះគ្នាជាប្រចាំ រហូតឈានដល់ការចែកផ្លូវ លែងលះគ្នាដាច់ស្រេចអស់រយៈពេល ១ខែមកហើយ ស្រាប់តែអតីតប្តីផឹកស្រាស្រវឹង ដើរសំដៅទៅរកអតីតប្រពន្ធរបស់ខ្លួន លុះទៅដល់ មិនឃើញមានមនុស្សនៅ ចាក់សោ ផ្ទះចោល ក៏បែកគំនិតលួចដុតផ្ទះអតីតប្រពន្ធ បណ្តាលឱ្យឆាបឆេះខូចខាតអស់ និងថែមទាំងរាលឆេះផ្ទះអ្នក ក្បែរខាង ខូចខាតអស់១ចំហៀងទៀតផង រួចព្យាយាមរត់គេចខ្លួនបាន ១យប់ ក៏ត្រូវសមត្ថកិច្ចតាមចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអតីតប្តីលួចដុតផ្ទះប្រពន្ធនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិក្បាលជ្រោយ ឃុំស្រែសង្គម ស្រុកកោះញែក។

ជនបង្កហេតុដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ឹម ឃឿន អាយុ ៥៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិក្បាលជ្រោយ ឃុំស្រែសង្គម ស្រុកកោះញែក។ ចំណែកផ្ទះ២ខ្នងដែលរងការឆាបឆេះ ទី១-ផ្ទះរបស់ឈ្មោះវី វិ ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរកសិករ ត្រូវជាអតីតប្រពន្ធរបស់ជនបង្កហេតុ (ឆេះខូចខាតអស់ទាំងស្រុង) និងទី២-ផ្ទះរបស់ឈ្មោះ ទេព សុភ័ណ្ឌ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកសិករ ជាអ្នករស់នៅជិតខាងគ្នា (ឆេះអស់មួយចំហៀង)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនគរបាលមូល ដ្ឋានស្រុកកោះញែក ខេត្តមណ្ឌលគិរី បានធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះស៊ឹម ឃឿន ពាក់ព័ន្ធករណីដោយចេតនា ដុតបំផ្លាញផ្ទះអ្នកដទៃ (ផ្ទះអតីតប្រពន្ធដែលទើប លែងលះគ្នា១ខែ) បណ្តាលឱ្យឆេះអស់១ខ្នង និងធ្វើឱ្យរាលឆេះដល់ផ្ទះ ១ខ្នងទៀត ដែលនៅក្បែរគ្នា រងការខូចខាតអស់មួយចំហៀង។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចមូលដ្ឋានបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីភ្លើងឆេះផ្ទះ២ខ្នង ស្ថិតនៅភូមិក្បាលជ្រោយ ឃុំស្រែសង្គម ស្រុកកោះញែក ដោយក្នុងនោះ ១ខ្នង ឆេះអស់ទាំងស្រុង ចំណែក១ខ្នង ទៀត ឆេះអស់មួយចំហៀង។ ជាមួយនោះ សម្ភារនិងឯកសារផ្សេងៗ រួមទាំងគ្រឿងឧបភោគ បរិភោគ ក៏ត្រូវបានក្លាយជាចំណីភ្លើងគ្មានសល់ដែរ។

ក្រោយពីទទួលបានព័ត៌មានភ្លើងឆេះផ្ទះប្រជាពលរដ្ឋនោះភ្លាម កម្លាំងអធិការនៃអធិការដ្ឋាននគរបាលស្រុកកោះញែក ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌគិរី បានចុះទៅជួយអន្តរាគមន៍ពន្លត់អគ្គិភ័យរលត់ជាស្ថាពរ។ ក្នុងនោះ សមត្ថកិច្ចបានទទួលការបំភ្លឺពីសាក្សីជុំវិញកន្លែងកើតហេតុ ស្តីអំពីតម្រុយ និងមុខសញ្ញាពាក់ព័ន្ធករណីអគ្គិភ័យនេះ និងកំណត់បានថា ករណីអគ្គិភ័យនេះ មិនមែនជាការឆេះដោយខ្លួនឯងនោះទេ គឺបណ្តាលមកពីមានមនុស្សលួចដុត។

ក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ចជំនាញ មកដល់ព្រឹកថ្ងៃដដែល កម្លាំងនគរបាលស្រុកកោះញែក សហការជាមួយកម្លាំងសណ្តាប់ធ្នាប់ ដោយមានការចូលរួមពីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែសង្គម កំណត់បានមុខសញ្ញាជនសង្ស័យដែលបានធ្វើសកម្មភាព ដុតផ្ទះ រហូតឈានដល់ការឃាត់ខ្លួនឈ្មោះស៊ឹម ឃឿន អតីតប្តីយកជាអ្នកលួចដុតផ្ទះប្រពន្ធ នាំទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះញែក ដើម្បីធ្វើការសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះស៊ឹម ឃឿន បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចដុតផ្ទះអតីតប្រពន្ធមែន ដោយមុនកើតហេតុ កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ខ្លួនបានផឹកស្រាស្រវឹង រួចក៏ធ្វើដំណើរដោយថ្មើរជើង ចេញភូមិក្បាលជ្រោយ ឃុំស្រែសង្គម ស្រុកកោះញែក សំដៅទៅរកផ្ទះឈ្មោះវី វិ ជាអតីតប្រពន្ធ ដែលបានលែងលះគ្នារយៈពេលជាង១ខែមកហើយ។ លុះពេលដើរទៅដល់ មិនបានឃើញអតីតប្រពន្ធនៅលើផ្ទះ ហើយផ្ទះនោះក៏ចាក់សោទ្វារទៀតផង ធ្វើឲ្យខ្លួនខឹង ក៏បានដើរចូលទៅក្រោមផ្ទះ ក្រឡេកឃើញជាយភួយ ធ្លាក់ចុះតាមប្រហោងរនាបក្តារ ខ្លួនក៏បានទាញភួយចុះក្រោមបន្ថែមទៀត ហើយយកដែកកេះក្នុងហោប៉ៅ ដុតភួយនោះ បណ្តាលឱ្យឆេះផ្ទះតែម្តង។

ជនបង្កហេតុខាងលើ បានបន្តសារភាពថា ក្រោយពីធ្វើសកម្មភាពដុតផ្ទះអតីតប្រពន្ធរួច ខ្លួនបានដើរចេញទៅតាមផ្លូវខាងមុខ សំដៅទៅតាមផ្លូវលំ ហើយក៏ទៅដេកនៅក្រោមផ្ទះរបស់ឈ្មោះជឿន។ លុះព្រឹកឡើងថ្ងៃដដែល ខ្លួនបានធ្វើដំណើរដោយជិះកង់ទៅដល់ភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ក៏ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលស្រុកកោះញែក ចាប់ឃាត់ខ្លួនតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES