Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីដាច់ពេជ្រ ២៤ម៉ឺនដុល្លារ ជាប់ខ្នោះ

ស៊ីដាច់ពេជ្រ ២៤ម៉ឺនដុល្លារ ជាប់ខ្នោះ

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ ត្រូវបានស្ត្រីម្នាក់ទៀតដែលជាដៃគូរកស៊ីជាមួយគ្នាប្តឹងសមត្ថកិច្ច ឱ្យចាប់ខ្លួនករណីរំលោភលើទំនុកចិត្ត ក្រោយពីស្ត្រីសង្ស័យបានយកគ្រាប់ពេជ្រពីស្ត្រីរងគ្រោះលក់បន្តទៅឱ្យអ្នកផ្សេង ហើយមិនប្រគល់ប្រាក់ថ្លៃពេជ្រនោះទៅឱ្យស្ត្រីរងគ្រោះ។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ជនរងគ្រោះ មានឈ្មោះហ៊ុន ណារី ភេទស្រី អាយុ៣៩ឆ្នាំ មានលំនៅ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ចំណែកស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះទូច លក្ខិណា ភេទស្រី អាយុ៣៩ឆ្នាំ មានលំនៅ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំពោះសម្ភារៈបាត់បង់ រួមមាន ១-ខ្សែកធ្វើអំពើលោហធាតុ ចំនួន៤គ្រឿង។ ២-កងដៃលោហធាតុ ចំនួន១ឈុត។ ៣-ខ្សែដៃលោហធាតុពណ៌លឿង ចំនួន១ខ្សែ។ ៤-ចិញ្ចៀនលោហធាតុពណ៌លឿង ចំនួន២វង់។ សរុបទឹកប្រាក់ចំនួន២៤ម៉ឺនដុល្លារ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០២២ មកដល់ថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះទូច លក្ខិណា បានទាក់ទងជនរងគ្រោះឈ្មោះហ៊ុន ណារី និងប្តីជនរងគ្រោះឈ្មោះយ៉ុម ជំនិត ប្រាប់ថាមានអតិថិជនចង់កុម្មង់ទិញពេជ្រជាច្រើនគ្រាប់ និងគ្រឿងអលង្ការមួយចំនួនពីជនរងគ្រោះ ហើយបានឱ្យកូនចៅមកយកគ្រាប់ពេជ្រ និងគ្រឿងអលង្ការទាំងនោះពីជនរងគ្រោះ ដើម្បីឱ្យអតិថិជនមើលសិន មុននឹងគេទូទាត់ប្រាក់។ ដោយទុកចិត្តជាអ្នកធ្លាប់រកស៊ីជាមួយគ្នាពីមុនមក ជនរងគ្រោះក៏បានប្រគល់គ្រាប់ពេជ្រ និងគ្រឿងអលង្ការ ទៅឱ្យជនសង្ស័យឈ្មោះទូច លក្ខិណា ដើម្បីយកទៅឱ្យអតិថិជនមើល។ ក្រោយមកជនសង្ស័យឈ្មោះ ទូច លក្ខិណា មិនបានយកប្រាក់ដែលបានពីការលក់គ្រាប់ពេជ្រ និងគ្រឿងអលង្ការ មកប្រគល់ឱ្យជនរងគ្រោះនោះទេ ហើយជនរងគ្រោះបានទាមទារគ្រាប់ពេជ្រ និងគ្រឿងអលង្ការពីជនសង្ស័យ ឈ្មោះទូច លក្ខិណា មកវិញ ប៉ុន្តែជនសង្ស័យមិនព្រមប្រគល់មកឱ្យជនរងគ្រោះវិញទេ។ រហូតមកដល់វេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ជនរងគ្រោះបាននាំជនសង្ស័យឈ្មោះទូច លក្ខិណា មកប្រគល់ឱ្យអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកគ្រាប់ពេជ្រនិងគ្រឿងអលង្ការ ពីជនរងគ្រោះប្រាកដមែន។

ស្ត្រីសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES